ព័ត៌មានជាតិ
ប្រជាពលរដ្ឋភូមិតាំងបំពង់បន្តរបរប្រពៃណីធ្វើកញ្ច្រែង ចង្អេរពីឫស្សី និងរពាក់ដើម្បីលក់
ប្រជាពលរដ្ឋរស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងប្រមាណ ២០០ គ្រួសារបានបន្តចាប់របរប្រពៃណីដូនតាធ្វើចង្អេរ កញ្ច្រែង ទៅតាមជំនាញនៅតាមផ្ទះលក់ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។
លោក ហ៊ិន វុទ្ធី អាយុ ៣៧ ឆ្នាំ ជាអ្នកធ្វើកញ្ច្រែង ចង្អេរម្នាក់ និងជាអ្នកប្រមូលទិញរបស់ប្រើប្រាស់អំពីឬស្សី រពាក់ និងវល្លិថ្នឹងដឹកលក់តាមរ៉ឺម៉កតាមបណ្ដាខេត្តនានាបាននិយាយឲ្យដឹងថា ក្រៅពីធ្វើស្រែចម្ការ លោកបានចាប់ប្រកបមុខរបរខាងលើនេះរយៈពេលជាង ២ ឆ្នាំហើយ។

ដោយពេលនៅផ្ទះលោកជួយធ្វើកញ្ច្រែងចង្អេរប្រពន្ធនៅពេលយប់ ដោយសារពេលថ្ងៃប្រពន្ធលោកជាប់ធ្វើការងាររោងចក្រ។ ហើយក្រៅពីជួយធ្វើកញ្ច្រែងចង្អេរប្រពន្ធ លោកបានដើរប្រមូលទិញផលិតផល ផលិតអំពីឬស្សី រពាក់ និងវល្លិថ្នឹង របស់អ្នកស្រុកតាមភូមិ ដែលនិយមផលិតរបស់ប្រើប្រាស់ផ្សេងៗគ្នាទៅតាមជំនាញដែលជាប្រពៃណីនេះពីដូនតា មានដូចជាកញ្ជើ ល្អី ចង្អេរ កញ្ច្រែង កន្ត្រងប្រហុក កន្ត្រក ជើងឆ្នាំង និងមួក។

ក្រោយពីទិញរបស់របរខាងលើនេះបានពេញរ៉ឺម៉កម៉ូតូហើយនោះដែលមានដើមទុនប្រមាណជាង៣ លានរៀលលោកក៏បានចេញដឹកលក់តាមបណ្ដាខេត្តនានាក្នុងប្រទេសដោយត្រូវចំណាយពេលលក់ដូរ និងទៅមកចន្លោះពី ១៥ ទៅ ២០ ថ្ងៃទើបលក់អស់ត្រឡប់មកផ្ទះវិញដោយអាចចំណេញបានប្រាក់ក្នុងមួយជើងៗប្រមាណ ១លានរៀល ដើម្បីផ្គត់ផ្គង់ជីវភាព ប៉ុន្តែក្នុងពេលមានវិបត្តិ ជំងឺកូវីដ ជិត ២ ឆ្នាំកន្លងមកនេះលោកមិនបានដើរលក់នោះទេ។

លោក ហ៊ិនវុទ្ធី បានបញ្ជាក់ថា៖ លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងភូមិពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានខ្នះខ្នែងជួយទិញវ៉ាក់សាំង កូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ៤,៥ដូសក្នុងម្នាក់ៗ ដោយឥតគិតថ្លៃ ទើបប្រទេសជាតិយើងទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ បានដោយជោគជ័យ ហើយទើបសម្ដេចប្រកាសបើកប្រទេសឡើងវិញនឹងទើបប្រជាពលរដ្ឋទាំងអស់អាចដំណើការប្រកបមុខរបបចិញ្ចឹមជីវិតបានឡើងវិញផងដែរ។

ដោយឡែក ស្ត្រីឈ្មោះ អឹម យឿនអ្នកប្រកបមុខរបរធ្វើកញ្ច្រែងចង្អេរនៅក្នុងភូមិតាំងបំពង់ក៏បានឱ្យដឹងដែរថា មុខរបរខាងលើនេះមិនអាចធ្វើមានធ្វើបាននោះឡើយ។ ប៉ុន្តែអាចដោះទាល់បានម្ដងម្កាល ដោយអាចយកលុយកាក់ ៥០ ឬ ៦០ម៉ឺន ពីអ្នកទិញដុំមកប្រើប្រាស់បានតាមតម្រូវការ និងទើបធ្វើកញ្ច្រែងចង្អេរ កាត់សងបណ្ដោះឲ្យគេវិញតាមក្រោយ។

ចំពោះការធ្វើកញ្ច្រែង ឬចង្អេរនេះ គិតជាមធ្យមក្នុងមួយថ្ងៃអាចធ្វើបានតែមួយប៉ុណ្ណោះ ដែលអាចលក់ចេញបានក្នុងតម្លៃមួយៗ ៦ ពាន់រៀល ហើយតម្លៃនេះអាចចំណេញបានចន្លោះពី ១ ០០០ ទៅ ១ ៥០០ រៀលតែប៉ុណ្ណោះ ព្រោះវត្ថុធាតុដើមមានឬស្សី ត្រូវទិញគេក្នុង១ដើមពី១ ម៉ឺន ទៅ ១៥ ០០០ រៀល ដើមរំពាក់ដែលត្រូវជាន់ក្តាប់មាត់ចង្អេរកញ្ច្រែងក៏ត្រូវជួលម៉ូតូគេជិះទៅរកនៅទីឆ្ងាយៗ ឬត្រូវទិញពីផងគេដែរ។ ចំពោះមុខរបរនេះរូបគាត់ក៏ដូចជាអ្នកស្រុកនៅ ក្នុងភូមិបានចេះតៗគ្នាតាំងពីដូនតាមក ដោយនៅផ្ទះគ្មានមុខរបរអ្វីធ្វើក៏ចេះតែនាំគ្នាធ្វើៗទៅកុំឲ្យទំនេរដៃទើបផ្ទៃបានឆ្អែត៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


