Connect with us

ព័ត៌មានអន្ដរជាតិ

ជនរងគ្រោះ​ធ្លាក់យន្តហោះ​ Air India មិនទាន់កំណត់អត្តសញ្ញាណអស់

បានផុស

នៅ

មន្ត្រីសុខាភិបាលឥណ្ឌា បានចាប់ផ្តើមប្រគល់សាកសពដល់ក្រុមគ្រួសារ​​​ជាបណ្តើរៗ​ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះ Boeing 787-8 Dreamliner របស់ Air India ក្នុងទីក្រុង Ahmedabad ដែលជា​ហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខណៈកន្លង​ទៅ​បួនថ្ងៃ ហើយ​សាកសពទាំងអស់នៅតែមិនទាន់កំណត់អត្តសញ្ញាណរួចរាល់។

បុគ្គលិកសុខាភិបាលបញ្ជូនសាកសពជនរងគ្រោះ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃអាទិត្យ ជនរងគ្រោះចំនួនត្រឹមតែ​៨០នាក់ប៉ុណ្ណោះត្រូវបានគេកំណត់អត្តសញ្ញាណតាមរយៈដំណើរការ DNA យ៉ាងល្អិតល្អន់និងយឺតយ៉ាវ ដែលទុកឱ្យគ្រួសារជាច្រើននៅតែរង់ចាំទទួលសាកសពសាច់ញាតិរបស់ពួកគេទាំងអន្ទះ​សារ។ ពិធីបុណ្យសពបានចាប់ផ្តើមបណ្ដើរៗហើយ ប៉ុន្តែភាពសោកសៅកាន់តែកើនឡើងដោយសារភាពមិនច្បាស់លាស់ និងការពន្យារពេលដោយសារតែការកំណត់អត្តសញ្ញាណ។

ហេតុការណ៍ធ្លាក់យន្តហោះនេះបានទាក់ទាញការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះផងដែរ ចំពោះការឆ្លើយតបយឺតយ៉ាវរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយអ្នកខ្លះបាននិយាយថាពួកគេត្រូវបានឲ្យរងចាំរយៈពេល៤៨ម៉ោងសិន តែមកដល់ពេលនេះមានរយៈ៤ថ្ងៃហើយដែលពួកគេនៅតែរងចាំចម្លើយ។

(រូបភាព៖ Reuters)

សូមបញ្ជាក់ថា ជើងហោះហើរដែលធ្វើដំណើរទៅទីក្រុងឡុងដ៍បានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់មនុស្ស ២៧៩ នាក់ក្នុងនោះមាន៣៨ នាក់នៅលើដី។ មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត គឺជាពលរដ្ឋអង់គ្លេសដើមកំណើតឥណ្ឌាឈ្មោះ Vishwash Kumar Ramesh។

រយៈពេលប្រមាណ២៤ម៉ោងក្រោយធ្លាក់យន្តហោះ ក្រុមមន្ត្រីបានរកឃើញប្រអប់ខ្មៅ រួមទាំងឧបករណ៍ថតសំឡេងពីកាប៊ីនខាងមុខយន្ដហោះ ដែលអាចជួយអ្នកស៊ើបអង្កេតកំណត់មូលហេតុនៃការ​ធ្លាក់​យន្តហោះ​នេះ​។ ជាមួយគ្នានេះអាជ្ញាធរឥណ្ឌា​ក៏​បាន​បើក​ការ​ត្រួត​ពិនិត្យ​កង​យន្តហោះ Dreamliner របស់​ក្រុមហ៊ុន Air India ទាំងអស់ដើម្បីជាការប្រុងប្រយ័ត្នផង​ដែរ៕

(រូបភាព៖ Reuters) សាច់ញាតិជនរងគ្រោះរងចាំផ្ដល់ DNA
(រូបភាព៖ Reuters)
(រូបភាព៖ Reuters) បំណែកយន្តហោះដែលធ្លាក់
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម