Connect with us

ព័ត៌មានជាតិ

៦​ តំបន់​ នៅ​សៀមរាប ​ដាក់​ក្នុង​ផែនការអភិវឌ្ឍ​ទេសចរណ៍ឆ្នាំ ២០២១- ២០៣៥

បានផុស

នៅ

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១- ២០៣៥ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់​នាព្រឹកថ្ងៃទី ២០ ខែតុលា ២០២១នេះ ជាមួយសុទិដ្ឋិនិយមថាវិស័យទេសចរណ៍ខេត្តសៀមរាប នឹងវិលទៅរកភាពប្រសើរឡើងវិញ ជាមួយគោលដៅតំបន់ទេសចរណ៍ចំនួន៦ រួមមាន៖

-តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​
-តំបន់ទេសចរណ៍​ជុំវិញ​តំបន់​ការពារប្រាសាទបន្ទាយស្រី​
-តំបន់​បេតិកភណ្ឌ​អង្គរ​
-តំបន់​ទីក្រុង​សៀមរាប​
-តំបន់​បឹង​ទន្លេសាប
-តំបន់​ទីក្រុង​សៀមរាប​ថ្មី (Grand Siem Reap) ក្រោម​ទម្រង់​ជា​តំបន់​ទេសចរណ៍​ពិសេសដែល​មាន​អ្នក​អភិវឌ្ឍ​ក្រោម​ទម្រង់​​ជា PPP ដើម្បីបង្កើនភាពពេញចិត្តនិងភាពទាក់ទាញដល់ភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ (២០២១-២០៣៥) នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាផ្នែកឯកជនរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងនិងភ្ញៀវទេសចរអន្តរជាតិដូចជាការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបរួមជាមួយផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើងពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាសពង្រឹងការគ្រប់គ្រងលំហូរភ្ញៀវក្នុងតំបន់អង្គរតាមគន្លងប្រក្រតីភាពថ្មីនិងការ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទសំដៅចូលរួមស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្តថាការមកដល់ទេសចរអន្តរជាតិរួមចំណែកទាំងការជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងចំណូលដោយ ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍។

តាមការឱ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅ ខេត្តសៀមរាបបានបញ្ជាក់ថា ក្រសួងបានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន ៧ ទី១-ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប, ទី២-ការអភិវឌ្ឍផលិតផល ទេសចរណ៍​ថ្មីៗ, ទី៣-ការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប, ទី៤-ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប,ទី៦-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧-ការពង្រឹងអភិបាលកិច្ចសម្រាប់ ទ្រទ្រង់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបដោយឈរលើអភិក្រមនៃការចូលរួម។

«​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប (២០២១-២០៣៥)» ក៏​នឹង​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ដែល​ចាត់​ទុក «​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​» ក្នុង​ការ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​,ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ និង​ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថានប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាបនិង​តំបន់​ជុំវិញ ដើម្បី​ប្រែ​ក្លាយជា​គោលដៅ​ទេសចរណ៍ប្រកបដោយ​គុណភាព (Alternative Tourism/Quality Destination) មានការ​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ច្បាស់លាស់និង​កាត់​បន្ថយ​ផល​ប៉ះពាល់ ជា​អវិជ្ជមាន​ដល់​តំបន់​អង្គរនិង​ធនធានធម្មជាតិ​ឱ្យ​បានជា​អតិបរមាសំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​ដងពិសេស​ភ្ញៀវ​ទេសចរ​កម្រិត​ខ្ពស់ ដើម្បី​បង្កើន​នូវ​ប្រភព​ចំណូល​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន។

តាម​ការ​ព្យាករណ៍​ក្នុង​ឆ្នាំ ២០៣៥ ទេសចរណ៍​អន្តរជាតិ​នាំ​មក​នូវ​ចំណូល​ចំនួន ៤ ៧៦៥​លាន​ដុល្លារ និង​ទេសចរណ៍​ជាតិនាំ​មក​នូវ​ចំណូល​ចំនួន ១,២៨០​លាន​ដុល្លារ។ ជា​រួម​ចក្ខុវិស័យ​របស់ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥)» គឺ «​ការ​ក្តាប់​យក​មក​វិញ​នូវ​មោទនភាពជា​គោលដៅ​ទេសចរណ៍​ចម្បង​បំផុតរបស់​វិស័យ​ទេសចរណ៍​កម្ពុជានិង​ជា​គោលដៅ​ទេសចរណ៍​ចម្បងក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»។

ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​ខាងលើ​នេះ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប (២០២១-២០៣៥)» បាន​ដាក់​ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៧ រួម​មាន​៖ ១៖ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​អាទិភាព​ខេត្តសៀមរាប​, ២៖ យុទ្ធសាស្ដ្រ​វិនិយោគ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​របៀង​ទេសចរណ៍​ថ្មី​ៗ​ក្នុង​ខេត្តសៀមរាប​, ៣៖ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ និង​កា​រត​ភ្ជាប់​, ៤៖ យុទ្ធសាស្ដ្រ​ពង្រឹងគុណភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​, ៥៖ យុទ្ធសាស្ដ្រ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​ខេត្តសៀមរាប​, ៦៖ យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​កា​រត​ភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​, និង ៧៖ យុទ្ធសាស្ដ្រអភិបាល​​ កិច្ច​សម្រាប់​ទ្រទ្រង់ ការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប (​ក្នុង​នោះ​មាន​យុទ្ធសាស្ត្រ​ចំនួន​៤៦ សកម្មភាព​អនុវត្ត​ចំនួន​១៥១ ដែល​បាន​កំណត់​រយៈពេល​នៃ​ការ​អនុវត្ត រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​)​។

ជាមួយ​ការ​បង្កើត​យន្តការ​ស្ថាប័នអង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Destination Management Organisations – DMO’s) រួម​សម្រាប់​ខេត្តសៀមរាប​ហៅ​ថា«​គណៈ កម្មការ​អភិវឌ្ឍ​ទេសចរណ៍​សៀមរាប​-​អង្គរ​»នឹង​មាន​អង្គភាពគ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក(Sub-DMO’s) អម​គណៈកម្មការ​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​នេះ តាម​តំបន់​ទាំង៦ ដូច​ជា​៖ ១.អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍(Sub-DMO)តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​,២.អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍(Sub-DMO)តំបន់ទេស ចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី​, ៣.អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍(Sub-DMO)តំបន់​បេតិកភណ្ឌ​អង្គរ​, ៤.អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO)តំបន់​ទីក្រុង​សៀមរាប​, ៥.អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍(Sub-DMO) តំបន់​បឹង​ទន្លេសាប, ៦.អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ (Sub-DMO) តំបន់​ទីក្រុង​សៀមរាប​ថ្មី (Grand Siem Reap) ក្រោម​ទម្រង់​ជា​តំបន់​ទេសចរណ៍​ពិសេសដែល​មាន​អ្នក​អភិវឌ្ឍ​ក្រោម​ទម្រង់​ជា PPP ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម