Connect with us

ព័ត៌មានជាតិ

ពុទ្ធិកសាកលវិទ្យាល័យចំនួន៣ បានក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា

បានផុស

នៅ

វិស័យពុទ្ធិកសិក្សា បានរួមចំណែកដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ដោយបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា។ ក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យចំនួន ៣ បានក្លាយជាឆ្អឹងខ្នងយ៉ាងសំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានសាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សរុបចំនួន៥២៩សាលានៅទូទាំងប្រទេស និងមានពុទ្ធិកសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា ជាអាទិ៍ ពុទ្ធិកបឋមសិក្សា មានចំនួន៩៥០សាលា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៣៨សាលា និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន១៤សាលា។

ចំពោះពុទ្ធិកសាកលវិទ្យាល័យចំនួន៣ ដែលមាននៅកម្ពុជាបច្ចុប្បន្ន គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន២សាខាបន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រែក្លាយឈ្មោះពីពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាននៅ៣ទីតាំង គឺនៅរាជធានីភ្នំពេញ សាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានក្លាយថ្នាលបណ្តុះបណ្ដាលធនធានព្រះសង្ឃ និងកុលបុត្រខ្មែរដ៏មានប្រសិទ្ធភាពនៅក្នុងសង្គមខ្មែរ ដែល​ធនធានទាំងនេះ​អាច​បម្រើឱ្យ​វិ​ស័យ​ពុទ្ធ​ចក្រ និងអាណាចក្រប្រកបដោយប្រសិទ្ធភាព និងជាកម្លាំងចលករដ៏​សំខាន់ក្នុងការ​កសាងអភិវឌ្ឍ​សង្គម​។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៤ពុទ្ធិកមហាវិទ្យាល័យ គឺ១.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ២.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ៣.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ និង៤.ពុទ្ធិកមហាវិទ្យា ល័យបាលី-សំស្ត្រឹត និងភាសាបរទេស។

សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ ២០០៥ មកម្លេះ ដោយការប្រោសព្រះរាជទានព្រះរាជនាមពីព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា។ រហូតដល់ឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបង្កើតទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។

សព្វថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហាវិទ្យាល័យ៤ គឺ១.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ ២.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ ៣.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ត្រឹត និងភាសាបរទេស និង៤.ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា។

ដោយឡែក ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដែលដំបូងឡើយមានឈ្មោះថា សាខាពុទិ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ចាម។ ដោយមានចំនួនសមណនិស្សិត-និស្សិត ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបនៅឆ្នាំ២០១១ ត្រូវបានបង្កើតទៅជាពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមអនុក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានសម្ភារៈ ឧបទេសបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយក្រមសីលធម៏ សុជីវធម៌ គុណធម៌ គុណភាព ឧត្តមគតិ និងមនសិការខ្ពស់។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានពង្រឹងនូវសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌ លើវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ និងទំនាក់ទំនងជាមួយសាកវិទ្យាល័យ អង្គការ ស្ថាប័ននានា ក្នុងការបញ្ជូននិស្សិត-សមណនិស្សិតទៅបន្តការសិក្សា ទស្សនកិច្ចសិក្សា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន​ និងទៅអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម