ព័ត៌មានអន្ដរជាតិ
ត្រាំ ទម្លាក់ពន្ធមកត្រឹម ១៩% លើហ្វីលីពីន និង ១៥% លើជប៉ុន ក្រោយចរចាគ្នា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅអាស៊ីបាស៊ីហ្វិក រួមមានជប៉ុន និងហ្វីលីពីន ក្រោយមានការចរចាគ្នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មុនពេលពន្ធខ្ពស់ចូលជាធរមាននៅថ្ងៃ ១ សីហា សប្ដាហ៍ក្រោយ។

លោក ត្រាំ បានប្រកាសបន្ថយពន្ធលើហ្វីលីពីន ពី ២០ ភាគរយ មកត្រឹម ១៩ ភាគរយ ក្រោយជំនួបចរចានៅសេតវិមានរវាងលោក និងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ។ លោកបានសរសេរនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអង្គារថា អត្រាពន្ធថ្មីគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងធំ ដែលហ្វីលីពីននឹងដកពន្ធ(ដាក់ពន្ធសូន្យ)លើទំនិញអាមេរិក ហើយប្រទេសទាំង២ នឹងសហការគ្នាផ្នែកយោធា។
យ៉ាងណាមិញលោក ម៉ាកូស បានបញ្ជាក់ថា មិនមែនទំនិញអាមេរិកទាំងអស់នឹងទទួលបាន «ពន្ធសូន្យ» នោះទេ ដោយការលើកលែងពន្ធនេះ គឺអាស្រ័យទៅលើមុខទំនិញ។ ប្រធានាធិបតីដដែលក៏បានបញ្ជាក់ផងដែរថា ហ្វីលីពីននឹងបង្កើនការនាំចូលទំនិញអាមេរិក ដូចជា ផលិតផលសណ្តែកសៀង ផលិតផលស្រូវសាលី និងឱសថ ដើម្បីកាត់បន្ថយថ្លៃថ្នាំពេទ្យក្នុងស្រុក។
គេមើលឃើញថា អត្រា ១៩ ភាគរយ ទាបជាងអត្រា ២០ ភាគរយ ដែលលោក ត្រាំ បានប្រកាសជាថ្មីនៅដើមខែនេះ។ យ៉ាងណាមិញ វានៅតែខ្ពស់ជាងអត្រា ១៧ ភាគរយ នៅខែមេសា ពេលលោក ត្រាំ ប្រកាស «ពន្ធគយបដិការ»។ មែនទែនទៅ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ ១៩ ភាគរយ គឺស្មើនឹងអត្រា ដែលលោក ត្រាំ ប្រកាសលើឥណ្ឌូណេស៊ី និងទាបជាងវៀតណាម (២០ ភាគរយ)។

ងាកចេញពីហ្វីលីពីន កាលពីថ្ងៃអង្គារដូចគ្នា លោក ត្រាំ ក៏បានប្រកាសទម្លាក់អត្រាពន្ធលើទំនិញជប៉ុន ពីប្រមាណ ២៥ ភាគរយ មកត្រឹម ១៥ ភាគរយ ផងដែរ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលរដ្ឋបាលអាមេរិកសម្រេចឡើងជាមួយជប៉ុន។ លោក ត្រាំ បាននិយាយនៅលើ Truth Social យ៉ាងដូច្នេះថា៖ «នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់សហរដ្ឋអាមេរិក និងជាពិសេសសម្រាប់ការពិតដែលថា យើងនឹងបន្តមានទំនាក់ទំនងដ៏ល្អជាមួយប្រទេសជប៉ុន»។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មន្ត្រីឧស្សាហកម្ម និងរដ្ឋាភិបាលបាននិយាយថា កិច្ចព្រមព្រៀងថ្មី ក៏ទម្លាក់ផងដែរនូវពន្ធលើរថយន្តជប៉ុនពី ២៥ ភាគរយ មកត្រឹម ១៥ ភាគរយ ខណៈដែលសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំសម្រាប់រថយន្តជប៉ុន។ ជាមួយគ្នានោះ លោក ត្រាំ បានអះអាងផងដែរថា ជាថ្នូរនឹងការទម្លាក់ពន្ធនេះ ជប៉ុននឹងវិនិយោគជាទឹកប្រាក់ប្រមាណ ៥៥០ ប៊ីលានដុល្លារ នៅអាមេរិក។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកជឿថា កិច្ចព្រមព្រៀងថ្មីនឹងការពារផលប្រយោជន៍ជាតិរបស់ជប៉ុន ប៉ុន្តែលោកចាំបាច់ត្រូវពិនិត្យព័ត៌មានលម្អិតដោយប្រុងប្រយ័ត្នសិន មុនផ្តល់ការអត្ថាធិប្បាយបន្ថែម។
គួរគូសបញ្ជាក់ថា ជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៥ របស់សហរដ្ឋអាមេរិក។ យោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ប្រទេសនេះបាននាំចូលទំនិញពីជប៉ុនប្រមាណ ១៤៨,២ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤ ខណៈជប៉ុនទិញទំនិញពីអាមេរិកវិញប្រមាណ ៧៩,៧ ប៊ីលានដុល្លារ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


