ព័ត៌មានជាតិ
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី សាទរខួប៧ឆ្នាំតំបន់ប្រាសាទសំបូរព្រៃគុកចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២៤នេះ គឺជាខួប៧ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអបអរសាទរខួបជាប្រវត្តិសាស្រ្ត៧ឆ្នាំនៃតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៤)។

តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ដែលជាបេតិកភណ្ឌទី៣ នៅក្នុងចំណោមបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់កម្ពុជាចំនួន៤ ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ រួមមាន តំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ។
នៅក្នុងឱកាសខួប៧ឆ្នាំនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្តែងនូវហឫទ័យសោមនស្សរីករាយ និងបានចូលរួមអបអរសាទរ ហើយកោតសរសើរចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោកឱ្យបានស្ថិតស្ថេរ គង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរាជតម្រិះព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។

ព្រះមហាក្សត្រ ក៏បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល និងបន្តបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបានធ្វើឱ្យកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ជាកេរដំណែលដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត។
ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានថ្លែងនូវអំណរគុណ និងការគាំទ្រជាខ្លាំងចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក និងការថែទាំបន្ត ដោយ សហប្រធាន ជាតំណាងប្រទេសបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់។

ចំណែក សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសារអបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១.ក្រុមប្រាសាទសំបូរ (ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកថា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


