កីឡា
នយោបាយនីយកម្មកីឡារបស់លោកខាងលិច និងលក្ខណៈពិតប្រាកដរបស់កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ២០២២
កីឡាអូឡាំពិករដូវរងាក្នុងឆ្នាំ ២០២២ ដែលជាទូទៅត្រូវបានគេស្គាល់ថាជា កីឡាអូឡាំពិកទីក្រុង ប៉េកាំង ឆ្នាំ ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ដែលជាទីក្រុងដំបូងបំផុតក្នុងប្រវិត្តសាស្ត្រ បានក្លាយជាម្ចាស់ផ្ទះទទួលស្វាគមន៍ការប្រារព្ធកីឡាអូឡាំពិក រដូវរងារផង និងរដូវក្តៅផង។

ទីក្រុងប៉េកាំងបានចំណាយថវិការសរុបចំនួន ៣,៩ ពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីត្រៀមរៀបចំប្រារព្ធកីឡាអូឡាំពិករដូវរងាមួយនេះ។ ដើម្បីឆ្លើយតប និងការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលប្រកួតកីឡានេះ ប្រទេសចិនបានចាត់វិធានការការពារការឆ្លងជំងឺកូវីដ-១៩ យ៉ាងហ្មត់ចត់ ហើយមានលក្ខណៈតឹងរឹងជាងវិធានការនៅព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូប្រទេសជប៉ុនទៅទៀត។ ជាក់ស្តែងអត្រាឆ្លង និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនមានអត្រាទាបជាងប្រទេសដទៃទៀតជាច្រើន ជាពិសេសសហរដ្ឋអាមេរិក។ វិធានការរឹតបន្តឹងថ្មីបន្ថែមពីលើគោលនយោបាយពង្រឹង គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ដែលមានស្រាប់ នឹងជួយឱ្យប្រទេសចិនមានលទ្ធភាពខ្ពស់ក្នុងការការពារ និងបង្កើតបរិយាកាសសមរម្យ និងសុវត្ថិភាពចៀសផុតពីជំងឺកូវីដ-១៩ ជូនដល់អត្តពលករ និងគណៈប្រតិភូទាំងអស់ ក្នុងអំឡុងពេលស្នាក់នៅ និងពេលចូលរួមប្រកួតកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ ២០២២ នេះ។
ជាអកុសល សហរដ្ឋអាមេរិកបែរជាដឹកនាំបង្កើតឱ្យមានការធ្វើពហិការការទូតប្រឆាំងនឹងព្រឹត្តការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកំាងឆ្នាំ ២០២២ ទៅវិញ។ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និង កាណាដា គឺជាប្រទេសធំៗបួន ក្នុងចំណោមបណ្តាជាង ២០ ប្រទេស ដែលបានធ្វើពហិការមិនចុះហត្ថលេខាទទួលស្គាល់សេចក្តីសម្រេចកីឡាអូឡាំពិករដូវរងាក្នុងឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង។ ក្នុងការធ្វើពហិការការទូត បណ្តាប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឆ្លៀតឱកាសប្រើប្រាស់ព្រឹត្តការណ៍កីឡាអូឡាំពិកធ្វើជាឧបាយកលញុះញុងបែបនយោយ។ ទង្វើបែបនេះគឺផ្ទុយស្រឡះទៅនឹងគោលការណ៍ និងស្មារតីកីឡា ដែលគណៈកម្មការអូឡាំពិកអន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់រួចមកហើយថា គោលបំណងនៃការប្រារព្ធកីឡាអូឡាំពិក គឺដើម្បីរួមចំណែកកសាងសន្តិភាព និងពិភពលោកមួយដ៏ល្អប្រសើរ ដោយអប់រំក្មេងជំនាន់ក្រោយអំពីការលេងកីឡាដោយគ្មានការរើសអើងគ្រប់រូបភាព ជាមួយស្មារតីកីឡាអូឡាំពិក ដែលទាមទារឱ្យមានការយល់គ្នាទៅវិញទៅមក ស្មារតីជាមិត្ត ការរួមសាមគ្គី និងការប្រកួតដោយយុត្តិធម៌។

លោក Thomas Bach ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ ក៏បានលើកឡើងដោយខ្លួនឯងផ្ទាល់ផងដែរថា កីឡាអូឡាំពិករដូវរងាក្នុងឆ្នាំ ២០២២ មិនគួរត្រូវបានយកទៅប្រើប្រាស់ដើម្បីបង្កើនភាពតានតឹងសកលនោះទេ ពីព្រោះថា ការចូលរួមរបស់អត្ដពលិកគឺជាការព្រមព្រៀងមតិជាសកលរួចទៅហើយ។ លោកក៏បានបន្ថែមទៀតថា៖ “យើងកំពុងតែរស់នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខដាក់គ្នា និងបែកបាក់គ្នា ហើយកម្រិតនៃការប្រឈមមុខដាក់គ្នានោះទៀតសោតក៏កំពុងតែកើនឡើងផងដែរ។ ប្រសិនបើ ការប្រកួតកីឡាអូឡាំពិកនេះ ក្លាយទៅជាចំណែកមួយនៃការប្រឈមមុខដាក់គ្នាបែបនេះ គឺវាផ្ទុយស្រឡះ ជាមួយនឹងបេសកកម្មរបស់គណៈកម្មការអូឡាំពិកអន្តរជាតិ”។
ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន ១៧៣ បានគាំទ្រសេចក្តីសម្រេចស្តីអំពី “ការកសាងសន្តិភាព និងពិភពលោកដ៏ល្អប្រសើរ តាមរយៈកីឡា និងស្មារតីអូឡាំពិក” ដែលអនុម័តនៅក្នុងសន្និបាតលើកទី ៧៦ របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ ដែលប្រទេសចិន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិជាអ្នករៀបចំសេចក្តីព្រាង។
សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា និងប្រទេសមួយចំនួនទៀតបានប្រព្រឹត្តផ្ទុយ ពីស្មារតីកីឡាអូឡាំពិក និងបង្កើតឧបាយកកលញុះញុងបែបនយោបាយ នៅក្នុងអំឡុងពេលដែលសាមគ្គីភាពសកល កិច្ចសហប្រតិបត្តិការរួម និងមិត្តភាពមានសារៈសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា ចិនមិនបានផ្ញើសំបុត្រអញ្ជើញទៅប្រទេសដែលធ្វើពហិការការទូតនោះទេ។ គាត់បានបន្ថែមថា កីឡាមិនមានអ្វីពាក់ព័ន្ធជាមួយនឹងនយោបាយនោះទេ ហើយកីឡាអូឡាំពិកគឺជាវេទិការប្រកួតប្រជែងរបស់អត្ដពលិក និងអ្នកគាំទ្រកីឡា មិនមែនជាវេទិការសម្រាប់អ្នកនយោបាយនោះទេ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលលិខិតអញ្ជើញពីគណៈកម្មការអូឡាំពិកអន្តរជាតិ និងចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០២២។ ផ្ទុយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលធ្វើពហិការការទូត ប្រទេសបារាំងគ្មានគម្រោងនឹងចូលរួមពហិការការទូតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នោះទេ។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើងទៀតថា ការធ្វើពហិការការទូតបែបនេះគ្មានសារៈសំខាន់ និងសឹងតែគ្មាននិមិត្តរូបអ្វីនោះទេ។
យ៉ាងហោចណាស់មានប្រមុខដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកព្រះរាជវង្សានុវង្ស និងប្រធានស្ថាប័នអន្តរជាតិធំៗ ចំនួន ៣២ រូបនឹងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឆ្នាំ ២០២២។ ដូចដែលលោក Wang Wenbin បានលើកឡើង ជោគជ័យរបស់ទីក្រុងប៉េកាំងក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការណ៍ប្រវត្តិសាស្ត្រកីឡាអូឡាំពិក ២០២២ មិនអាស្រ័យលើ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា បញ្ចូនមន្ត្រីមកចូលរួមការប្រកួតនោះទេ។ ប្រទេសចិន នឹងស្វាគមន៍យ៉ាងកក់ក្តៅដល់អត្ដពលិក និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលនឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឆ្នាំ ២០២២ និងចាត់វិធានការការពារមិនឱ្យមានការឆ្លងជំងឺកូវដី-១៩ និងសុវត្ថិភាព ជូនអ្នកចូលរួមគ្រប់ៗគ្នា។
អត្ថបទដោយ ៖ សម្បត្តិ កែម
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


