Connect with us

ព័ត៌មានជាតិ

កសិករអះអាងថា​ បិទទីផ្សារ​ថៃ ​តែ​ដំឡូងមីនៅតែ​មាន​តម្រូវការ​ក្នុងស្រុក​​​ ឈ្មួញបន្តទិញ​កែច្នៃ​ជា​ចំណី​សត្វ​

បានផុស

នៅ

កសិករ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​បាន​អះអាង​ថា បច្ចុប្បន្ន​នេះក្រោយ​ថៃប្រកាស​​បិទ​ព្រំដែន​មិនប៉ះពាល់​ដល់​ការ​លក់​ផល​ដំឡូងមី ដោយសារ​មាន​តម្រូវការ​ក្នុងស្រុកដើម្បី​យកទៅកែច្នៃ​ជា​ចំណីសត្វ​ ខណៈឈ្មួញ​ក៏​នៅតែ​បន្ត​​ទិញ​ចូល​ជាធម្មតា។

អ្នកស្រី សុខ ឃឿន រស់នៅភូមិទួល ឃុំចែងមានជ័យ ស្រុកបាណន់ បានប្រាប់កម្ពុជាថ្មីថា​ រឿងទីផ្សារដំឡូងមីឆ្នាំនេះ សម្រាប់អ្នកស្រីក៏ដូចជាអ្នកភូមិ មិនមានការបារម្ភ​អ្វីនោះទេ បើទោះបីមានបញ្ហាខ្លះៗនៅតាមច្រកព្រំដែនខ្មែរ-ថៃក៏ដោយចុះ។

អ្នកស្រីបន្តថា “មើមដំឡូងមីក៏មានទីផ្សារក្នុងស្រុកយើងដែរ។ គេទទួលទិញកែច្នៃជាចំណីសត្វចិញ្ចឹមក្នុងស្រុក ហើយខាង​សាយ​ឡូក៏គេបានប្រាប់ខ្ញុំថា នៅតែទទួលទិញធម្មតាដដែល ហើយតម្លៃក៏អាស្រ័យលើគុណភាពមើម គឺមិនមានទម្លាក់តម្លៃ​នោះទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការ​ដាំដុះដំណាំដំឡូងមី កសិករ​រូបនេះ​មានការ​បារម្ភ​ដោយសាររ​ខ្វះខាតទឹក។ ក្នុង​រយៈពេល​ប្រហែល ២ សប្តាហ៍នេះ ដើមដំឡូងចុះខ្សោយជាបន្តបន្ទាប់ ហើយមានដើមខ្លះក៏ស្វិតខូចតែម្តង ខណះដែលតំបន់អ្នកស្រី​រស់នៅ​មិនមានប្រភពទឹកដើម្បី​ទាញ​យកមកជួយសង្គ្រោះបាន។ កសិករ​រូបនេះបន្ត​ថា បើសិនជានៅ ថ្ងៃ​ទី​១១-១២ ខែកក្កដានេះ មិនមានភ្លៀងធ្លាក់ដល់នោះទេ ភាគរយក្នុងការខូចខាតកាន់តែធ្ងន់ធ្ងរថែម​ទៀត​ ហើយការខាតបង់ចំណូលសេដ្ឋកិច្ចគ្រួសារក៏ប្រឈមនោះ​ដែរ។

ក្នុងសកម្មភាពកំពុងសំអាតស្មៅដំឡូង អ្នកស្រី សុខ ឃឿន បាន​ឲ្យ​ដឹង​ថា ជីវភាពគ្រួសារអ្នកស្រីរំពឹងលើផលដំណាំដំឡូងមីជាច្រើនឆ្នាំមក​ហើយ ដែលអ្នកស្រីបានធ្វើការដាំដុះជាមុខរបរលក្ខណះគ្រួសារ គ្រាន់បានទ្រទ្រង់ជីវភាពគ្រួសារប្រចាំរដូវកាល បើទោះមិនសល់ជាដុំកំភូនយ៉ាងណាក៏ដោយ។

ផលកសិកម្ម​របស់កសិករដូចជា​ពោត ដំឡូងមី ​បាន​រងផលប៉ះពាល់ដោយសារ​ការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃ ដ្បិតកន្លងទៅមួយផ្នែកធំនៃកសិផលរបស់កសិករ​តាម​បណ្តាខេត្តស្រុក​ជាប់ព្រំដែនថៃ​មាន​ដូចជា​ភ្នំព្រឹក សំពៅលូន កំរៀង​ ជាដើម ត្រូវពឹងផ្អែកលើការនាំចេញទៅទីផ្សារ​ប្រទេស​ថៃ។

ខណៈ​ការ​បន្ត​បិទ​ព្រំដែន​រវាង​កម្ពុជា​ថៃ បង្ក​ការ​រាំងស្ទះ​ក្នុង​ការ​នាំ​ចេញ​ផល​កសិកម្ម​របស់​កសិករ​ ជាពិសេស​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី កំពុង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ចុះ​ជួយ​ទិញ​ផល​កសិកម្ម​របស់​កសិករ​ ដើម្បី​កែច្នៃ​ជា​ចំណី​សត្វ​ជាការ​សម្រួល​បន្ទុក​ការ​ចំណាយ និង​កាត់បន្ថយ​ការ​លំបាក​របស់​កសិករ។

ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច និង​នវានុវត្តន៍​ដែល​រៀបចំ​ឡើង​កាលពី​ពេលថ្មីៗនេះ ​អ្នកឧកញ៉ា​ ម៉ុង ឫទ្ធី បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​របស់អ្នកឧកញ៉ា​កំពុង​ស្វែង​រក​គ្រប់​មធ្យោបាយ​ ចុះ​ទៅ​​ប្រមូល​ទិញ​កសិផលរបស់កសិករ​តាម​​ខេត្ត​ជាប់ព្រំដែន​ថៃ​ ដើម្បី​កែច្នៃជា​ចំណី​សត្វ​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក។

បើតាម​អ្នកជំនួញកសិកម្ម​រូបនេះ​បានអះអាង​ថា កន្លង​ទៅ​កម្ពុជា​បាន​នាំ​ចេញ​ផល​កសិកម្ម​ទៅ​ក្រៅ​ប្រទេស ហើយ​​ត្រូវ​បាន​កែច្នៃ​ជា​ចំណី​សត្វ​នាំ​ចូល​មក​លក់​ក្នុង​ស្រុក​វិញ​​ក្នុង​តម្លៃ​មួយ​ខ្ពស់ ដែល​នាំ​ការខាតបង់​​ដល់​សេដ្ឋកិច្ច​យ៉ាង​ច្រើន។​

ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​អ្នក​ឧកញ៉ា​ដែលជា​​សេដ្ឋី​​កសិកម្ម​ដ៏​លេចធ្លោ​​ជំរុញ​ឲ្យ​វិស័យ​ឯកជន និង​រដ្ឋ​ត្រូវ​រួម​គ្នា​ជួយ​កសិករ ហើយ​លោក​រំពឹង​ថា​តាម​រយៈ​ការ​ចូលរួម​ពី​គ្រប់​​ផ្នែក​​ពាក់ព័ន្ធ​នឹង​ជម្នះ​វិបត្តិ​នៅ​ពេល​នេះ​បាន។

បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង គិតមកដល់ពេលនេះផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបង មិនមានបញ្ហាប្រឈមអ្វីមួយនោះទេ ទាំងការផលិតទាំងការចែកចាយ។ មិនតែប៉ុណ្ណោះកសិករក៏សប្បាយចិត្តការលក់ដូរបានយ៉ាងប្រសើរទៀត​ផង ដូចជាបន្លែ ត្រីសាច់ ជាដើម៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម