ព័ត៌មានជាតិ
ឧទ្យានជាតិអង្គរ ទទួលបានស្ថានីយ៍ច្រកទឹកថ្មី ដើម្បីឱ្យពលរដ្ឋច្រកទឹកពិសាដោយខ្លួនឯង កាត់បន្ថយប្លាស្ទិក
កាលពីថ្ងៃតី៣០ ខែមិថុនា ឆ្នាំ២០២៥ ខេត្តសៀមរាប ទទួលបានស្ថានីយ៍ច្រកទឹកថ្មី នៅឧទ្យានជាតិអង្គរ និងបានធ្វើកម្មវិធីប្រកាសជាផ្លូវការ អនុវត្តយុទ្ធនាការ «ចូលរួមច្រកទឹកពិសាទាំងអស់គ្នា ដើម្បីសៀមរាបគ្មានប្លាស្ទិក» ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យកដបទឹកច្រកទឹកពិសាដោយខ្លួនឯង ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកកម្ពស់បរិស្ថាន។

យុទ្ធនាការ «ចូលរួមច្រកទឹកពិសាទាំងអស់គ្នា ដើម្បីសៀមរាបគ្មានប្លាស្ទិក» ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈអំពីផលប៉ះពាល់បរិស្ថានបង្កមកពីសំរាមផ្លាស្ទិក លើកកម្ពស់អាកប្បកិរិយាទេសចរណ៍ទទួលខុសត្រូវ និងដាក់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរដែលបៃតងនិងមានចីរភាព។ គម្រោងនេះ ក៏មានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើបានតែម្តង ដោយលើកទឹកចិត្តការផ្លាស់ប្តូរអាកប្បកិរិយារបស់ភ្ញៀវទេសចរ អ្នករស់នៅក្នុងស្រុក អាជីវកម្ម និងអាជ្ញាធរផងដែរ។
ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ និងគម្រោង GIZ AMUSE ស្ថានីយ៍ច្រកទឹកពិសា ៥ទីតាំង ត្រូវបានដំឡើងនៅបរិវេណប្រសាទបន្ទាយស្រី ខ្លោងទ្វារជ័យ និងភ្នំបាក់ខែង។ ជាមួយគ្នានេះ នៅក្នុងក្រុងសៀមរាប មានអាជីវកម្មជាង ៧០កន្លែង រួមមានសណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ បានចូលរួមផ្តល់ទឹកពិសាឥតគិតថ្លៃ (Free refill) ផងដែរ។
នៅក្នុងពិធីបើកនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លើកឡើងថា៖ “ខេត្តសៀមរាប ជាទីក្រុងទេសចរណ៍សម្បូរប្រាង្គប្រាសាទ និងធនធានធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុង១ឆ្នាំ។ ទោះជាយ៉ាងណា តំបន់ទេសចរណ៍ជាច្រើននៅតែពឹងផ្អែកលើប្លាស្ទិកប្រើបានតែម្តង ជាពិសេសដបទឹក ដែលបណ្តាលឲ្យមានកាកសំណល់ និងបំផ្លាញដល់បរិស្ថាន។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយ GIZ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ អង្គការទឹកសម្រាប់កម្ពុជា និងវិស័យឯកជន ដើម្បីតំឡើងស្ថានីយ្យច្រកទឹកពិសា សម្រាប់ភ្ញៀវទេសចរ។ យើងសូមប្រកាសផ្លូវការនូវការចាប់ផ្តើមយុទ្ធនាការ «ចូលរួមច្រកទឹកពិសាទាំងអស់គ្នា ដើម្បីសៀមរាបគ្មានប្លាស្ទិក» ដែលមានគោលបំណងលើកកម្ពស់ការប្រើដបទឹកអាចប្រើម្តងច្រើន និងបន្តការអភិរក្សបរិស្ថាននៅតំបន់ទេសចរណ៍សំខាន់ៗ”។

ចំណែក លោក ហ្វ្រាង យ៉ាត់ខឺ ប្រធានក្រុមអាស៊ាន ប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារGIZ បានចែករំលែកដែលថា ចាប់ពីឆ្នាំ២០១៧ ដែលលោកបានរស់នៅខេត្តសៀមរាប លោកសង្កេតឃើញថា នៅខេត្តសៀមរាបមិនមានជម្រើសសម្រាប់ឱ្យមហាជនជនយកដបទឹកផ្ទាល់ខ្លួន ទៅច្រកទឹកពិសាបានទេ ពោល គឺពេលនោះប្រជាជនត្រូវពិសាទឹកម្តង រួចបោះចោលដប ដែលនាំឱ្យការប្រើប្រាស់ប្លាស្ទិកកើនឡើង។ លោកនិយាយថា ៖ “ខ្ញុំជឿថា មនុស្សជាច្រើនក៏បានជួបប្រទះបញ្ហាដូចគ្នាដែរ ជាពិសេសនៅក្នុងប្រទេសដែលមានអាកាសធាតុក្ដៅបែបនេះ។ ហេតុដូចនេះហើយGIZ និងដៃគូរបស់យើងបានចាប់ផ្ដើមស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ បច្ចុប្បន្ន យើងបានដំឡើងស្ថានីយ៍បំពេញទឹកនៅទីតាំងសំខាន់ៗដូចជា ប្រសាទបន្ទាយស្រី និងតំបន់ឧទ្យានជាតិអង្គរ ចំនួន ៥កន្លែង និងមានអាជីវកម្មក្នុងស្រុកជាង ៧០ កន្លែងកំពុងផ្ដល់សេវាច្រកទឹកពិសាដោយឥតគិតថ្លៃផងដែរ”។

លោកបន្តថា ក្នុងឱកាសនេះ គឺជាពេលវេលាល្អឥតខ្ចោះ ដើម្បីចាប់ផ្ដើមយុទ្ធនាការ «ចូលរួមច្រកទឹកពិសាទាំងអស់គ្នា ដើម្បីសៀមរាបគ្មានប្លាស្ទិក» ។ លោក សង្ឃឹមថា សាធារណជនទាំងអស់ នឹងអាចប្រែក្លាយខេត្តសៀមរាប ទៅជាគំរូឈានមុខគេនៃកន្លែងទេសចរប្រកបដោយនិរន្តរភាព។
សូមជម្រាបថា គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនក្នុងទីក្រុងនៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ត្រូវបានទទួលជំនួយពីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៃសហព័ន្ធអាលឺ្លម៉ង់ និងត្រូវបានអនុវត្តដោយទីភា្នក់ងារសហប្រតិបិត្តការអាល្លឺម៉ង់ (GIZ) ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រសួងបរិស្ថាន។ គម្រោងសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់នេះ មានបំណងកែលម្អគុណភាពបរិស្ថាននៅក្នុងទីក្រុងទេសចរណ៍ខ្នាតតូច និងមធ្យមនៅក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និងការកែច្នៃឡើងវិញប្រកបនិរន្តរភាព៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


