ព័ត៌មានជាតិ
រមណីយដ្ឋានប្រាសាទខ្មែរចំនួន ៤ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
តំបន់រមណីយដ្ឋានប្រាសាទរបស់កម្ពុជាដែលជាសម្បត្តិវប្បធម៌រូបីចំនួន ៤ ហើយ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ។
១. តំបន់អង្គរវត្ត៖ ក្រុមប្រាសាទអង្គរនៅខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។
ប្រាសាទអង្គរវត្តជាប្រាសាទដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃអច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុង ស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ជាប់ក្នុងកំណត់ត្រាពិភពលោក (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥។

២. ប្រាសាទព្រះវិហារ៖ ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
កាលពីថ្ងៃទី ១៥ ខែមិថុនា គឺជាខួប ៦១ ឆ្នាំ នៃថ្ងៃដែលតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចប្រគល់ប្រាសាទព្រះវិហារឲ្យមកប្រទេសកម្ពុជាគ្រប់គ្រងវិញ ក្រោយពីបារាំងប្រគល់ឲ្យថៃកាន់កាប់។
ប្រាសាទព្រះវិហារបានស្ថិតនៅក្នុងការគ្រប់គ្រងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាវិញ ដោយសារព្រះរាជសកម្មភាពទាមទារយកប្រាសាទព្រះវិហារពីថៃមកវិញ របស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។
ប្រាសាទព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។
សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។

៣. ប្រាសាទសំបូរព្រៃគុក៖ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។ ប្រាសាទនេះសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា។
រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។

៤. ប្រាសាទកោះកេរ៖ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តាមរយៈកិច្ចប្រជុំរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត គណ:កម្មាធិការបេតិកភណ្ឌពិភពលោកបានអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
រមណីយដ្ឋានប្រាសាទកោះកេរ បង្ហាញនូវចំណុចគួបប្រសព្វ រវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្បាច់ចម្លាក់បដិមាកើតចេញពីការបញ្ចូលគ្នានៃនិមិត្តរូបសាសនា និងសិល្បៈរបស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។
រមណីយដ្ឋានកោះកេរគឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អាគារធំៗ និងការឆ្លាក់ក្បាច់ និងបដិមា៕

សូមជម្រាបផងដែរថា ក្រៅតែពីតំបន់ប្រាសាទ នៅមានសម្បត្តិបេតកភណ្ឌផ្សេងទៀតរបស់កម្ពុជាដូចជា របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង និងល្ខោនខោលវត្តស្វាយអណ្ដែត៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ