ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ហួសចិត្ត ក្រោយមានអ្នកមួយចំនួន យកសំឡេងទ្រខ្មែរមកចំអន់លេងសើច និងស្នើបញ្ឈប់ទង្វើនេះ
ជាថ្មីម្តងទៀតតារាចម្រៀងសំឡេងពិរោះរណ្តុំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា បង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំងបន្ទាប់ពីឃើញមានបុគ្គលមួយចំនួន នាំគ្នាលើកយកសំឡេងទ្រមកចំអកលេងសេីច និងបន្ទាបបន្ថោកតម្លៃទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរ។

កំពូលតារាចម្រៀងជើងចាស់រូបនេះ បានរៀបរាប់ដោយសោកស្តាយ និងបង្ហាញក្តីឈឺចាប់ខ្លាំង បន្ទាប់ពីមានអ្នកដកស្រង់ឈុតមួយ នៃវីដេអូរឿងខ្មែរ ដោយនិយាយថា “ថ្លង់សំឡេងទ្រ រកដេកពួនមិនបាន” ហើយត្រូវបានអ្នកមួយចំនួន បញ្ចេញមតិ និងចែករំលែកបែបចំអកលេងសើចលើបណ្តាញទំនាក់ទំនងសង្គម។
អ្នកនាងបន្តទៀតថា តាមរយៈវីដេអូឈុតខ្លី និងសម្តីអ្នកបញ្ចេញមតិទាំងនោះ អ្នកខ្លះបានប្រេីពាក្យចំអកបន្ទាបបន្ថោកតម្លៃទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរដ៏ចំណាស់នេះយ៉ាងខ្លាំង រហូតអ្នកខ្លះហ៊ានប្រដូចទៅនឹងរូបភាព ក្នុងន័យមិនល្អទៀតផង។ តារាចម្រៀងស្រីជើងចាស់រូបនេះ យល់ឃើញថា កាយវិការទាំងនេះបានធ្វេីឱ្យប៉ះពាល់ដល់តម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរផង និងប៉ះពាល់ដល់ទឹកចិត្ត សតិអារម្មណ៍របស់លោកគ្រូអ្នកគ្រូតន្ត្រីករ (អ្នកលេងភ្លេងបុរាណ លេងទ្រ)ផង។
មួយវិញទៀត អ្នកនាងយល់ថា ការលេងសេីចនេះដែរ ក៏អាចបញ្ជាក់ពីកម្រិតយល់ដឹង ការគោរព និងជាតិសាសន៍ វប្បធម៌និយមរបស់មនុស្សមួយចំនួន គឺនៅមានកម្រិតទាបគួរឱ្យបារម្ភ។ អ្នកនាងសង្កត់ធ្ងន់ថា “សោកស្តាយ និងឈឺចាប់បំផុតដែលខ្លួនជាខ្មែរ តែមិនស្គាល់អ្វីជារបស់ខ្មែរខ្លួនឯង មានរបស់មិនចេះថែ ប៉ុន្តែចូលចិត្តឡាំប៉ានៅពេលគេយកទៅបាត់”។

ក្នុងនាមជាអ្នកសិល្បៈជើងចាស់មួយរូប អ្នកនាង ម៉េង កែវពេជ្ជតា បង្ហើបអារម្មណ៍ខ្លួនថា ក្រោយឃើញការចំអន់លេងសើចបែបនេះដំបូង ខ្លួនខំទប់ចិត្ត អូសរំលង ធ្វេីមេីលមិនឃេីញដែរ ប៉ុន្តែនៅតែមិនអាចធ្វេីចិត្តបាន ព្រោះបើទោះជាបិទភ្នែកយ៉ាងណា ក៏ខ្លួនជាខ្មែរ ម៉្យាងលោកឪពុករបស់អ្នកនាង ក៏ជាស្តេចទ្រសោមួយរូបដែរ ឯអ្នកម្តាយ និងបងប្អូន ក៏ជាតន្ត្រីករ ជាអ្នកចចម្រៀងអាយ៉ៃ សម័យ-បុរាណ ភ្លេងការ មហោរីយីកេ បាសាក់ជាដើម។ ដូច្នេះ អ្នកនាងមិនអាចមិនអេីពេីឡើយ ដោយគ្រាន់តែចង់ទទូចសុំអ្នកក្នុងបណ្តាញសង្គមមួយចំនួន មេត្តាបញ្ឈប់សកម្មភាពនេះ។
ទន្ទឹមនេះ អ្នកនាងក៏សូមសំណូមពរទៅកាន់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធ ជួយបញ្ឈប់រាល់សកម្មភាពលេងសេីចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ឬអ្វីដែលទាក់ទងនឹងសិល្បៈខ្មែរ។ អ្នកនាង សង្ឃឹមដែរថា សារមួយនេះនឹងជួយបណ្តាលចិត្តសាធារណជនដែលយល់ខុសមួយចំនួន ឱ្យបញ្ឈប់រាល់ការគិត និងសកម្មភាពមិនល្អ ហេីយងាគមកជួយគ្នាថែរក្សាការពារឱ្យបានមាំមួន នូវសម្បត្តិវប្បធម៌ខ្មែរ ដេីម្បីឱ្យមានស្នាមញញឹម ដេីរទន្ទឹមនឹងភាពសុីវិល័យនៃឧបករណ៍តន្ត្រីសម័យ ដែលជាឧបករណ៍ភ្លេងរបស់បច្ចឹមប្រទេស។
គួរជម្រាបថា ទ្រ គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរ ដែលដេីរតួយ៉ាងសំខាន់ក្នុងបទភ្លេងចម្រៀង ល្ខោន របាំ ក្នុងពិធីខ្មែរ ដែលមិនអាចខ្វះបាន។ ទ្រខ្មែរខ្សែ៣ ទ្រសោ ទ្រអ៊ូ ទ្រឆេ ទាំងអស់នេះ ពេលខ្លះអាចធ្វេីជាតួឯកទៀតផង ទៅតាមទម្រង់នៃបទភ្លេងចម្រៀង ហើយបើនៅក្នុងពិធីរៀបមង្គលការ ទ្រសោ គឺជាតួឯកសម្រាប់នាំមុខគេ។ សូមបញ្ជាក់ថា ទ្រ នៅ មានតួនាទីជាច្រេីនទៀត និងស្ទេីតែលេីសឧបករណ៍តន្ត្រីបុរាណខ្មែរដទៃទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?