Connect with us

សេដ្ឋកិច្ច

កម្ពុជាជាប់លេខ២ ជាប្រទេសផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក

បានផុស

នៅ

គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុត​នៅ​លើ​ពិ​ភពលោក ដែលមានទំហំប្រមាណ ៨០ ម៉ឺន តោនជាមធ្យមក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសប្រទេសកូឌីវ័រ ដែលមានទិន្នផល ១,១ លានតោន ជាមធ្យមក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាមានប្រសាសន៍ថា​ ទិន្នផល​គ្រាប់ស្វាយ​ចន្ទី​​នៅកម្ពុជានឹងកើនឡើងដល់ជាង ១ លានតោន នៅរយៈពេល ៥ ឆ្នាំ​ខាង​​​មុខ ខណៈផ្ទៃដីដាំ​ដុះបានកើនឡើងជារៀងរាល់ឆ្នាំ។

កម្ពុជាបាន​ក្លាយ​ជាអធិរាជស្វាយចន្ទីរួចទៅ​ហើយខាងគុណភាព ពីព្រោះស្វាយចន្ទីខ្មែរ នៅលើ​ពិភព​លោក គ្មាន​​​ស្វាយចន្ទីណាមានគុណភាពដូច​ងទេ គ្រាប់ធំ រសជាតិឆ្ងាញ់ ហើយមាន​សារធាតុ​ចិញ្ចឹម​ច្រើន​។

លោក ស៊ុយ កុកធាន បានបញ្ជាក់ថា៖ «បរិមាណ ក្នុងការផលិតនៅកម្ពុជាគឺយើងជាប់លេខ២ រួច​ហើយ បន្ទាប់ពីប្រ​ទេសកូតឌីវ័រ ខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំក្រោយ បើគ្មានអ្វី​ប្រែ​ប្រួល​ទេ បរិមាណនៃការផលិតស្វាយចន្ទីកម្ពុជានឹង​លើសពី ១ លានតោន អញ្ចឹងវា​អាច​ប្រកួតប្រជែង នឹងអាចក្លាយទៅជាអ្នកដែលឈរលំដាប់លេខ ១ ហើយមានស្ថិរភាព​នៅ​ក្នុងពិភពលោក»។

លោកបានថ្លែងបន្តថា ប្រសិនបើការកែច្នៃហើយនាំចេញផលិតផលកែច្នៃ កម្ពុជា​ត្រូវ​ការ​ពេលវេលា ពីព្រោះការប្រកួតប្រជែង ដូចជាវៀតណាមគេក្លាយទៅជាប្រទេសដែលនាំចេញ ចន្ទី​​កែច្នៃលេខ១ នៅលើពិភពលោក នៅក្នុងអនុវិស័យមួយនេះ ស្ទើរតែ ២០ ឆ្នាំ ហើយ យើង​ទើបតែចាប់ផ្ដើមទេ អញ្ចឹងយើងត្រូវ​ការពេលវេលា។

កាលពីឆ្នាំ ២០២១ កម្ពុជាធ្លាប់ជាប្រទេសលេខ១ លើពិភពលោក កម្ពុជាផលិតបានជាង ១ លានតោន ព្រោះដោយសារនៅពេលនោះ អាកាសធាតុល្អ អំណោយផល ធ្វើឱ្យទិន្នផល​ស្វាយ​ចន្ទីកម្ពុជាកើនឡើង។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាង​គេលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។

លោក តូច ប៊ុនហួរ បានបញ្ជាក់ថា ប្រសិនបើទីផ្សារល្អ មិនមានឧបសគ្គអ្វី មិនយូរទេ យើង​អាចឈាន​ទៅរកអធិរាជស្វាយ​ចន្ទីពិតប្រាកដ ដោយសារថា យើងប្រៀបធៀបនឹងប្រទេស ដែលមានដំណាំស្វាយន្ទី​ច្រើន​ជាងគេ គឺប្រទេស កូតឌីវ័រ មានដល់ជាង ១ លានហិកតា  ហើ​យបន្ទាប់មកប្រទេសឥណ្ឌា ប៉ុន្តែបើនិយាយពីរសជាតិ និងគ្រាប់ គឺស្វាយចន្ទីយើងល្អលើសគេ ចំណុចនេះហើយ​ដែលយើងអាចក្លាយទៅជាអធិរាជស្វាយចន្ទីបាន។

ប្រទេសផលិតស្វាយចន្ទីខាងក្រោម៖

១. ប្រទេសកូឌីវ័រ (Côte d’Ivoire) ប្រមូលផល ពីខែមករា ដល់ មិថុនា (ផលជាមធ្យម ១.១០ លានតោនក្នុងមួយឆ្នាំ)

២. នីហ្សេរីយ៉ា (Nigeria) ប្រមូលផល ពីខែកុម្ភៈ ដល់ ឧសភា (ផលជាមធ្យម ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ)

៣. បឺនីន (Benin) ប្រមូលផល ពីខែកុម្ភៈ ដល់ មេសា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)

៤. បួរគីណាហ្វាសូ (Burkina Faso) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។

៥. គីណេប៊ីសូ (Guinea-Bissau & Guinea) ប្រមូលផល ពីខែឧសភា ដល់ សីហា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។

៦. តាន់ហ្សានី (Tanzania) អាហ្វ្រិកខាងកើត ប្រមូលផល ពីខែតុលា ដល់ មករា (ផលជាមធ្យម ៤០ ម៉ឺនតោនក្នុងមួយឆ្នាំ)។

៧. ឥណ្ឌូនេស៊ី (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែតុលា ដល់ មករា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។

៨. កម្ពុជា (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែកុម្ភៈ ដល់ មិថុនា (ផលជាមធ្យម ៨០ ម៉ឺនតោនក្នុងមួយឆ្នាំ)។

៩. វៀតណាម (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ)

១០. ថៃ និង ឡាវ (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ១០ ម៉ឺនតោនក្នុងមួយឆ្នាំ)

១១. ឥណ្ឌា (អាស៊ីខាងត្បូង) ប្រមូលផល ពីខែកុម្ភៈ ដល់ ឧសភា (ផលជាមធ្យម ៧០ ម៉ឺនតោនក្នុងមួយឆ្នាំ)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម