ខ្សែប្រយុទ្ធ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ស្ទើរគ្មានគូប្រជែងទៅហើយនៅពេលនេះ បន្ទាប់ពីរូបគេនាំមុខគ្រាប់បាល់កាន់តែច្រើន ហើយគូប្រជែងលំដាប់លេខ២ម្នាក់អស់ឱកាសទៅហើយ។
ពេលនេះ ការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ ឈានដល់វគ្គ៤ក្រុមចុងក្រោយ ខណៈការប្រជែងជើងឯកនៅតែប្រកៀកប្រកិតគ្នា។ យ៉ាងណា បើក្រឡេកមើកកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេដើម្បីប្រជែងស្បែកជើងមាសគឺ ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង Marcus Haber រកបាន២៤គ្រាប់ដោយនាំមុខគូប្រជែងច្រើនគ្រាប់ណាស់។
គូប្រជែងលំដាប់លេខ២ កីឡាករ Takumu Nishihara របស់ក្រសួងការពារជាតិជាអ្នកប្រជែងខ្លាំងជាងគេ បន្ទាប់ពីរូបគេរកបាន២១គ្រាប់ ប៉ុន្តែពេលនេះរូបគេលែងមានឱកាសដណ្តើមទៀតហើយ ដោយសារក្រសួងការពារជាតិបានបញ្ចប់ភារកិច្ចក្នុងការប្រកួតលីគកំពូលទៀតហើយ បន្ទាប់ពីចប់ជុំទី៣។ ក្រុមនេះមិនបានស្ថិតនៅក្នុងក្រុមកំពូលទាំង៤ទេ ខណៈការប្រកួតជុំទី៤គឺមានតែក្រុមលំដាប់កំពូលទាំង៤ប៉ុណ្ណោះ។
និយាយពីកីឡាករដែលនៅមានឱកាសប្រជែងស្បែកជើងមាសក្នុងក្រុមកំពូលទាំង៤មានកីឡាករ Fareed Sadat របស់ភ្នំពេញក្រោនរកបាន១៤គ្រាប់។ កីឡាករ Sakari Tukiainen របស់បឹងកេត រកបាន១២គ្រាប់។ កីឡាករ Nieto Rondon របស់ភ្នំពេញក្រោនរកបាន១២គ្រាប់ និងកីឡាករ Paulo Victor របស់វិសាខារកបាន១២គ្រាប់។
កីឡាករទាំង៣នាក់ខាងលើនេះនៅមានឱកាសប្រជែងស្បែកជើងមាស ប៉ុន្តែពិបាកខ្លាំងណាស់ ពីព្រោះគ្រាប់បាល់ដាច់ឆ្ងាយស្ទើរពាក់កណ្តាលទៅហើយ ខណៈការប្រកួតរបស់កីឡាករម្នាក់ៗនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ។
ចំណែកកីឡាករ កីឡាករ Silva Gabrieleiro របស់អង្គថាយហ្គឺរ រកបាន១១គ្រាប់ ប៉ុន្តែអស់ឱកាសហើយដោយសារក្លឹបចប់ភារកិច្ចក្នុងលីគរដូវកាលនេះហើយ៕
កីឡាកររកគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្តាហ៍ទី២២
កីឡាករ Marcus Haber រកបាន២៤គ្រាប់ កីឡាករ Takumu Nishihara រកបាន២១គ្រាប់ (អស់ឱកាស) កីឡាករ Fareed Sadat រកបាន១៤គ្រាប់ កីឡាករ Sakari Tukiainen រកបាន១២គ្រាប់ កីឡាករ Nieto Rondon រកបាន១២គ្រាប់ កីឡាករ Paulo Victor រកបាន១២គ្រាប់ កីឡាករ Silva Gabrieleiro រកបាន១១គ្រាប់ (អស់ឱកាស)
អត្ថបទ៖ វីរបុត្រ