សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង៦២លានដុល្លារពីការនាំចេញផ្លែចេក ប៉ុន្តែបញ្ហាប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់ដល់ទិន្នផល
បញ្ហាប្រែប្រួលអាកាសធាតុក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ទៅដល់ទិន្នផលកសិកម្មរួមទាំងដំណាំចេកនៅប៉ុន្មានខែដើមឆ្នាំនេះ ដែលធ្វើឱ្យការនាំចេញផ្លែចេករបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានការធ្លាក់ចុះជាង៣៣ភាគរយ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការនាំចេញផ្លែចេកបានធ្លាក់ចុះ៣៣,៨៦ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ដែលសម្រេចទឹកប្រាក់ចំនួន ៦២,៥៨លានដុល្លារ ធ្លាក់ចុះជាង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់ចំនួន ៩៤,៦១លានដុល្លារ។

លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខាលឈ័រ បានឱ្យដឹងថា ថា ការធ្លាក់ចុះនៃបរិមាណនាំចេញចេកក្នុងប៉ុន្មានខែដើមឆ្នាំ២០២៤នេះ មិនមែនដោយសារតែតម្រូវការទីផ្សារទេ តែបញ្ហានេះកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។
លោកថា ការនាំចេញចេកធ្លាក់ចុះនេះគឺមិនត្រឹមតែក្រុមហ៊ុនរបស់លោកប៉ុណ្ណោះទេ ក្រុមហ៊ុនដទៃទៀតបាននាំចេញចេកទៅកាន់ប្រទេសចិនក៏ថយចុះ ដែលបញ្ហានេះកើតឡើងដោយសារតែទិន្នផលដែលប្រមូលក្នុងប៉ុន្មានខែដើមឆ្នាំនេះមានការថយចុះ។
លោកបាននិយាយដូច្នេះថា៖«តម្រូវការទីផ្សារនៅតែមាន ហើយតម្លៃវិញក៏មិនមានបញ្ហាដែរ តែទិន្នផលវិញថយចុះដោយសារតែកត្តាអាកាសធាតុ និងបញ្ហាបច្ចេកទេស ជាពិសេសចម្ការធំៗ រងឥទ្ធិពលច្រើនពីបញ្ហានេះ។ »។
លោក ហ៊ុន ឡាក់ បានបន្ថែមថា នៅពេលដែលមានការប្រែប្រួលអាកាសធាតុ ជាពិសេសការរងផលប៉ះពាល់ពីបាតុភូតអែលនីណូ (គ្រោះរាំងស្ងួតអូសបន្លាយ) ដែលនាំឱ្យដីសំណើម ដោយសារខ្វះទឹក កើតសត្វល្អិតចង្រៃច្រើនធ្វើឱ្យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមិនសូវមានប្រសិទ្ធភាព។

លោកបានបន្តថា ចេកអំបូងលឿង ដែលកម្ពុជា បាននិងកំពុងនាំចេញ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ជាពូជចេកម្យ៉ាង ដែលមានលក្ខណពិសេសជាងចេកដទៃទៀត ដោយចេកប្រភេទនេះ មានរសជាតិឆ្ងាញ់ជាងចេកដទៃទៀត ហើយមិនអាចទុកទុំនៅលើដើមបានទេ តម្រូវឱ្យបេះពេលនៅខៀវចាស់ និងអាចដឹកជញ្ជូនបានឆ្ងាយ ព្រោះអាចទុកបានរហូតដល់ជិត២ខែឯណោះ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកញ្ញា អ៊ឹម រចនា ធ្លាប់បានលើកឡើងដែរថា ចេកស្រស់របស់កម្ពុជាប្រមាណជាង៩០ភាគរយ រួមទាំងដំណាំសក្តានុពលរបស់កម្ពុជាមួយចំនួន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដំណាំកសិកម្មដទៃទៀត ចិននិងកម្ពុជា បន្តពិភាក្សាក្នុងនាំចេញបន្ថែម។
កញ្ញាបានបញ្ជាក់ថា ៖ «ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជាយើង មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ ជាដើមទៀតផង។ ការនាំចេញផ្លែចេក និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា»។
សម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតឡើងដោយសារតែបាតុភូត អែលនីណូវិញ កញ្ញាបានប្រាប់ថា ក្រសួង ក៏បាននិងកំពុងជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ ជាពិសេសមន្ទីរកសិកម្មរាជធានីខេត្ត ឱ្យយកចិត្តទុកដាក់ គិតគូរការចុះទៅអន្តរាគមន៍ទាន់ពេលវេលាក្នុងការស្ដារការប៉ះពាល់និងខូចខាតនានា។

ចេកស្រស់ប្រមាណជា ២៩ ម៉ឺនតោន ត្រូវបានកម្ពុជាធ្វើការនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ ២០២៣ កន្លងមក ដោយមានការធ្លាក់ចុះប្រមាណជាង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្មថា កម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា នៅក្នុងឆ្នាំ២០២២ និងអាចមានការកើនឡើងតិចតួច ក្នុងឆ្នាំ២០២៣ កន្លងមកនេះ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺជាដើម៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


