កីឡា
អត្តពលិក និងសិស្សានុសិស្ស ៥៥០នាក់ចូលរួម ទិវាអូឡាំពិក លើកទី ១៣១
កាលពីថ្ងៃ អាទិត្យ ទី ២២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីកីឡាមួយចំនួន ដើម្បីអបអរសាទរ ទិវាអូឡាំពិក (Olympic Day) និងវេទិកាអត្តពលិកជាតិ លើកទី១ ដែលមានវាគ្មិន ជាអតីតកីឡាករ កីឡាការិនីអូឡាំពិកចំនួន៥រូប ដែលធ្លាប់តំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

ពាក់ព័ន្ធនឹងគោលបំណងនៃការប្រារព្វខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នាំ២០២៥ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកទូទាំងពិភពលោកក្នុងការ ប្រារព្វខួបលើកទី១៣១ នៃទិវាអូឡាំពិក ដើម្បីរម្លឹកអំពីការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៥) ដែលផ្តួចផ្តើមបង្កើតឡើងវិញដោយស្ថាបនិកជនជាតិបារាំងគឺលោក Pierre de Coubertin។ ពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នាំ២០២៥ រៀបចំឡើងក្រោមមូលបទ “ធ្វើចលនាទាំងអស់គ្នា – Let’s Move” ជាមួយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ដែលបានដាក់ចេញនៅក្នុងយុទ្ធបញ្ចកោណ-ដំណាក់ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
បន្ថែមពីលើនៃការប្រារព្ធទិវាអូឡាំពិក (Olympic Day) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំ «វេទិកាអត្តពលិកជាតិ លើកទី១» ផងដែរ ដែលបានអនុញ្ញាតឱ្យអតីតកីឡាករ កាឡារិនីអូឡាំពិកចំនួន៥រូប ធ្លាប់តំណាងឱ្យកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកហ្គេមនាពេលកន្លងមក បានផ្តល់នូវចំណេះដឹងអំពីប្រវត្តិកីឡាអូឡាំពិក ការចែករំលែកបទពិសោធផ្ទាល់ខ្លួន បំផុសស្មារតី ការចងចាំនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងភាពជោគជ័យ ក្រោយអាជីពកីឡា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា វេទិកាអត្តពលិកជាតិ គឺរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យអតីតកីឡាករ កីឡាការិនីកម្ពុជាចំនួន ៥ នាក់បានចែករម្លែកនូវបទពិសោធ ចំណេះដឹង ក្នុងគោលបំណងបំផុសស្មារតីទៅដល់សិស្សានុសិស្ស និងអត្តពលិកជម្រើសជាតិជំនាន់ក្រោយឱ្យស្គាល់ពីតម្លៃនៃការតស៊ូ តម្លៃនៃការគោរពវិន័យ តម្លៃនៃការខិតខំប្រឹងប្រែង ដែលអាចឆ្ពោះទៅរកភាពជោគជ័យបាន។
គួរបញ្ជាក់ថា វេទិកាអត្តពលិកជាតិ លើកទី១ បានចូលរួមដោយអតីតកីឡាករ កីឡាការិនី កម្ពុជាចំនួន ៥ រូបដូចជា៖
១. លោក វ៉ាត់ ចំរើន អត្តពលិកកីឡាចំបាប់ចូលរួមការប្រកួតកីឡាអូឡាំពិក ទីក្រុង Atlanta សហរដ្ឋអាមេរិក ឆ្នាំ១៩៩៦
២. លោក ហែម គីរី អត្តពលិកកីឡាហែលទឹកចូលរួមការប្រកួតកីឡាអូឡាំពិក
៣. អ្នកស្រី ចូវ សុធារ៉ា អត្តពលិកកីឡាចំបាប់ចូលរួមការប្រកួតកីឡាអូឡាំពិក
៤. កញ្ញា ហែមថុន វីទិនី អត្តពលិកកីឡាហែលទឹកចូលរួមការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉េកាំង
៥. លោក ឈុន ប៊ុនថន អត្តពលិកកីឡាអត្តពលកម្មចូលរួមការប្រកួតកីឡាអូឡាំពិក។
កម្មវិធីបានប្រព្រឹត្តឡើង នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនីជម្រើសជាតិ និងមន្ត្រីកីឡា ១៥០នាក់ទៀតសរុប ៥៥០នាក់៕


អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


