ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់អនាគតចៅក្រម ព្រះរាជអាជ្ញា ត្រូវធ្វើជាទីពឹងដ៏រឹងមាំរបស់ពលរដ្ឋទន់ខ្សោយ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ដែលពេលអនាគតនឹងក្លាយទៅជាចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវធ្វើជាទីពឹងដ៏កក់ក្ដៅ និងរឹងមាំរបស់ប្រជាពលរដ្ឋដែលរងការរំលោភបំពានដោយភាពអយុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានផ្ដាំផ្ញើសិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ត្រូវប្រកាន់ខ្ជាប់នៅក្នុងចិត្តនូវស្មារតី និងឧត្តមគតិរបស់ខ្លួនឯង ថា «ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌» ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាយុត្តិធម៌ និងគុណភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី បន្តថា ការធ្វើជាបង្អែកដ៏រឹងមាំសម្រាប់ពលរដ្ឋនេះ ក៏ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីតុលាការផងដែរ នៅពេលដែលខ្លួនបញ្ចប់ការវគ្គបណ្តុះបណ្តាល ហើយចេញទៅបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា។

ការលើកឡើងនេះ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏បានផ្តាំផ្ញើដល់សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ត្រូវតែខិតខំរៀនសូត្រ និងរៀនឱ្យពូកែ ហើយទន្ទឹមនឹងអំឡុងពេលសិក្សានេះ ក៏ត្រូវថែរក្សាឱ្យបាននូវមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងថ្នាក់ ក៏ដូចជានៅក្នុងជំនាន់របស់ខ្លួនផងដែរ។
គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ពេលនេះមានចំនួន១៦០រូប ដែលបានខិតខំប្រឹងប្រែងឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


