ព័ត៌មានជាតិ
តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចលើការងារអ្វីខ្លះក្នុងវិស័យតុលាការ?
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាលភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀត គឺជ្រើសតាំងតាមការបោះឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។
សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជអាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។ ជាមួយគ្នានេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានសិទ្ធិពិនិត្យ និងសម្រេចចំពោះការដាក់វិន័យ និងការកំណត់ក្រមសីលធម៌ដល់ចៅក្រម និងព្រះរាជអាជ្ញា។
បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃវិស័យតុលាការ។
ឥស្សរជនដែលកំពុងកាន់តួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមមាន៖ លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល លោក លាង សួគ៌ លោក អ៊ិត រ៉ាឌី លោក ប្លង់ ឆ្លាម លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី លោក ចាយ ច័ន្ទតារាវណ្ណ លោក សេង ប៊ុនឃាង លោក អ៊ីវ បូរិន្ទ និង លោក ស្រ៊ា រតនៈ៕ ដោយ៖ ធឿន វ៉ាន់សុង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ