ព័ត៌មានជាតិ
កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម
ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាងបានឱ្យដឹងថា នាពេលបច្ចុប្បន្ន ប្រជាកសិករដាំដំឡូងមីនៅក្នុងខេត្តរបស់លោកក្រៅតែពីដាំដុះដំឡូងមី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏នៅមានកែច្នៃសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងវៀតណាមផងដែរ។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោក សូត្រ ស៊ីសុខឃាង បានមានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងខេត្តមានផ្ទៃដីដាំដុះដំឡូងមី ប្រមាណជាង ៧ម៉ឺនហិតា ក្នុងនោះកសិករមិនត្រឹមប្រមូលផលសម្រាប់កែច្នៃលក់នៅស្រុកប៉ុណ្ណោះទេ តែក៏សម្រាប់នាំចេញទៅក្រៅប្រទេសដូចគ្នាដែរ។ មកដល់ពេលបច្ចុប្បន្ន ទីផ្សារដំឡូងមីនៅក្នុងខេត្តមិនមានបញ្ហាប្រឈមនោះទេ ព្រោះដំឡូងមី ចាប់ផ្តើមប្រមូលផលពេញដៃចាប់ពីខែធ្នូ រហូតមកដល់ខែមេសា ហើយមកដល់បច្ចុប្បន្ននេះនៅក្នុងខេត្តមានតិចតួចប៉ុណ្ណោះដែលសល់ពីការប្រមូលផល ប៉ុន្តែមិនមានបញ្ហាអ្វីនោះទេ ព្រោះកសិករបង្វែរការនាំចេញទៅកាន់ទីផ្សារវៀតណាមជំនួសវិញ។
លោកបានបន្ថែមថា សម្រាប់ផលដំណាំដំឡូងមី នៅក្នុងខេត្តក៏មានរោងចក្រកែច្នៃមួយ ដែលទទួលទិញដំឡូងមីពីកសិករ ដើម្បីយកទៅកែច្នៃចេញជាផលិតផលពាក់កណ្តាលសម្រេចជាម្សៅ សម្រាប់នាំចេញទៅទីផ្សារខាងក្រៅប្រទេស។

ជុំវិញការបិទព្រំដែនគោកកម្ពុជា-ថៃ លោក សូត្រ ស៊ីសុខឃាង បានអះអាងថា មកទល់ពេលបច្ចុប្បន្ន មិនមានការជិះឥទ្ធិពលអ្វីអាក្រក់ដល់ការនាំចេញផលិតផលកសិកម្មនៅក្នុងខេត្តឡើយ។ ផ្ទុយទៅវិញលោកយល់ឃើញថា នេះជាឱកាសមួយសម្រាប់កសិករ ព្រោះកន្លងមកយើងពឹងផ្អែកទៅលើទីផ្សាររបស់គេមួយចំនួនពាក់ព័ន្ធបន្លែ ត្រី សាច់ ជាដើម ប៉ុន្តែនៅពេលបិទព្រំដែន កសិករ ក៏ដូចជាសហគមន៍ពួកគេខិតខំផលិតដើម្បីផ្គត់ផ្គង់លើទីផ្សារ ដែលនិងជួយឱ្យអ្នកផលិតកាន់តែទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរជាងមុន និងអាចឱ្យការហូបចុកតាមមូលដ្ឋានកាន់តែមានសុវត្ថិភាពជាងមុន។
«ប្រសិនបើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយពេលតទៅទៀត ពាក់ព័ន្ធទៅនិងទីផ្សារដំឡូងមី យើងក៏មានការព្រួយបារម្ភដូចគ្នាដែរ ព្រោះកន្លងមកយើងក៏នាំចេញទៅកាន់ទីផ្សារប្រទេសថៃដែរ តែក្រៅពីនេះ យើងក៏នៅមានទីផ្សារសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងនាំចេញទៅកាន់ទីផ្សារវៀតណាម»។ លោក ប្រធានមន្ទីរបន្ថែមបែបនេះ។

ដោយឡែក ពាក់ព័ន្ធទៅនិងការកែច្នៃមួយចំនួនសម្រាប់ទីផ្សារក្នុងស្រុក កសិករក៏មានការប្រយ័ត្នប្រយែងនៅក្នុងការផលិត ព្រោះទៅមុខទៀតយើងរំពឹងតែទៅលើទីផ្សារផ្សេងក្រៅពីថៃ។ កន្លងមកទីផ្សារប្រទេសថៃ និងប្រទេសវៀតណាមមានការប្រទាញប្រទង់គ្នាទៅវិញទៅមក មានន័យថា ប្រសិនបើទីផ្សារមួយណាក្នុងចំណោមទីផ្សារទាំងពីរនេះបានថ្លៃជាង នោះកសិករនាំចេញទៅកាន់ទីផ្សារដែលមានតម្លៃល្អជាងមិនខាន ព្រោះដំឡូងមីជាវត្ថុធាតុដើមមួយមុខដែលអាចកែច្នៃបានច្រើនប្រភេទនៅក្នុងឧស្សាហកម្មកែច្នៃ។

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតា ទៅ ៨០ ម៉ឺន ហិកតា។
មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


