នយោបាយ
ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីឡាវបង្ហាញអារម្មណ៍កក់ក្ដៅចំពោះវត្តមានសម្ដេចធិបតី
ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតឡាវបានបង្ហាញអារម្មណ៍កក់ក្ដៅចំពោះវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើដំណើរទៅចូលរួមដោយផ្ទាល់ គោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវលោក ខាំតៃ ស៊ីផាន់ដន នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា។

ក្នុងជំនួបជាមួយសម្ដេចធិបតីនារសៀលថ្ងៃសៅរ៍ ប្រធានរដ្ឋឡាវលោក ថងលុន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃេីញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។

ដោយឡែកនាយករដ្ឋមន្ត្រីឡាវលោក សនសៃ ស៊ីផាន់ដន បានលើកចំពោះសម្ដេចធិបតីថា វត្តមានរបស់សម្ដេច គឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់លោក, ក្រុមគ្រួសារ, រដ្ឋាភិបាល និងប្រជាជនឡាវ និងជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួបជាមួយប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីឡាវ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរម្លែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថាកម្ពុជា-ឡាវ មិនមែនមានទំនាក់ទំនងត្រឹមតែការងារប៉ុណ្ណោះទេតែជាទំនាក់ទំនងមនោសញ្ចេតនា «ជាបង ជាប្អូន និងក្រុមគ្រួសារ»។
ទាំងមេដឹកនាំឡាវ និងសម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីថា នឹងបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យកម្ពុជា-ឡាវឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ទំនាក់ទំនងកម្ពុជានិងប្រទេសឡាវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ប្រទេសទាំងពីររួមជាមួយវៀតណាមផងនោះធ្លាប់ស្ថិតក្រោមអាណានិគមបារាំងជាមួយគ្នា ហើយក៏ងើបទាមទារឯករាជ្យជាមួយគ្នាផងដែរ។ ទំនាក់ទំនងកាន់តែជិតស្និតរវាងកម្ពុជា-ឡាវ មួយរយៈចុងក្រោយនេះមានលក្ខណៈគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងនោះមានទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំញឹកញាប់ ជាមួយនឹងការប្រកាសពីភាពជាអ្នកជិតខាងល្អ បងប្អូនល្អជានិច្ចផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
លើកទី១ ដែលកងទ័ពថៃបារម្ភការផ្សព្វផ្សាយរបស់សារព័ត៌មានថៃអាចប៉ះពាល់ដល់ការចរចា JBC