ព័ត៌មានជាតិ
អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»
អាជ្ញាធរមីនកម្ពុជា បានចេញមកបញ្ជាក់ថា កម្ពុជា មិនបានដាក់មីនថ្មីឡើយ។ ការចេញមកបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា នេះ គឺបន្ទាប់ពីសង្កេតឃើញថា សារព័ត៌មានរបស់ថៃមួយចំនួន រួមមាន The Nation, Bangkok Post, និង Khaosod English បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ថៃ និងចុះផ្សាយអំពី ទាហានថៃបីនាក់ រងគ្រោះថ្នាក់ដោយសារមីន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចកូអរដោនេ WA 220 861 (បញ្ជាក់ដោយភាគីថៃ) ស្ថិតក្នុងតំបន់មុំបី។

អាជ្ញាធរមីនកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយពីសំណាក់ស្ថាប័នព័ត៌មានថៃដែលថា «កម្ពុជាដាក់មីនថ្មី» និងចាត់ការផ្សាយថាកម្ពុជាដាក់មីនថ្មី គឺជាចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតមកលើកម្ពុជា និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចៀសវាងការសន្និដ្ឋាន ឬការចោទ ប្រកាន់ណាមួយ ដោយមិនទាន់ដឹងអំពីការពិត ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ ហើយរក្សាឱ្យបាននូវស្មារតីមិត្តភាព សុវត្ថិភាព និងមិនចោទប្រកាន់គ្នាទៅវិញទៅមក ព្រោះថាសត្រូវពិតប្រាកដរបស់ប្រទេសទាំងអស់គ្នា គឺគ្រាប់មីន។

អាជ្ញាធរមីន អះអាងថា កម្ពុជា ជាប្រទេសធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហេតុនេះ កម្ពុជាថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ការផលិត និងការរក្សាទុកគ្រាប់មីន ហើយក៏សូមចូលរួមសោកស្តាយ ចំពោះរាល់សោកនាដកម្ម ដែលបង្កឡើងដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម មិនថានៅទីណា ឬចំពោះជាតិសាសន៍ណាឡើយ។

អាជ្ញាធរមីនគូសបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្តេជ្ញាចិត្ត ចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ ពិភពលោកមួយដែលគ្មានមីន ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយ អាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។

អាជ្ញាធរមីន ក៏អះអាងថា កម្ពុជា ជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាបទដ្ឋាន និងស្មារតីអនុសញ្ញាយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ថាជារដ្ឋភាគីមួយដែលមានការប្តេជ្ញាខ្ពស់ និងជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទដែលមាន និងបាន រកឃើញ ហើយលើសពីនេះ កម្ពុជាបានធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋភាគីលើកទី១១ នៃ អនុសញ្ញាអូតាវ៉ា និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ឬ «កិច្ចប្រជុំ កំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។ កិច្ចប្រជុំទាំងពីរ ទទួលបានជោគជ័យដ៏ ត្រចះត្រចង់។
សូមជម្រាបជាថ្មីថា នៅថ្ងៃទី១៦ ខែកក្កដា ទាហានថៃ ចំនួន៣នាក់ បានដើរជាន់មីននៅតំបន់មុំបី តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ មេភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង អះអាងថា ទាហានថៃ ក្នុងពេលកំពុងដើរល្បាត គឺជាន់មីននៅលើទឹកដីរបស់ខ្លួនក្នុងខេត្ត Ubon Ratchathani ។ ក្នុងចំណោមទាហាន៣នាក់ដែលរបួស គឺមានម្នាក់របួសធ្ងន់ដោយដាច់ជើងម្ខាងត្រូវវះកាត់ជាបន្ទាន់។ រូបគេមានឈ្មោះ Thanapat Huiwan ចំណែកទាហាន២នាក់ទៀតគឺ Patipat Silasak និង Nattawut Srikhem សុទ្ធតែឈឺទ្រូងនិងហឹងត្រចៀកប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ។
ពាក់ព័ន្ធនឹងឧប្បត្តិហេតុ ទាហានថៃរងគ្រោះដោយសារមីននេះ អាជ្ញាធរមីន អះអាងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងន័យនេះ កម្ពុជា រំពឹងថា រាល់ការសន្និដ្ឋាន ឬការចោទប្រកាន់ណាមួយ ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុនេះ ត្រូវឆ្លងកាត់ការស៊ើបអង្កេតច្បាស់លាស់ មានភស្តុតាងគ្រប់គ្រាន់ មានភាពពិតប្រាកដ ចៀសវាងការប៉ាន់ស្មាន ឬការចោទប្រកាន់ដោយមិន សមហេតុផល និងគ្មានមូលដ្ឋានជាក់លាក់។ កម្ពុជា នឹងនៅតែបន្តឈរលើគោលការណ៍មនុស្សធម៌ និង ការគោរពរវាងគ្នានិងគ្នា ហើយជាមួយគ្នានេះ កម្ពុជានៅតែបន្តគោរពតាមអនុស្សរណៈនៃការយោគយល់ គ្នាឆ្នាំ២០០០ ក្នុងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅតែប្រកាន់គោលការណ៍ ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


