Connect with us

សេដ្ឋកិច្ច

កម្ពុជា ចុះMOUជាមួយក្រុមហ៊ុនចិននាំចេញដំឡូងមីទៅកាន់ទីផ្សារមហាយក្សចិន

បានផុស

នៅ

សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។ ការចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា សហភាពមានសមត្ថភាពរឹងមាំ ក្នុងការស្វែងរកដៃគូកិច្ចចរចា និងពង្រឹងទំនាក់ទំនងទីផ្សារកសិកម្មជាមួយក្រុមហ៊ុនបរទេសធំៗកាន់តែច្រើន ដើម្បីនាំយកផលិតផលកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ ដោយឡែក ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ។

លោកបញ្ជាក់ថា តាមរយៈទំនាក់ទំនង និងកិច្ចចរចាជាមួយក្រុមហ៊ុនកន្លងមក ភាគីចិន និងកម្ពុជា មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជាត្រង់ទៅប្រទេស ចិនតែម្តង ព្រមទាំងធ្វើឱ្យមានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានាបានស្ថេរភាពទីផ្សារកសិផលសម្រាប់កសិករ។

លោក ជួ មករា មានប្រសាសន៍ថា៖ “យើងត្រូវរៀបចំច្រើនណាស់ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។ លោកបន្តថា ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបានតាមតម្រូវការរបស់អ្នកទិញចង់បាន។

ចំណែក លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) បានលើកឡើងថា មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ។ ក្រៅពីជាអគ្គនាយកក្រុមហ៊ុនខាងលើ លោកក៏ជាប្រធានក្រុមហ៊ុន Hunan Agricultural Development International Development Co., Ltd. និង ក្រុមហ៊ុន Hunan Agricultural Development Global Investment Co., Ltd.,ដែលជាសហគ្រាសកសិកម្មខ្នាតធំដែលគ្រប់គ្រងដោយខេត្ត រដ្ឋ និងមានអាជីវកម្មធំៗ ក៏ដូចជាការទិញ-លក់ និងរក្សាទុកគ្រាប់ធញ្ញជាតិ ប្រេង និងសាច់ ស្រូវសាលី ម្សៅ អង្ករ និងពោតជាដើម។

ដោយឡែក នៅឆ្នាំ ២០១៥ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co.,Ltd. ត្រូវបានបង្កើតនៅកម្ពុជា ហើយបានប្រកបអាជីវកម្មជាចម្បងលើការទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។ នៅឆ្នាំដដែល ក៏មានការលើកទឹកចិត្តពីរដ្ឋបាលខេត្ត Hunan ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសវិស័យដំឡូងមី និងអង្ករ។ ក្រុមហ៊ុនGlobal នៅកម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុនកែច្នៃដំឡូងមី អឺខាង ដែលអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ហើយក្រុមហ៊ុននេះក៏បានវិនិយោគនៅខេត្តបាត់ដំបងចំនួន២ពាន់លានយ័ន ក្នុងឆ្នាំ២០១៣ ដោយកសាងសួនកសិកម្មដែលមានផ្ទៃដី ២ពា់ហិកតា។ ក្រុមហ៊ុនទាំង២ ក៏បានសហការគ្នាមើលលើកសិកម្មនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនចិនខាងលើ ក៏បានរិះរកវិធីបែបណាទាញយកថាមពលអគ្គិសនីពីព្រះអាទិត្យមកផលិតក្នុងខ្សែសង្វាក់ដំឡូងមី ចៀសវាងប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការបញ្ជាក់របស់លោក ចៃ មុឈី។

លោកបន្តថា ក្រុមហ៊ុននឹងចាប់ដៃជាមួយស្ថាប័នស្រាវជ្រាវគ្រាប់ពូជស្រូវកំពូលរបស់ប្រទេសចិន និងស្ថាប័នស្រាវជ្រាវគ្រាប់ពូជដំឡូងមី សហគ្រាសកែច្នៃស្រូវ (ឧស្សាហកម្មអង្ករ JinJian) រោងចក្រចំណីដំឡូងមី (Xin WuFeng) និងសហគ្រាសកែច្នៃដំឡូងមី (ឱសថ ErKang) ដើម្បីជួយដល់ប្រជាជនកម្ពុជាបង្កើនផលិតកម្មស្រូវ និងដំឡូងមីនៅកម្ពុជា។ ជាមួយគ្នានេះ​ ក្រុមហ៊ុនក៏នឹងពង្រីកផ្ទៃដីដាំដុះ បង្កើនតម្លៃ ពង្រីកការនាំចេញ ស្រូវ និងដំឡូងមី និងផលិតផលកែច្នៃ ដើម្បីជួយកសិករខ្មែរឱ្យផុតពីភាពក្រីក្រ និងបើកជំពូកថ្មីក្នុងការកសាងសហគមន៍ ចិន-កម្ពុជា ជាមួយគ្នាពេលអនាគត។

រីឯ លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ថាការចុះអនុសាធារណៈយោគយល់គ្នារវាងកម្ពុជា និងចិននេះ គឺជាការបង្ហាញពីទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ និងការវិនិយោគពីក្រុមហ៊ុនបរទេសធំៗ និងការនាំចេញផលិតផលកម្ពុជាទៅឆាកអន្តរជាតិស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។

លោកមានប្រសាសន៍ថា៖ “កាលណាយើងមានក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជាយើង មានន័យថា កំណើនកសិផលយើងនឹងអាចពង្រឹងសមត្ថភាពខ្លួន អាចយល់ដឹងពីតម្លៃនៃការផលិតរបស់ខ្លួន មានទីផ្សារ…ប្រជាជនមានទឹកចិត្តសប្បាយរីករាយ”។ លោកសង្ឃឹមថា ក្រុមហ៊ុន Global Ecological Rice (Cambodia) នឹងអាចពង្រីកទីតាំងរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រវិស័យកសិកម្មកម្ពុជា ស្របពេលដែលសព្វថ្ងៃក្រុមហ៊ុននេះបោះទីតាំងក្នុងខេត្តបាត់ដំបងរួចមកហើយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម