Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ីអាគ្មេយ៍រង​ការគំរាមកំហែងថ្មីពី ត្រាំ: ពន្ធ ១០% បន្ថែម ចំពោះទំនាក់ទំនងជាមួយ​ BRICS

បានផុស

នៅ

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗ កំពុងរង​នូវការគំរាមកំហែងថ្មីពីប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ ដែលព្រមានដាក់ «ពន្ធបន្ថែម ១០ ភាគរយ» ពីលើអត្រាពន្ធខ្ពស់ដែលមាន​ស្រាប់ ​លើប្រទេសដែល​​អនុវត្តគោលនយោបាយប្រឆាំងអាមេរិករបស់ប្លុកសេដ្ឋកិច្ច ប្ល្រីកស៍ (BRICS) ដែលមាន​រុស្ស៊ី និង​ចិន​​ជ្រោមជ្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​សរសេរ​លើបណ្ដាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ​ ដែលដើរតាម​​គោលនយោបាយប្រឆាំងអាមេរិករបស់ BRICS នឹង​រងការបន្ថែមពន្ធ ១០ ភាគរយ ពីលើទៀត»។ លោក​បន្តថា៖ «វានឹង​គ្មាន​ការលើកលែង​ចំពោះគោលនយោបាយបែបនេះ​ទេ»។

ការគំរាមកំហែង​របស់លោកយ៉ាងដូច្នេះ ធ្វើឡើងខណៈលោកគ្រោងនឹង​ផ្ញើ «លិខិតស្ដីពីពន្ធ និង/ឬកិច្ចព្រមព្រៀង(ពាណិជ្ជកម្មពាក់ព័ន្ធពន្ធ)» ទៅកាន់ប្រទេសផ្សេងៗនៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីអត្រាពន្ធខ្ពស់ដែលពួកគេជាប់ ក្រោយ​ប្រធានាធិបតីដដែលប្រកាសពីការពន្យារពេលចូលធរមាននៃពន្ធបដិការដល់​ថ្ងៃ ១ សីហា ដោយរំកិលពីកាលកំណត់ចាស់ ៩ កក្កដា។

លោក ត្រាំ មិន​បាន​បញ្ជាក់ឱ្យច្បាស់នោះទេ ថាតើលក្ខខណ្ឌបែបណា ដែលអាមេរិក​នឹង​រាប់ចូលថាជាប្រទេស «​ដើរ​តាម​គោលនបាយប្រឆាំងអាមេរិករបស់ BRICS»។ នៅអាស៊ីអាគ្នេយ៍ មាន​ប្រទេសឥណ្ឌូណេស៊ី គឺជាសមាជិក​ពេញសិទ្ធិ​របស់ BRICS ខណៈថៃ និងម៉ាឡេស៊ី គឺជាប្រទេសដៃគូផ្លូវការ ហើយ​ប្រទេសទាំងនេះកន្លងមក បាន​បង្ហាញចំណាប់អារម្មណ៍ លើការចូលជាសមាជិកពេញសិទ្ធិ។

នេះមិនមែនជាលើកទីមួយ​នោះទេ ដែលលោក​ ត្រាំ ធ្វើការគំរាមកំហែងលើ BRICS ចំពោះគោលនយោបាយប្រឆាំងអាមេរិក ដែលរួមបញ្ជូលទាំងគោលនយោបាយងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ (​បដិដុល្លារូបនីយកម្ម)។

​យ៉ាងណាមិញ ការគំរាមកំហែងលើកនេះ ធ្វើឡើងខណៈប្រទេសផ្សេងៗនៅអាស៊ីអាគ្មេយ៍កំពុងប្រឈមមុខនឹង​ហានិភ័យពន្ធខ្ពស់ ដោយ​មិនទាន់សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល​ ត្រាំ។ ក្នុងនោះ រួមមាន​ ថៃ (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣២ ភាគរយ) និងម៉ាឡេស៊ី (២៤ ភាគរយ)។

ប្រសិនបើការចរចាបរាជ័យ នោះ​ការគំរាមកំហែងរបស់លោក ត្រាំ ចុង​ក្រោយ មាន​ន័យថា ពន្ធ ១០ ភាគរយ ថ្មី នឹង​ត្រូវបន្ថែមពីលើអត្រាដែលមាន​ស្រាប់ទាំងនោះ ខណៈវៀតណាម ដែល​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយអាមេរិក​កាលពីសប្ដាហ៍មុន រងនូវពន្ធ ២០ ភាគរយ។

នាពេលនេះ បណ្ដាប្រទេសអាស៊ីអាគ្មេយ៍កំពុងប្រញាប់ប្រញាល់សម្រាប់ការចរចាជាមួយរដ្ឋបាល ត្រាំ ដែលទាមទារឱ្យ​ពួកគេផ្ដល់នូវសម្បទានល្អៗសម្រាប់អាមេរិក ជាថ្នូរនឹង​ពន្ធទាប។ ជាថ្នូរនឹង​ពន្ធ ២០ ភាគរយ វៀតណាម​បាន​យល់ព្រមបើកចំហរទីផ្សារសម្រាប់អាមេរិក ខណៈអាមេរិក​អាច​នាំចូល​វៀតណាម​​ដោយ​មិនជាប់ពន្ធ បន្ថែមពីលើលក្ខខណ្ឌផ្សេងៗទៀត រួមទាំងការបង្កើនការនាំចូលទំនិញ​អាមេរិក រឹតត្បឹត «ទំនិញ​ឆ្លងកាត់» (Transshipping goods) វៀតណាម​ និងកាត់​បន្ថយការពឹង​ផ្អែក​លើ​ចិន​​ជាដើម​។

មុនពេល​លោក ត្រាំ គំរាមពីពន្ធ ១០ភាគរយ បន្ថែមថ្មី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាន​ថ្លែង​ក្នុងបទសម្ភាសន៍មួយ​ប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យ​ថា ថៃបាន​ដាក់សំណើថ្មីទៅអាមេរិក ដែលរួមបញ្ជូលទាំង​ការបើកទីផ្សារឱ្យ​ទំនិញកសិកម្ម និងឧស្សាហកម្មរបស់​អាមេរិក ​បន្ថែមពីលើ​ការបង្កើនការទិញថាមពល និងយន្តហោះ Boeing ។ សំណើទាំងអស់នេះ មាន​គោលបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្ម ៤៦ ​ប៊ីលានដុល្លារ​ដែល​ថៃមាន​ជាមួយ​អាមេរិក(កាលពីឆ្នាំមុន​) ឱ្យ​បាន​ ៧០ ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំ។ ​

ឥណ្ឌូណេស៊ីដែលជាសមាជិក​ BRICS មួយទៀត ក៏ដាក់សំណើទៅសហរដ្ឋអាមេរិកស្រដៀងគ្នានឹង​ថៃផងដែរ​ ជាពិសេស​លើ​ការបង្កើនការទិញទំនិញ​អាមេរិក​។ បើតាមទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ឥណ្ឌូណេស៊ី លោក Airlangga Hartarto ដែល​កំពុង​ចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល គ្រោងនឹង​ធ្វើដំណើរទៅសហរដ្ឋអាមេរិកថ្ងៃចន្ទនេះ ដើម្បីចរចាបញ្ចុះពន្ធ។

មកទល់ពេលនេះ គេមិនទាន់ឃើញ​មាន​ប្រតិកម្មណាមួយ​ ពាក់ព័ន្ធ​នឹង​​ពន្ធ ១០ ភាគរយ បន្ថែមថ្មី​ ពីសមាជិក BRICS នោះទេ។ ប៉ុន្តែគួរកត់សម្គាល់ថា ប៉ុន្មាន​ម៉ោងមុនការគំរាមកំហែងរបស់លោក ត្រាំ ប្លុក BRICS បាន​ចេញសេចក្ដីថ្លែងការណ៍រួមពីទីក្រុង Rio de Janeiro (ប្រេស៊ីល) ដោយសំដៅលើគោលនយោបាយពន្ធរបស់ ត្រាំ ប៉ុន្តែមិននិយាយឈ្មោះអាមេរិក​ចំៗ យ៉ាងដូច្នេះថា​៖ «​យើងមាន​ក្តីបារម្ភយ៉ាងខ្លាំងចំពោះ​កំណើនវិធានការ​ការពារនិយមជាឯកតោភាគី ដែល​មិនស្របនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភព​លោក​ (WTO) រួមទាំង​កំណើន​ពន្ធបដិការមិនរើសមុខ​ និងវិធានការ​មិនមែនពន្ធគយ»។

មែនទែនទៅ ប្លុក​ BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់។ ប្លុកនេះ​ហៅខ្លួនឯង​ថាជា «វេទិកាសម្របសម្រួលនយោបាយ និងការទូតសម្រាប់ប្រទេសមកពីសកលលោកខាងត្បូង និងសម្រាប់ការសម្របសម្រួល​ចម្រុះ​វិស័យ»។

BRICS មិនហៅខ្លួនឯងថាជាប្លុកប្រឆាំងលោកខាងលិចត្រង់ៗនោះទេ ប៉ុន្តែគេមើលឃើញថា វាជាកំពុងបង្កើន​ឥទ្ធិពលប្រឆាំងអំណាច​របស់​លោកខាងលិច ជាពិសេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នយោបាយ និង​ការទូត​សកល។ កន្លងមក សមាជិកប្លុកធំៗរួមទាំងចិន បាន​រិះគន់គោលនយោបាយពន្ធគយរបស់លោក ត្រាំ ថាខុសច្បាប់ WTO និងបង្កការខូចខាតដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល ដែលនាំទៅរកភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១០ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម