Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិន ជាមួយកសិកររដូវកាលថ្មី តម្លៃទាបជាងមុន

បានផុស

នៅ

តំណាងក្រុមហ៊ុន ឆាយណា ជីនវ័រយាន និងតំណាងសហគមន៍ផ្លែមៀនប៉ៃលិនបានចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់​រដូវ​កាលថ្មី ឆ្នាំ ២០២៤ ពោលគឺមានតម្លៃទាបជាងឆ្នាំមុនបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះថា តំណាងក្រុមហ៊ុន ឆាយណាជីនវ័រយាន បាន​ចុះ​កិច្ច​សន្យា​ទិញផ្លែមៀនប៉ៃលិនរដូវកាលថ្មី ដោយធ្វើកិច្ចសន្យាពីរដំណាក់កាល ពោលគឺដំ​ណាក់​កាល​​​​​ទី១ ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ក្រុមហ៊ុនទិញក្នុងតម្លៃ ៣០០០ រៀល ក្នុង​មួយ​គីឡូ​ក្រាម​ ដំណាក់កាលទី២ ចាប់ពីខែធ្នូ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនទិញ​ក្នុងតម្លៃ ៣៥០០ រៀល ក្នុងមួយគីឡូក្រាម។

លោក សាយ សុផាត បញ្ជាក់ថា តម្លៃនេះទាបជាងឆ្នាំមុនបន្តិច ដោយក្រុមហ៊ុនលើកហេតុផល​ប៉ះពាល់​ខូចខាតច្រើនក្នុងពេលដឹកជញ្ជូន។

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនយល់ឃើញថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។

លោក​ សួន ជុំបញ្ជាក់ថា៖ «យើងគិតថា ៣០០០ ថោក ប៉ុន្តែខ្ញុំគិតថា មិនថោកទេ វាល្មមហើយ ក្នុងមួយដើម អាយុចាប់ពី៧ ឆ្នាំឡើងទៅ ប្រសិនបើកសិករចេះបច្ចេកទេសថែទាំឱ្យត្រូវក្បួន វាបាន ១០០ គីឡូក្រាមហើយក្នុង​មួយដើម ហើយយើងចុះទុនក៏មិនច្រើនដែរ តែបើអ្នកមិនចេះធ្វើវិញគឺគាត់ធ្វើបានតែ ២៥ គីឡូក្រាមនោះគាត់នឹងខាត»។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន កើនឡើងជាង ១២០ ភាគរយ បើធៀបនឹងរយៈ​ពេលដូច​គ្នា​កាល​​ពីឆ្នាំមុន។

ការនាំ​ចេញ​ផ្លែមៀនប៉ៃលិនក្នុងទំហំទឹកប្រាក់ប្រមាណ ២២ លានដុល្លារ ការកើនឡើង ១២៩ ​ភាគរយ ​នៅក្នុងឆមាសទី១ឆ្នាំនេះ។

នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀន​ស្រស់​មានបរិមាណសរុបជាង ១៧ ៤៩៧ តោន គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ ​លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម