ព័ត៌មានជាតិ
មន្រ្តីកសិកម្មខេត្តបាត់ដំបងអះអាងឆ្នាំនេះសេសសល់សាច់ត្រីជាង ១៣ ពាន់តោន
សាច់ត្រីក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះបើធៀបឆ្នាំមុនមានការថយចុះបន្តិចសម្រាប់ត្រីធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ។
ក្នុងនោះត្រីកំភ្លាញ និងត្រីសសម្រាប់ការផ្គត់ផ្គង់ធ្វើប្រហុកនិងត្រីឆ្អើរមិនមានការខ្វះខាតនោះទេ បានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តបើទោះបីមិនសេសសល់ច្រើនក្នុងការនាំចេញដូចឆ្នាំកន្លងទៅក្តី។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានឲ្យដឹងថា ការថយចុះសាច់ត្រីបន្តិចបន្តួចក្នុងឆ្នាំនេះ ដោយសារតែកំណើនអ្នកចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោនៅបឹងទន្លេសាបកើនឡើង ៣ ដងបើធៀបឆ្នាំមុន ទើបធ្វើឲ្យត្រីសម្រាប់ធ្វើប្រហុក និង ត្រីឆ្អើ មានការថយចុះជាងឆ្នាំមុនបន្តិច។


លោកបន្តថា កត្តាដែលធ្វើឲ្យប្រហុក និង ត្រីឆ្អើ មិនបានសល់ច្រើនគឺប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានយកត្រី កំភ្លៀញ និងត្រីស ដែលពួកគាត់នេសាទបានយកទៅលក់ឲ្យអ្នកចិញ្ចឹមត្រី រ៉ស់ និងត្រីឆ្ដោ ដើម្បីធ្វើជាចំណីមួយផ្នែក ហើយមួយផ្នែកទៀតធ្វើ ប្រហុក និង ត្រីឆ្អើ សម្រាប់ទុកជាស្បៀង។
យ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ បានលើកឡើងថា បទល្មើសនេសាទកើតឡើងច្រើន ក្រុមឈ្មួញប្រើឧបករណ៍ខុសច្បាប់ ដាក់ស្ទាក់ចាប់ស្ទើរគ្មានសល់។ ពលរដ្ឋថា កុំថាឡើយមានប្រហុកនិងត្រីឆ្អើសម្រាប់លក់ សូម្បីតែទុកសម្រាប់ផ្គត់ផ្គង់គ្រួសារមិនចង់គ្រប់គ្រាន់ផង។
អ្នកស្រី ហ៊ុំ ស្រី រស់នៅព្រែកទាល់ ឃុំកោះជីវាំង បានលើកឡើងថា “ក្រុមប្រជានេសាទដូចពួកខ្ញុំ ពឹងទៅលើឧបករណ៍លួង ឬលបដើម្បីយកទៅដាក់យកត្រីសម្រាប់ដោះស្រាយជីវភាព តែពេលនេះរកតែត្រីសម្រាប់បរិភោគមិនចង់គ្រប់ផង ដោយសារតែក្រុមឈ្មួញប្រើឧបករណ៍ធំៗ ដូចជា បរណ រ៉ាវ និងឧបករណ៍ខុសច្បាប់ផ្សេងទៀត ដែលមានប្រវែងរាប់សិបគីឡូម៉ែត្រ បានចាប់បំផ្លាញគ្មានសល់ទាំងអាតូចទាំងអាត្រីធំ”។
ពលរដ្ឋមួយរូបទៀតឈ្មោះ ហេង ចំប៉ី រស់នៅក្នុងភូមិឃុំជាមួយគ្នាខាងលើបានលើកឡើងថា “ខ្ញុំគិតថាឈ្មួញដែលចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្នោ អាចធ្វើឲ្យហិនហោចត្រីសម្រាប់ធ្វើ ប្រហុក និងត្រីឆ្អើ ទៅវិញទេ។ បើតាមគំនិតពួកខ្ញុំ គួរកុំចិញ្ចឹមច្រើនពេក ឬរកវិធីប្រើប្រាស់ចំណីផ្សេង បើមិនដូច្នោះប្រយោជន៍ត្រីធំបានទៅឈ្មួញ តែត្រីតូចត្រូវហិនហោច”។
បើទោះបីបែបណា លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងទទួលបន្ទុកផ្នែកស្ថិតិបានឲ្យដឹងថា សាច់ត្រីឆ្នាំនេះបានប្រហាក់ប្រហែលឆ្នាំមុន តែកម្រិតដែលសេសសល់ក្រៅពីការផ្គត់ផ្គង់មានការថយចុះជាងឆ្នាំមុនខ្លះៗ។
លោកបន្តថា បើតាមមន្រ្តីជំនាញធ្វើការគណនាដោយយកចិត្តទុកដាក់ កាលពីដើមឆ្នាំ២០២៤ រកឃើញថា សាច់ត្រីឆ្នាំនេះផលិតបាន ៧១ ៨៣០ តោន បានទ្រទ្រង់លើប្រជាពលរដ្ឋក្នុងខេត្តសរុប ១ ១១១ ៥៦១ នាក់ អស់ចំនួន ៥៨ ៣៥៧តោន និងនៅសេសសល់ចំនួន ១៣ ៤៧៣ តោន សម្រាប់នាំចេញក្នុងស្រុកឬក្រៅស្រុក៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


