ព័ត៌មានជាតិ
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ចំណាយថវិកាសាងសង់ជាង ៣លានដុល្លារ គ្រោងបើកដំណើរការឆ្នាំ ២០២៤
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ដែលជាសាលាបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដំបូងគេបង្អស់នៅតំបន់ឆ្នេរសមុទ្រ មានលទ្ធភាពអាចទទួលបណ្ដុះបណ្ដាលសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍រហូតដល់ ៣០០នាក់ក្នុងមួយឆ្នាំ។

លោក ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានលើកឡើងថា កាសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុអាចនឹងរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០២៤ខាងមុខ ដោយសាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា២០២៤- ២០២៥ ចំនួនប្រមាណ ២០០នាក់ ជាមួយកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ៤ផ្នែកសំខាន់ៗ រួមមាន ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍, ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ផ្នែកសេវាកម្មធ្វើដំណើរ, ផ្នែកសេវាកម្មទេសចរណ៍ ស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។ ទន្ទឹមនេះ សាលាក៏នឹងផ្ដល់ឱកាសដល់សិស្ស-និស្សិតដែលរស់នៅខេត្តក្នុងតំបន់ឆ្នេរសមុទ្រ (ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង) និងបណ្ដាខេត្តផ្សេងៗទៀតមកទទួលការបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដារ ជាមួយសម្បទានទ្រទ្រង់ការបណ្ដុះបណ្ដាលគ្រប់គ្រាន់ និងប្រកបដោយគុណភាពដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ ទេសចរណ៍ឱ្យឆ្លើយតបទៅនឹងការរីកចម្រើនវិស័យ ទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជាផងដែរ។

គួរជម្រាបថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ មានអគារចំនួន១ ផ្នែកខាងមុខមានកម្ពស់ ១ជាន់ និងខាងក្រោយមាន ៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូសម្រាប់សេវាកម្ម សណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរទេសចរណ៍ បណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត និងប្រព័ន្ធការពារហានិភ័យតំបន់បៃតងជាដើម។

ស្របជាមួយគ្នានេះ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេមានចំនួន ២ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយចំណាយថវិកាសរុបចំនួន ១១លានអឺរ៉ូ ឬស្មើនឹងជាង ១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ គឺគ្រោងចំណាយថវិកាសាងសង់ជាង ៣លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


