Connect with us

សេដ្ឋកិច្ច

រោងចក្រកែច្នៃស្វាយចន្ទីធំមួយ នឹងលេចរូបរាងឡើងនៅជាយរាជធានីភ្នំពេញនាដំណាច់ឆ្នាំនេះ

បានផុស

នៅ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហើបឱ្យដឹងថា នៅចុងឆ្នាំ ២០២៥ នេះ​រោងចក្រកែច្នៃចន្ទីមួយ នឹងលេចចេញជារូបរាងឡើងនៅជាយក្រុងភ្នំពេញ ដែលមាន​សមត្ថភាព​ផលិត ១២០០តោន ក្នុងមួយខែ ជាការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមួយ របស់​ឧកញ៉ាស្រុកខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននេះនឹងមានវត្តមានក្នុងជំនួបធុរកិច្ច ០៣ សីហា ២០២៥ ដើម្បីប្រមូលទិញ​គ្រាប់ឆៅ​ពី​កសិករ​ខ្មែរនារដូវប្រមូលផល ២០២៦។

យោងតាមក្រសួងកសិកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយ​ចន្ទីឆៅ​ចំនួន​ជាង ៥៧ ម៉ឺន ៨ ពាន់តោន កើនឡើង ៥,៩៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា នៅឆ្នាំនេះ គ្រាប់ស្វាយ​ចន្ទី​សើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ក្នុងមួយគីឡូក្រាម និងមានតម្លៃចន្លោះ ៤៨០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និង​គុណ​​ភាព​គ្រាប់ បើ​ប្រៀប​​​ធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយ​ចន្ទី​ឆ្នាំ​​២០២៥​នេះ មាន​តម្លៃ​ខ្ពស់​ជាងគេ ដោយសារមានទីផ្សារល្អ។

នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយ​ចន្ទី​ចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១ ពាន់ ១៥០ លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះ​នាំចេញ​ទៅវៀត​ណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំទំហំ ១៤៧ ៧០៣ ហិកតា ខេត្តក្រចេះ ១០២ ៥២០ ហិកតា រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម