វប្បធម៌ ជំនឿ
តើរូបចម្លាក់ “Golden Boy” នៅសារមន្ទីរ អាមេរិក ជារបស់កម្ពុជា ឬរបស់ថៃ មែន?
មកដល់បច្ចុប្បន្ននៅតែមានការប្រទាញប្រទុងគ្នារវាងអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា និងថៃ ក្នុងការអះអាងថា រូបចម្លាក់មួយអង្គ ជារបស់ជាតិសាសន៍រៀងៗខ្លួន បន្ទាប់ពីសារព័ត៌មាន Thai PBS កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា លោក ទ្នង់ស័ក្តិ ហ៊ានវង្ស អ្នកបុរាណវិទ្យាល្បីល្បាញថៃ កំពុងតែមមាញឹកប្រមូលផ្ដុំឯកសារ ភស្តុតាងនានា ដើម្បីទាមទារមកវិញ ពីសារមន្ទីរ Metropolitan របស់អាមេរិក ដែលលោកអះអាងថា ជាចម្លាក់រចនាប័ទ្ម ថៃភិម៉ៃ (ថៃភិមាយ-Thai Phimai) និងមិនធ្លាប់មានរចនាប័ទ្មនៅកម្ពុជាពីមុនមក។

ទាក់ទងករណីខាងលើនេះ មន្ត្រីអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់តាម “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះថា ក្រសួងបានដឹងអំពីការផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ ទាក់ទងនឹងរូបបដិមាខ្មែមួយ ដែលគេហៅថា “Golden Boy” បច្ចុប្បន្ននៅឯសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។ រូបបដិមានេះ គឺប្រាកដណាស់ជាសិល្បៈខ្មែរ ក្នុងសម័យអង្គរ សតវត្សទី១១ នៃរចនាប័ទ្មបាពួន។ ក្រសួងកំពុងស្រាវជ្រាវបន្តទៀតពីប្រភព ប្រវត្តិ និងទិដ្ឋភាពច្បាប់ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដូច្នេះវាហាក់ដូចជាលឿនពេកក្នុងការធ្វើសេចក្តីសន្និដ្ឋាន។ យើងនឹងទាមទារមកវិញនូវអ្វីដែលជារបស់យើង ហើយយើងក៏មិនចង់បាននូវអ្វីដែលមិនមែនជារបស់យើងដែរ។

ក្រុមការងាររបស់ក្រសួងវប្បធម៌ បាន និងកំពុងដំណើរការស្រាវជ្រាវ ក្នុងយុទ្ធនាការសកលមួយ ដោយសហការជាមួយសហគមន៍អន្តរជាតិ ជាពិសេសជាមួយសមត្ថកិច្ចសហរដ្ឋអាមេរិក ដើម្បីនាំយកវត្ថុសម្បត្តិវប្បធម៌ខ្មែរដែលបានលួចនាំចេញទៅក្រៅប្រទេស ត្រឡប់មកកម្ពុជាវិញ។ បទល្មើសជួញដូរសម្បត្តិវប្បធម៌គឺជាបញ្ហាសកល ដែលកើតមានឡើងនៅតាមប្រទេសជាច្រើននៅទូទាំងសកលលោក ហើយដែលភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមានទ្រង់ទ្រាយធំប្រទាក់ក្រឡាដ៏ស្មុគស្មាញ តាមរូបភាពផ្ទេរ ក្លែងបន្លំប្រវត្តិ និងប្រភពដើមនៃសម្បត្តិវប្បធម៌ និងលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ដូចនេះហើយ ចាំបាច់ត្រូវចាត់វិធានការទាំងក្នុងកម្រិតជាតិ និងកម្រិតអន្តរជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សូមអំពាវនាវដល់សារមន្ទីរ Metropolitan Museum of Art ក៏ដូចសារមន្ទីរផ្សេងទៀត និងអ្នកប្រមូលសមុច្ច័យឯកជន ឱ្យប្រគល់នូវសម្បត្តិវប្បធម៌ខ្មែរមកប្រទេសដើមវិញ ដែលពួកគេមិនមានភស្តុតាងស្របច្បាប់នៃសិទ្ធិកាន់កាប់។ ក្រសួងក៏សូមស្វាគមន៍ចំពោះការចូលរួមរបស់សាធារណជន ប្រកបដោយការស្ថាបនា នៅលើប្រធានបទនេះ ហើយក្រសួងនឹងបន្តជូនព័ត៌មានដល់សាធារណជនអំពីវឌ្ឍនភាពនៃកិច្ចការដ៏មានសារៈសំខាន់នេះជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា រូបចម្លាក់ទេពបុរសនោះ មានកម្ពស់ ១,១ ម៉ែត្រ សាងអំពីសំរិទ្ធបិតមាស។ រូបចម្លាក់ដែលគេអោយរហ័សនាមថា Golden Boy នេះ ត្រូវបានអ្នកបុរាណវិទ្យាទូទៅសន្និដ្ឋានថា ជាចម្លាក់បុរាណខ្មែររចនាប័ទ្មបាពួន ដោយសារមន្ទីរ Metropolitan ឱ្យជាទិន្នន័យថា ចម្លាក់នេះមានប្រភពមកពី ខេត្តសៀមរាប នៃប្រទេសកម្ពុជា។ កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បាន និងកំពុងធ្វើការទាមទារវត្ថុបុរាណនានារបស់ខ្មែរពីសារមន្ទីរ Metropolitan របស់អាមេរិ ដោយសង្ស័យថា ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់នៅសម័យសង្គ្រាម។

វត្ថុបុរាណខ្មែរជាបន្តបន្ទាប់ និងជាក់ស្ដែងកាលពីពេលថ្មីៗនេះ សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧ រូបបន្ថែមទៀត ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថាន ក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


