ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាសម្រេចឱ្យបានគោលដៅគ្មានជំងឺគ្រុនចាញ់ មុនដាច់ឆ្នាំនេះ
យកឱកាសនៃទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្ពុជាប្រកាសពីការប្ដេជ្ញាចិត្តសម្រេចឱ្យបានជោគជ័យនូវគោលដៅរបស់ខ្លួនជាប្រទេសគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ។ ដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់នេះ ទាមទារឱ្យមានការលើកទឹកចិត្ត និងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវឱ្យមានវិធីសាស្ត្រ ឬគំនិតច្នៃប្រឌិតថ្មីៗពីគ្រប់មជ្ឈដ្ឋាន ដើម្បីឈានឆ្ពោះទៅសម្រេចដោយជោគជ័យ។ នេះជាសារលើកឡើងរបស់ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។

តាមរយៈសារលិខិតអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលកម្ពុជា ត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។

បើតាមសម្ដេចធិបតី តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ កម្ពុជាបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់ ជាអាទិ៍ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ ហើយឆ្នាំ២០២៤នោះទៀតសោត កម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ផ្អែកលើលទ្ធផលនេះ កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុតក៏ពិតមែន ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ ក៏ត្រូវតែបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស។

សម្ដេចធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធគ្រប់កម្រិតទាំងអស់នឹងបន្តគាំទ្រ និងចូលរួមសហការអនុវត្តឱ្យអស់ពីលទ្ធភាពដែលខ្លួនកំពុងមាន ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ តទៅ ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


