ព័ត៌មានជាតិ
លោក គីម រិទ្ធី ប្ដេជ្ញាបម្រើប្រជាជនក្នុងមូលដ្ឋានរបស់លោក ប្រកបដោយយុត្តិធម៌ និងគុណធម៌បំផុត
លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហារ បានប្ដេជ្ញាបម្រើប្រជាជនក្នុងមូលដ្ឋានរបស់លោក ប្រកបដោយយុត្តិធម៌ និងគុណធម៌បំផុត។ លោក គីម រិទ្ធី កូនរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២នេះ។

បន្ទាប់ពីការប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តព្រះវិហារភ្លាម លោក គីម រិទ្ធី បានទៅជួបសំណេះសំណាល ជាមួយកងកម្លាំងការពារព្រំដែនតំបន់ប្រាសាទព្រះវិហារ នាថ្ងៃសៅរ៍ទី ៦ ខែសីហា នេះ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ៨ ខែសីហា អភិបាលខេត្តព្រះវិហារថ្មី បានបង្ហាញក្តីរំភើបរីករាយ ដែលបានជួបយុទ្ធមិត្តចាស់ ហើយបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់លោក។

លោក គីម រិទ្ធី បានរំលឹកថា លោកបានមកដល់តំបន់ប្រាសាទព្រះវិហារនាចុងឆ្នាំ ២០០៨ អំទ្បុងពេលដែលថៃឈ្លាន ពានមកលើតំបន់ប្រាសាទ ក្នុងនាមលោកជាអតីតនាយទាហានជាន់ខ្ពស់យោធា និងជាក្រុមចលនាយុវជនសមរភូមិក្រោយ នៃសមាគមយុវជនកម្ពុជា ដែលបច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលខេត្តព្រះវិហារថ្មី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពដែនដី និងការពារសុខសន្តិភាពជូនកម្ពុជា។

ជាមួយគ្នានេះលោក រិទ្ធី ក៏បានគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ស្វែងរកសន្តិភាព បណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់សេចក្តីទុកចិត្តដល់លោកជាយុវជនជំនាន់ក្រោយ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ លោក គីម រិទ្ធី បានប្ដេជ្ញាយ៉ាងដូច្នេះថា «ខ្ញុំបាទសូមប្តេជ្ញា “ប្រឹងធ្វើការអោយបានល្អ កុំអោយខូចតម្លៃនៃការតែងតាំង” និង “បំរើប្រជាជនប្រកបដោយយុត្តិធម៌” និងគុណធម៌បំផុត»។

សូមជម្រាបថា លោក គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។ មុនចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ គឺលោក គីម រិទ្ធី ធ្លាប់មានតួនាទីជាអគ្គនាយករង នៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ, អភិបាលរងខេត្តកណ្ដាល, ហើយបច្ចុប្បន្នលោក ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?