Connect with us

ព័ត៌មានជាតិ

ជាង ២ ខែ យុវជនក្រីក្រ និងងាយរងហានិភ័យ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ជិត ៣ ម៉ឺននាក់

បានផុស

នៅ

រយៈពេល​ជាង ២ ខែ មកនេះ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ ប្រមាណ​ជិត ៣ ម៉ឺន​នាក់ ក្នុង​នោះ​មាន​ជិត ២ ម៉ឺន​នាក់ កំពុង​សិក្សា​នៅ​តាម​សាលា​បណ្ដុះបណ្ដាល​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ មករា នេះ​ថា ចាប់ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៤ នេះ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ បាន​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ​ចំនួន ២៧ ០៩៨ នាក់ (ស្រី ៩ ៣៧២ នាក់) ក្នុង​នោះ រាជធានី​ភ្នំពេញ​ចំនួន ១០ ១១៣ នាក់ (ស្រី ៣ ៣៣៤ នាក់), បាត់ដំបង ៣ ៣៦៩ នាក់ (ស្រី ១ ៤៣២ នាក់), សៀមរាប ១ ៩១៩ នាក់ (ស្រី ៥២៦ នាក់), ព្រះសីហនុ ១ ០៧៩ នាក់ (ស្រី ៣៧៨ នាក់), កណ្ដាល ៩៦៧ នាក់ (ស្រី ២៤៥ នាក់), និង​បណ្ដា​ខេត្ត​ផ្សេងៗ ចំនួន ៩ ៦៥១ នាក់ (ស្រី ៣ ៤៥៧ នាក់)។

ក្នុង​នោះ វិស័យ​សំណង់​មាន​ចំនួន ៤ ៣៤៣ នាក់ (ស្រី ៦៦៦ នាក់), អគ្គិសនី និង​ថាមពល ៥៣៤ នាក់ (ស្រី ៥២ នាក់), អេឡិចត្រូនិក ៤៧៤ នាក់ (ស្រី ៨៩ នាក់​), កម្មន្តសាល ២២៦ នាក់ (ស្រី ៣២ នាក់​), មេកានិច​ទូទៅ​/​មេកានិច​រថយន្ត ៤ ០៩៥ នាក់ (ស្រី ១៦៦ នាក់​), ធុរកិច្ច និង​ព័ត៌មានវិទ្យា ៨ ៦២៧ នាក់ (​ស្រី ៤ ៥៣៣ នាក់​) , សេវាកម្ម ១ ៥៩៩ នាក់ (​ស្រី ១ ៣២០ នាក់​), បរិក្ខារ​ត្រជាក់ និង​កម្តៅ ៤ ១៥២ នាក់ (​ស្រី ១៣៣ នាក់​), ទេសចរ ១ ៧៨៥ នាក់ (ស្រី ១ ៣៨៣ នាក់), និង​កសិកម្ម និង​កសិ​-​ឧស្សាហកម្ម ១ ២៦៣ នាក់ (​ស្រី ៩៩៨ នាក់​)។

លោក​បាន​បន្ត​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ប្រមាណ ១ លាន ៥ សែន​នាក់ របស់​រាជរដ្ឋាភិបាល បាន​បើក​វគ្គ​ជា​លើកដំបូង នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ រហូតមកដល់​ថ្ងៃ​ទី ២៩ មករា​នេះ ក្រសួង បើក​វគ្គ​បាន​ចំនួន ៦៧៣ ថ្នាក់ ដែល​ក្នុង​នោះ វិស័យ​សំណង់ ១៨៩ ថ្នាក់ អគ្គិសនី និង​ថាមពល ១៤ , អេឡិចត្រូនិក​ចំនួន ៤១ ថ្នាក់​, កម្មន្តសាល​ចំនួន ៥៣ ថ្នាក់​, មេកានិក​ទូទៅ​/​មេកានិក​រថយន្ត ចំនួន ១០៤ ថ្នាក់​, ធុរកិច្ច និង​ព័ត៌មានវិទ្យា ១០១ ថ្នាក់​, សេវាកម្ម​ចំនួន ៣២ ថ្នាក់​, បរិក្ខារ​ត្រជាក់ និង​កម្តៅ ចំនួន ៦០ ថ្នាក់ ទេសចរណ៍​ចំនួន ៤១ ថ្នាក់​, និង កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ចំនួន ៣៨ ថ្នាក់ ដែល​មាន​សិស្ស​ចូលរៀន​សរុប ១៩ ៨០៦ នាក់ (​ស្រី ៧ ០៧៤ នាក់​) បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។

លោក កត្តា អ៊ន បាន​ជំរុញ​ឱ្យ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បន្ត​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជា​បន្តបន្ទាប់​ទៀត ដើម្បី​ទទួល​បាន​នូវ​ជំនាញ​មួយ​ច្បាស់​លាស់​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ និង​ក្រុម​គ្រួសារ។

លោក កត្តា អ៊ន បាន​បន្ថែម​ថា ការ​ចុះ​ឈ្មោះ​ចូល​រៀន មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ ហើយ​ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​ចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ។

លោក​បាន​បញ្ជាក់​ថា យុវជន​អាច​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​តាម​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​ក្រសួង​ការងារ ឬ​តាមរយៈ​TVET1.5M ដោយ​អាច​ទាញ​យក​កម្មវិធី​នេះ​ពី APPSTORE (IOS) និង​PlayStore និង​ពី APPGallery ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម