ប្រទេសកម្ពុជា បានប្ដេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្ធំ ឬហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់នៅដំណាច់ឆ្នាំ២០២៣ ខាងមុខ។
ថ្លែងនៅក្នុងពិធីដាក់ឲ្យដំណើរការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០‑ ២០ ២៣ នាថ្ងៃទី៣ ខែវិច្ឆិកា នៅខេត្តកំពង់ស្ពឺ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំថា ដើម្បីសម្រេចឲ្យបានតាមផែនការនេះ មន្ត្រីពាក់ព័ន្ធត្រូវផ្ដោតការយកចិត្តទុកដាក់ការងារនេះ ទៅលើគោលដៅប្រជាជនចេញចូលតំបន់ប្រឈមជំងឺគ្រុនចាញ់ រួមមាន ៖ អ្នកប្រកបរបរអនុផលព្រៃភ្នំ អ្នកទៅបោះជំរំ នៅតាមព្រៃភ្នំ ឬអ្នកដើរកម្សាន្ត ក្នុងព្រៃភ្នំជាដើម ដែលមានហានិភ័យ ក្នុងការចម្លងជំងឺគ្រុនចាញ់។
ជាមួយគ្នានេះដែរ ត្រូវកំណត់មុខសញ្ញាបុគ្គលតាមភូមិ កំពុងមានករណីជំងឺគ្រុនចាញ់នឹងប្រជាជនគោលដៅដែលនឹងទៅកាន់តំបន់ប្រឈមជំងឺគ្រុនចាញ់ ក្រោមកិច្ចសហការនិងសម្របសម្រួលដោយក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ តាមខេត្តស្រុកពិសេសអាជ្ញាធរមូលដ្ឋាន។

លោករដ្ឋមន្ត្រី បានលើកឡើងថា ជាងនេះទៀតត្រូវជំរុញនិងការគាំទ្រពីគ្រប់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានដល់អ្នកស្ម័គ្រចិត្តភូមិនិងចល័តព្យាបាលជំងឺគ្រុនចាញ់ ដែលបានកំណត់ច្បាស់លាស់បំពេញការងារលុបបំបាត់ជំងឺគ្រុនចាញ់តាមភូមិសាស្ត្ររួមទាំងការលើកទឹកចិត្ត និងសម្របសម្រួលការងារសុវត្ថិភាពនៃការធ្វើដំណើរនិងទប់ស្កាត់អំពើរំលោភបំពាន ដោយយថាហេតុជាដើម ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានមានប្រសាសន៍យោងតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ២០២០ គឺត្រូវយ៉ាងណាឲ្យអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទាបជាងអត្រា ១.០៥ ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងឲ្យមកនៅសូន្យករណី នាដំណាច់ឆ្នាំ២០២៣ ខណៈ៩ខែ ឆ្នាំ២០២០ អត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទូទាំងប្រទេស មានចំនួន ៧៥៤ករណី គឺអត្រាស្មើនឹង ០.០៧ ក្នុងចំណោមប្រជាជន ១,០០០នាក់ ដែលជាតួលេខមួយកំពុងស្ថិត នៅក្នុងលទ្ធផលជោគជ័យ បើប្រៀបទៅនឹងសូចនាករ គ្រោងទុកឆ្នាំ២០២០ ត្រឹម ១.០៥។
លោកវេជ្ជបណ្ឌិត បានបន្តថា ខេត្តដែលនៅមានអត្រាជំងឺនេះខ្ពស់ រួមមាន ខេត្តកំពង់ស្ពឺ (អត្រា ០.៤៩), ខេត្តមណ្ឌលគិរី (អត្រា ០.៧៣), ខេត្តរតនគិរី (អត្រា ០.៤៦) និងខេត្តស្ទឹងត្រែង (អត្រា ០.៣៦)៕
អត្ថបទ ៖ សំអឿន