Connect with us

ព័ត៌មានជាតិ

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

បានផុស

នៅ

សិស្សានុសិស្ស​នៅតាម​ព្រំដែន​ដែលជា​បេក្ខជន​ត្រៀមប្រឡង​បាក់​ឌុប​នាពេល​ខាងមុខនេះ​បានស្នើ​សុំ​ទៅ លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឱ្យ​ពន្យារ​ពេល​ដំណើរការ​ប្រឡង​ក្រោយពី​សាលារៀន​ជាង​៦០០​ទីតាំង​ បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ជា​បន្តបន្ទាប់ ​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្ពុជា​-​ថៃ​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​អប់រំ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ផេ​ក​ហ្វេ​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​។​ ប៉ុន្តែ​បើតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បាន​បញ្ជាក់​ថា ​ក្រសួង​នឹង​បន្ត​តាមដាន​ស្ថានការណ៍ ដោយ​រក្សា​ផែនការ​ប្រឡង​ឱ្យនៅ​ដដែល​សិន។

បើតាម​គណនី​ហ្វេស​ប៊ុ​ក​ឈ្មោះ Long Tep Aron បានសរសេរថា ​«​ខ្ញុំបាទ​ជា​សិស្ស​នៅតាម​បណ្ដា​ព្រំដែន សូម​គោរព​ជូន​នូវ​សារ​នេះ ដើម្បី​ស្នើសុំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ពិចារណា​ពន្យារពេល​ការប្រឡង​បាក់​ឌុប ដែល​នឹងមាន​នាពេល​ខាងមុខនេះ​។ ​សេចក្តីស្នើសុំ​នេះ បណ្តាលមកពី​ស្ថានភាព​មាន​ភាព​តានតឹង និង​ភាពអសន្តិសុខ​ដែល​ធ្វើឱ្យ​សិស្សានុសិស្ស​តាម​បណ្ដា​ព្រំដែន​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ត្រូវបាន​អាក់ខាន​ក្នុងការ​សិក្សា​រៀនសូត្រ​ជាហេតុ​ធ្វើឱ្យ​ពួកគេ​ផ្តោតអារម្មណ៍​មិនបាន​ល្អ​ក្នុងការ​សិក្សា​ដែល​នឹង​អាចមាន​ភាពលំបាក ពិសេស​សម្រាប់​សិស្សសាលា​ដែល​រស់នៅ​ជិត​តំបន់​ព្រំដែន កំពុង​ប្រឈមមុខ​នឹង​ការពិបាក​ធ្វើដំណើរ​ទៅ​ប្រឡង និង​មានការ​បារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​»។

Long Tep Aron បាន​សរសេរ​ទៀតថា ​«​ដោយឡែក​ពីនេះ ស្ថានភាព​ខាងលើ​កំពុង​បង្ក​ឲ្យ​មានការ​ខកខាន​ក្នុងការ​សិក្សា និង​រៀបចំខ្លួន​សម្រាប់​ប្រឡង ដែល​អាច​ប៉ះពាល់​ដល់​លទ្ធផល​សិក្សា​របស់​សិស្ស​។​ ដូច្នេះ​ខ្ញុំបាទ​ជា​សិស្ស​មួយរូប​នៅតាម​ព្រំដែន​ជម្លោះ ​សូម​ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​ពន្យារពេល​ប្រឡង ឱ្យ​សមរម្យ​ដើម្បីឱ្យ​សិស្ស​មានឱកាស​រៀបចំខ្លួន​បានល្អ​ប្រសើរ​ជាង​មុន​។ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង ដែល​បាន​យកចិត្តទុកដាក់​ដល់​សិស្ស និង​អនាគត​របស់​ប្រទេសជាតិ​។ ប្រសិនបើ​ខ្ញុំបាទ​មាន​កំហុស​ខុសឆ្គង សូម​អភ័យទោស ​និង​ជួយ​កែសម្រួល​ផង​»។

ចំណែក​ទំព័រ​ហ្វេ​សប៊ុ​ក​ម្នាក់ទៀត​ឈ្មោះ​Khorn Niza​ ក៏បាន​សរសេរ​ឱ្យ​ដឹងដែរ​ថា ​«​ក្នុងនាម​សិស្សានុសិស្ស​ដែល​រស់​នៅតាម​ព្រំដែន ខ្មែរ​-​សៀម សុំ​សំណូមពរ​ទៅដល់​ថ្នាក់ដឹកនាំ ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS Cambodia) ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ជួន ណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការ​ស្នើ​សុំ​ពន្យារពេល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៤-២០២៥​ ដោយសារ​មូលហេតុ​ប្រទេស​កំពុង​ជួប​នូវ​បញ្ហា​សង្គ្រាម​ដែល​នាំ​ឱ្យ​សិស្សានុសិស្ស​មួយចំនួន​មានការ​ភ័យខ្លាច​ការ​ក្នុងការ​ប៉ះពាល់​ទៅដល់​សុវត្ថិភាព និង​ប៉ះពាល់​ទៅដល់​ការប្រឡង​ផងដែរ​។ ដូច្នេះ​ក្នុងនាម​សិស្សានុសិស្ស​ដែលជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០២៤-២០២៥ ​សុំ​សំណូមពរ​ទៅដល់​ក្រសួង​អប់រំ យុវជន​ និង​កីឡា សុំ​ធ្វើ​ការ​ពន្យា​ពេល​នៃ​ការប្រឡង ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៥ ​ខាងមុខនេះ​»​។

រីឯ ទំព័រ​ហ្វេស​ប៊ុ​ក ឈ្មោះ​ Kong Manika​ បាន​លើកឡើងថា ​«វា​អយុត្តិធម៌​ណាស់​សម្រាប់​អ្នក​នៅតាម​ព្រំដែន បើ​មិន​ពន្យារ​ពេល​ទេ ​ខ្ញុំ​ចាំ​មួយជីវិត​។​ សម្រាប់​ខ្ញុំ​រយៈពេល​១២​ឆ្នាំ​វា​មានន័យ​ខ្លាំងណាស់ គឺ​ចង់បាន​និទ្ទេស​មួយ​ក្នុង​ក្តី​ស្រមៃ​ តែបើ​ប្រទេសជាតិ​បែបនេះ​គឺ​វា​ពិបាក​ខ្លាំងណាស់ មិន​ថា​ការ​ស្នាក់នៅ​គឺ​ពិបាក​បាត់​ ហើយ​ចុះ​ទម្រាំ​ការសិក្សា​វា​មិន​ដូច​ពេល​ដែល​ប្រទេស​សន្តិភាព​ទេ នេះ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​ក្នុង​មួយជីវិត​នេះ​»​។

ចំពោះ ទំព័រ​ហ្វេស​ប៊ុ​ក​ឈ្មោះ Ang Bav​ បានសរសេរថា ​«ពន្យារពេល​ក្នុងការ​ប្រឡង​សិន​ទៅ កំពុង​ជួប​ចឹ​ង​គិតថា​មើល​ចូល​ឬ​? ហើយ​គិតថា​មើល​ទាន់​ឬ​? ការ​ភៀសខ្លួន​របស់​សិស្ស​ឱ្យ​គ្នា​រៀន​ដោយ​របៀប​ណា​»​។

ទំព័រ​ហ្វេ​ប៊ុ​ក ឈ្មោះ ​វង្ស សុវណ្ណ​វ​ឌ្ឍ​នា ​ក៏បាន​សរសេរ​បន្ថែមថា​ «ក្នុងនាម​ខ្ញុំ​ជា​បក្ខជន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ខ្ញុំ​សូម​សំណូមពរ​ដល់​ក្រសួង​អប់រំ​មេត្តា​ពិចារណា​ពន្យារ​ពេល​ការ​ប្រឡង​ ព្រោះ​ខ្ញុំ​ផ្ទាល់​ និង​មិត្តៗ មាន​ស្មារតី​មិន​នឹងន​ចំពោះ​ស្ថានការណ៍​ប្រទេសជាតិ​ដែល​កំពុង​និង​កើតមាន​»។

ចំណែក​ទំព័រ​ហ្វេស​ប៊ុ​ក​ឈ្មោះ​Hormnorin Romneaa​ ក៏បាន​លើកឡើង​ដែរ​ថា ​«​សូម​ពន្យារ​ពេល​ទៅ​លោកអ៊ំ ​🙏🏻 សូមមេត្តា​ ផង ពួក​ខ្ញុំ​ជា​សិស្សានុសិស្ស​ដែលជា​ជនភៀសខ្លួន​បាក់​ស្មារតី​ក្នុងការ​ផ្ចង់​អារម្មណ៍​ព្រោះ​ឮ​សំឡេង​គ្រាប់​ឥតមាន​ឈប់ឈរ នាង​ខ្ញុំ​ហម​នរិន្ទរ​មនា សំណូមពរ​ឱ្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ សូមមេត្តា​ពន្យារ​ពេល​នៃ​ការប្រឡង​ផង​ទៅ​ចោះ​»​។

រីឯ ទំព័រ​ហ្វេ​សប៊ុ​ក ឈ្មោះ Lynn Lynn បានសរសេរថា ​«លោក​អ៊ំ​សុំ​លោក​អ៊ំ​ជួយផ្ដល់​ជា​ព័ត៌មាន​ជាក់លាក់​ឱ្យ​បេក្ខជន​ប្រលង​ផង លោក​អ៊ំ​ណែនាំឱ្យរៀន​តាម​អន​ឡាញ​បានតែ​អ្នក​នៅ​ឆ្ងាយ​ពី​ព្រំដែន​ទេ បេក្ខជន​ខ្លះ​គ្មាន​ទូរ​សព្ទ​គ្មាន​សេវា​គ្មាន​អ៊ីនធឺណិត​គ្មាន​លុយ​បញ្ចូល​កាត​កន្លែង​ភៀសខ្លួន​ប្រជុំ​ដោយ​មនុស្ស​និយាយ​អ៊ូអរ​គ្នា​រៀន​ម៉េច​ចូល​មាន​ហេតុផល​ពិបាក​ច្រើនណាស់​សូម​លោក​អ៊ំ​ជ្រាប​ផង​ក្មួយ​សុំ​🙏»។

ហ្វេស​ប៊ុ​ក​ឈ្មោះ Raa Nuth ​ក៏បាន​សរសេរ​ឱ្យដឹងទៀតថា ​«ប្រទេសជាតិ​កំពុង​ជួប​ការលំបាក ​ក្នុងនាម​ជា​បេក្ខជន​បាក់​ឌុប ​២០២៥ ​មួយរូប ស្នើសុំ​ឱ្យ​ក្រសួង​លើក​ថ្ងៃ​ប្រឡង​ទៅ​ អាណិត​អ្នក​ជាយដែន​ដូច​ពួក​ខ្ញុំ​ផង​មើល​មេរៀន​មិន​ចូល​ទេ​»។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ឱ្យ​ដឹងថា ក្រសួង​បាន​បង្កើត​ក្រុមការងារ​តាម​ព្រំដែន ដើម្បី​ធានា​សុវត្ថិភាព​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ ខណៈដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០២៥ នឹង​ឈានចូល​មកដល់​នៅ​ពាក់កណ្តាល​ខែសីហា ខាងមុខ​។

លោកស្រី បាន​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​តាមដាន​ស្ថានការណ៍ ដោយ​រក្សា​ផែនការ​ប្រឡង​ឱ្យនៅ​ដដែល​សិន ក៏ប៉ុន្តែ​ក្រសួង​នឹងមាន​ចំណាត់ការ​ជាក់ស្តែង​ក្នុងពេល​អនាគត ប្រសិន​មានការ​ប្រែប្រួល​ណាមួយ​កើតឡើង​។

ក្នុង​រយៈពេល​៤​ថ្ងៃនេះ ​គ្រឹះស្ថានសិក្សា​ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ជាង​៦០០​ទីតាំង​ ត្រូវ​បិទទ្វារ​, សិស្សានុសិស្ស​ជាង​១៥​ម៉ឺន​នាក់ បាត់បង់​ការរៀនសូត្រ គ្រូបង្រៀន​ជាង​៦​ពាន់​នាក់ ​មិនបាន​បង្រៀន​សិស្ស​អំឡុង​ពេលដែល​កង​ទ័ព​កម្ពុជា និង​ថៃ កំពុងមាន​ការប្រយុទ្ធ​គ្នា។

ក្រៅពីនេះ​មាន​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជិត​៨​ម៉ឺន​នាក់ ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​សុខសាន្ត​ និង​មាន​និស្សិត​ខ្មែរ​ និង​ពលករ​ខ្មែរ​ប្រមាណ​ជិត​៨​ម៉ឺន​នាក់ ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រលប់មក​កម្ពុជា​វិញ​ដែរ​៕

​អត្ថបទ ​៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម