ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មភោជនីយដ្ឋានថៃប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ខ្លះពិបាកជាងសម័យកូវីដទៀត
ឧស្សាហកម្មភោជនីយដ្ឋានថៃកំពុងប្រឈមមុខនឹងផលលំបាកសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយអ្នកខ្លះនិយាយថា វាពិបាកសូម្បីតែជាងសម័យកូវីដ១៩ ដោយសារតែការដើរអូសជើងនៃកំណើនសេដ្ឋកិច្ចថៃ ការធ្លាក់ចុះនៃភ្ញៀវទេសចរ និងកំណើនថ្លៃឈ្នួលពលកម្មជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានចេញការព្យាករកាលពីខែមុន ដោយប៉ាន់ស្មានតម្លៃអាជីវកម្មភោជនីយដ្ឋាន និងភេសជ្ជៈថៃ នឹងមានទំហំ ៦៤៦ ប៊ីលានបាត ក្នុងឆ្នាំ ២០២៥ កើនឡើង ២,៨ ភាគរយ ធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ មជ្ឈមណ្ឌលបានដាក់ការព្យាករកាលពីចុងឆ្នាំមុនសម្រាប់ឆ្នាំ ២០២៥ រហូតដល់ ៦៥៧ ប៊ីលានបាត ដោយកើនឡើង ៤,៦ ភាគរយ។
ការបន្ទាបការព្យាករនេះ ឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចថៃ ដែលបង្កហានិភ័យដល់ការងារ និងអំណាចនៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលទាំងនេះ សុទ្ធតែជាកត្តាសំខាន់ៗ ដែលជះឥទ្ធិពលដល់វិស័យម្ហូបអាហារ និងភេសជ្ជៈ។
ជាងនេះទៅទៀត អាជីវកម្មភោជនីយដ្ឋាន និងភេសជ្ជៈ ក៏រងផលប៉ះពាល់ដោយហានិភ័យនៃការធ្លាក់ចុះនៃវិស័យទេសចរណ៍ថៃផងដែរ។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារ (២៤ មិថុនា) ថា ការមកដល់នៃភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃ ចន្លោះពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២២ មិថុនា បានធ្លាក់ចុះ ៤,២៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ១៦,០៤ លាននាក់ ដែលបញ្ហានេះកំពុងបង្កើនក្ដីបារម្ភពីវិបត្តិទេសចរណ៍ថៃ។
ជាមួយគ្នានោះ ខណៈចំនួនទេសចរក្នុងស្រុករំពឹងថានឹងកើនឡើង ប្រជាជនថៃមួយចំនួនអាចនឹងមានការប្រុងប្រយ័ត្នជាមួយនឹងការចំណាយលើការធ្វើដំណើររបស់ខ្លួន ដោយក្ដីបារម្ភផ្នែកសេដ្ឋកិច្ច។

K-Research បានព្យាករថា ភោជនីយដ្ឋានដែលផ្តល់គ្រប់សេវាកម្ម ទំនងជារងផលប៉ះពាល់ដោយលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន ដោយប្រាក់ចំណូលសរុបត្រូវបានព្យាករនៅ ២០៩ ប៊ីលានបាត ក្នុងឆ្នាំនេះ កើនឡើងត្រឹមតែ ១,១ ភាគរយ។ កំណើនតិចតួច រួមចំណែកដោយការថយចុះនៃការទទួលទានអាហារក្រៅផ្ទះ និងការចំណាយទាបរបស់អតិថិជន។
ប្រធានសមាគមភោជនីយដ្ឋានថៃ លោក Chanon Koetcharoen បានលើកឡើងថា៖ «ឧស្សាហកម្មភោជនីយដ្ឋានថៃនៅឆ្នាំនេះ ហាក់ដូចជាមានការប្រកួតប្រជែងច្រើនជាងក្នុងអំឡុងវិបត្តិជំងឺរាតត្បាត»។
លោកបានបន្តថា អំឡុងពេលវិបត្តិកូវីដ វេទិកាដឹកជញ្ជូនអាហារ និងគោលនយោបាយជំរុញសេដ្ឋកិច្ចផ្សេងៗរបស់រដ្ឋាភិបាល បានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ឧស្សាហកម្មភោជនីយដ្ឋាន។ ប៉ុន្តែឆ្នាំនេះ លោក Chanon បាននិយាយថា ក្តីបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងក្នុងស្រុកកំពុងធ្វើឱ្យប្រជាជនមានអារម្មណ៍ថា ខ្លួនគ្មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យពួកគេកាន់តែប្រុងប្រយ័ត្នចំពោះការចំណាយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


