ព័ត៌មានជាតិ
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក
សហព័ន្ធដំឡូងមីកម្ពុជាបានលើកឡើងថា អនុវិស័យដំឡូងមីបានរកចំណូលបានប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក។

ការលើកឡើងរបស់លោកលោក ច្រាយ សុន ធ្វើឡើងក្នុងជំនួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី១៦ខែធ្នូ ដោយលោកបានលើកឡើងពីសក្តានុពលដ៏ធំនៃអនុវិស័យដំឡូងមី និងបានរាយការណ៍ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។
លោកថា៖«កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។ មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម»។

លោក ហែម វណ្ណឌី បានលើកឡើងថា ការផ្លាស់ប្តូរពីការនាំចេញមើមដំឡូងមីស្រស់ ទៅជាការកែច្នៃក្នុងស្រុក គឺជាគន្លឹះក្នុងការបង្កើតតម្លៃបន្ថែម, លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ, និងធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។
លោកបានលើកឡើងពីតួនាទីសំខាន់របស់សហព័ន្ធដំឡូងមីកម្ពុជា ក្នុងការកៀរគរអ្នកដាំ, ជំរុញការប្រើប្រាស់ពូជដែលសម្បូរម្សៅ និងការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយយុត្តិធម៌។
លោករដ្ឋមន្រ្តីបានលើកឡើងថា៖« ក្រសួងគាំទ្រចំពោះសំណើររបស់សហព័ន្ធ ក្នុងការអនុវត្តផលិតកម្មស្អាត និងការបង្កើតចង្កោមខ្សែច្រវាក់តម្លៃដំឡូងមី ព្រមទាំងបានចាត់ឱ្យវិទ្យាស្ថានស្តង់ដារកម្ពុជា ធ្វើបច្ចុប្បន្នភាព “ស្តង់ដារកម្ពុជា” សម្រាប់អនុវិស័យដំឡូងមី ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ»។
ជាមួយគ្នានោះដែរលោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យសហព័ន្ធ សហការជាមួយសហគ្រិនខ្មែរ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដូចជាធនាគារសហគ្រាសធុនតូចនិងមធ្យម និងធនាគារ ARDB ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុការធ្វើផែនការអាជីវកម្ម ការចូលរួមពិព័រណ៍អន្តរជាតិ និងការពង្រីកទីផ្សារជាដើម។
កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ រដ្ឋាភិបាលសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥ ក្នុងគោលបំណងដើម្បីជំរុញការផលិតកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមសេចក្តីព្រាងច្បាប់នេះមានគោលបំណងដើម្បីប្រែក្លាយប្រទេសកម្ពុជាជាទីតាំងផលិត កែច្នៃ និងអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីប្រកបដោយនិរន្តរភាពសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក។

គោលនយោបាយជាតិបានលើកឡើងថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដំណាំដំឡូងមីដែលជាដំណាំធំទី២ បន្ទាប់ពីស្រូវនឹងមានការគាំទ្រពិសេសដើម្បីទាញយកផលប្រយោជន៍ឲ្យបានជាអតិបរមា និងការអភិវឌ្ឍដំណាំនេះឲ្យក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការធ្វើបដិវត្តន៍ឧស្សាហកម្មនៅកម្ពុជាឆ្នាំ ២០១៥-២០២៥»។
សព្វថ្ងៃ ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្មដែលបាននាំចេញដ៏សំខាន់របស់ប្រទេសកម្ពុជាដោយបានរួមចំណែកពី ៣ ទៅ ៤ ភាគរយ នៃផលិតផលសរុបក្នុងស្រុក។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNDP ស្តីពីការរៀបចំករណីវិនិយោគសម្រាប់ដំឡូងមីដែលចេញផ្សាយកាលពីចុងឆ្នាំ ២០១៩ បង្ហាញថា ការវិនិយោគលើដំណាំដំឡូងមីអាចទទួលបានផលច្រើនជាងការវិនិយោគក្នុងវិស័យផលិតកម្មស្រូវ ចិញ្ចឹមសត្វ ស្បៀងអាហារ និងទេសចរណ៍។

ការសិក្សានេះបានឲ្យដឹងទៀតថា កំណើនចំណូលពីសារពើពន្ធផ្ទាល់សម្រាប់វិស័យដំឡូងមីទទួលបានប្រមាណ ១៣០ លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ដែលប្រហាក់ប្រហែលនឹងចំណូលពីស្រូវ ការចិញ្ចឹមសត្វ និងស្បៀងអាហារ។ លើកលែងតែវិស័យទេសចរណ៍ដែលផ្តល់ផលចំណេញច្រើនជាងគេគឺ ១៥១ លានដុល្លារ។
ការអភិវឌ្ឍក្នុងវិស័យដំឡូងមីកម្ពុជាត្រូវការកញ្ចប់ថវិកាវិនិយោគសាធារណៈចំនួន ២៩៦ លានដុល្លារ ខណៈការអភិវឌ្ឍវិស័យនេះភាគច្រើនពុំទាន់យកចិត្តទុកដាក់ខ្ពស់លើការកែច្នៃក្នុងប្រទេសនោះទេ។ នេះបើតាមការសិក្សារបស់ UNDP៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


