ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកជំនាញថៃ អំពាវនាវឱ្យបង្កើនពន្ធលើទំនិញចិន ដែលហូរចូលទីផ្សារក្នុងស្រុក
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) របស់ប្រទេសថៃ បាននិយាយថា ការហូរចូលនៃផលិតផលឧស្សាហកម្មរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ថៃ ដោយកាត់បន្ថយចំណែកទីផ្សារនៅក្នុងតំបន់ និងនាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនជិត ២០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានេះ វត្តមានរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Temu នៅថៃ រំពឹងថានឹងធ្វើឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ទៅៗ ដោយបណ្តាលឱ្យសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលជាសមាជិកសំខាន់នៃ JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលដាក់ពន្ធបន្ថែមលើផលិតផលនាំចូលពីចិនមួយចំនួន។
ប្រធានសមាគមធនាគារថៃ លោក Payong Srivanich ដែលធ្វើជាប្រធានកិច្ចប្រជុំ JSCCIB កាលពីថ្ងៃពុធ បាននិយាយថា៖ «ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការថ្មី ដើម្បីការពារប្រទេសថៃឱ្យកាន់តែប្រសើរឡើងប្រឆាំងនឹងផលិតផលរបស់ចិននោះទេ ក្រុមហ៊ុនជាច្រើនទៀតទំនងជានឹងត្រូវបិទទ្វារ»។
គួរគូសបញ្ជាក់ថា ចាប់ពីខែមករាដល់ខែមិថុនា ការនាំចូលផលិតផលរបស់ចិនបានកើនឡើង ៧,១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ក្នុងតម្លៃសរុប ៣៧,៥ ប៊ីលានដុល្លារ ដែលបង្កើតជាឱនភាពពាណិជ្ជកម្ម ១៩,៩ ប៊ីលានដុល្លារ ដោយកើនឡើង ១៥,៦ ភាគរយ។
ក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ចំណែកទីផ្សារនៃគ្រឿងឧបករណ៍អគ្គិសនីរបស់ថៃ បានធ្លាក់ចុះមកនៅត្រឹម ១១,៥ ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ១២,៧ ភាគរយ ពីឆ្នាំមុន ខណៈចំណែកទីផ្សារនៃរថយន្តផលិតនៅថៃក្នុងរយៈពេលដដែល ក៏បានធ្លាក់ចុះមកនៅត្រឹម ១៨,៧ ភាគរយ ពីប្រមាណ ២០,៩ ភាគរយ។

លោក Payong បានគូសបញ្ជាក់ថា ស្ថានភាពនៃលំហូរទំនិញចិន បានប៉ះពាល់ដល់ឧស្សាហកម្មថៃចំនួន ២៣ ដែលប្រឈមនឹងសម្ពាធកាន់តែខ្លាំង ក្រោយការចូលមកដល់នៃវត្តមានរបស់ក្រុមហ៊ុនចិន Temu ដែលលក់ផលិតផលតម្លៃទាបៗពីរោងចក្រនៅចិនដោយផ្ទាល់ ដល់អតិថិជនរបស់ខ្លួននៅថៃ។ លោកបន្តថា សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទទួលរងផលប៉ះពាល់ខ្លាំងបំផុត។
ជាមួយគ្នានេះ ប្រធាន FTI លោក Kriengkrai Thiennukul បាននិយាយថា បញ្ហាលំហូរទំនិញចិនស្ទុះឡើង ខណៈការបិទរោងចក្រនៅថៃបានកើនឡើង ដោយក្នុងឆមាសទី១ឆ្នាំនេះ រោងចក្រប្រមាណ ៦៦៧ កន្លែង បានបិទទ្វារ (កើនឡើងជាង ៨៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ នេះបើតាមបាងកកប៉ុស្តិ៍។
លោក Kriengkrai បានលើកឡើងថា ដោយផ្អែកលើច្បាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន រដ្ឋាភិបាលថៃ ត្រូវតែពិចារណាលើការអនុវត្តពន្ធលើផលិតផលមួយចំនួន ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។ លោកបន្តថា៖ «យើងមានការព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់រដ្ឋក្នុងការពន្យឺតការនាំចូលផលិតផលពីចិន នឹងមិនគ្រប់គ្រាន់ក្នុងការការពារអាជីវកម្មថៃនោះទេ»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


