ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក
ជុំវិញប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា ដូចមុនពេលមានជម្លោះព្រំដែន លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានអះអាងថា ក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដោះស្រាយបញ្ហានេះដល់ពលរដ្ឋ ជាពិសេសការបង្វែរទិសទំនិញដែលប្រជាពលរដ្ឋធ្លាប់លក់ទៅឱ្យថៃ ទៅកាន់ទីផ្សារផ្សេងទាំងក្នុង និងក្រៅស្រុកដែលគេត្រូវការ។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី១៦ ខែមិថុនា នេះ លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា បច្ចុប្បន្នយើងបានដឹងស្រាប់ហើយថា ទីផ្សារក្នុងស្រុកមួយចំនួន ក៏ទទួលទិញទំនិញសម្រាប់ប្រើប្រាស់ដូចគ្នាដែរ ដូច្នេះជាជាងនាំចេញយកទៅលក់ឱ្យថៃ កម្ពុជាក៏អាចជំនួសការទិញទំនិញក្នុងស្រុកសម្រាប់ការប្រើប្រាស់ដូចគ្នាដែរ។ ក្នុងនោះទំនិញដែលល្អ អាចទទួលទិញដោយប្រទេសចិន និងវៀតណាម ក្រសួងនឹងព្យាយាមជំរុញការនាំចេញឱ្យស្របតាមប្រសាសន៍សម្ដេចតេជោក្នុងការខិតខំរកទីផ្សារនៅក្រៅស្រុកបន្ថែមទៀត។
ក្រសួងពាណិជ្ជកម្ម ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់រូបភាពរបស់ខ្លួននៅក្នុងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសផ្សេងទៀត ក្រៅតែពីប្រទេសថៃ ពីព្រោះកម្ពុជាជាមួយប្រទេសជិតខាង ក៏មានទំនាក់ទំនងទ្វេភាគីដែរ ជាពិសេសនៅទីផ្សារនៅក្នុងអាស៊ាននេះ ដោយយើងមានទីផ្សារធំមួយដែលហៅថា ASEAN Market ហើយទីផ្សារនេះក៏ធ្លាប់ស្រូបទាញទំនិញពីកម្ពុជាដែរ។

លោក ប៉ែន សុវិជាតិ បានអះអាងថា៖ «ការបញ្ជាទំនិញទៅតាមទីផ្សារនានា និងការបង្វែរទិសទំនិញពីទីផ្សារប្រទេសថៃដែលធ្លាប់នាំចេញកាលពីពេលកន្លងទៅ ក៏មិនមែនជាគឺមិនមែនជាការលំបាកអ្វីទេ ហើយក៏មិនមែនជាបញ្ហាអ្វីចម្លែកដែរសម្រាប់ក្រសួង ព្រោះក្រសួងពាណិជ្ជកម្មក៏ធ្លាប់ធ្វើការងារនេះម្តងរួចមកហើយ ក្រសួងនឹងប្រឹងប្រែងបន្តទៀតនៅក្នុងការបញ្ជ្រាបកសិករផលទាំងអស់នោះយកទៅលក់ឱ្យទីផ្សារផ្សេងទៀតដែលគេត្រូវការ»។
ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនលើការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃ លោក ប៉ែន សុវិជាតិ ជឿជាក់ថា ពលរដ្ឋខ្មែរនឹងស្មារតីស្នេហាជាតិខ្ពស់ដោយមិនដំឡើងថ្លៃទំនិញ ស្របពេលវេលាដែលកម្ពុជា កំពុងមានបញ្ហាជាមួយថៃ និងត្រៀមខ្លួនងាកទៅរកទីផ្សារផ្សេង នេះដូចគ្នាដែរ។
«ក្រសួងពាណិជ្ជកម្ម ក៏បានត្រៀមផងដែរ ជាពិសេសកសិករផលមួយចំនួនដែលត្រូវការប្រើប្រាស់ចាំបាច់ និងទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ ក្រសួងបានត្រៀមខ្លួននៅក្នុងការចុះអន្តរាគមន៍ និងចាត់ជាមន្ត្រីជំនាញធ្វើការតាមដានតម្លៃទំនិញជាប្រចាំទៅលើប្រភេទទំនិញ ១៩៩មុខ ជាប់ជាប្រចាំរាល់ថ្ងៃ។ ប្រសិនជាមានទំនិញណាឡើងថ្លៃ ក្រសួងនិងចុះធ្វើអន្តរាគមន៍ភ្លាមៗ ដោយក្រសួងមិនត្រឹមតែធ្វើអន្តរាគមន៍លើទំនិញជីវសាស្ត្រប៉ុណ្ណោះទេ គឺក្រសួងអាចនឹងធ្វើអន្តរាគមន៍លើទំនិញប្រើប្រាស់ប្រចាំថ្ងៃជាដើម។» លោក ប៉ែន សុវិជាតិ បន្ថែមយ៉ាងដូច្នេះ។

ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា កន្លងមកថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដូច្នេះសម្តេចតេជោមានប្រតិកម្មជារឿងដែលសមស្រប ព្រោះជាការពិតប្រសិនបើកម្ពុជានាំចូលទៅមិនបាន កម្ពុជាក៏មិនអាចឱ្យគេនាំចូលមកវិញដូចគ្នាដែរ ប៉ុន្តែតាមប្រសាសន៍សម្តេចតេជោ គឺគ្រាន់តែការបិទទៅលើការនាំចូលប្រភេទបន្លែ និងផ្លែឈើ មិនមែនលើមុខទំនិញគ្រប់មុខ និងបិទច្រកព្រំដែនតែម្តងនោះទេ។
ដូច្នេះ ចំពោះការបិទនេះ អ្នកឧកញ៉ា លឹម ហេង មើលឃើញថា មិនមានការខ្វះខាតអ្វីនោះទេ ព្រោះសព្វថ្ងៃបន្លែ ផ្លែឈើ កម្ពុជាក៏មានសមត្ថភាពផលិតនៅក្នុងស្រុកបានមួយចំនួនផងដែរ ដែលជាការលើកស្ទួយការហូបចុក និងការផលិតរបស់ខ្មែរនៅក្នុងស្រុកឱ្យមានភាពល្អប្រសើរ។

មួយវិញទៀត ប្រសិនមានការខ្វះខាត កម្ពុជាក៏នៅមានការនាំចូលបន្លែ និងផ្លែឈើ ពីវៀតណាម និងចិន ដូច្នេះមិនមានការប៉ះពាល់អ្វីធំនោះ តែវាអាចបង្កើននៃការផលិតក្នុងស្រុក ឬអាចមានការឡើងថ្លៃតិចតួច។ មួយវិញទៀត នេះក៏ជាភាពប្រកួតប្រជែងក្នុងការពង្រឹងខ្លួនឯងនៅក្នុងការផលិតនូវផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញបើទោះបីជាមិនមានការនាំចូលពីថៃ។
អ្នកឧកញ៉ា បានបន្តថា កន្លងមក ចេកអំបូងលឿង ស្រូវ-អង្ករ ដំឡូងមុី ស្វាយចន្ទីរ ពោត មួយចំនួន គឺកម្ពុជា ឈានដល់ការផលិត និងចេញ ដែលប្រទេសជិតខាងមិនអាចនាំចូលមកបាន នេះហើយដែលកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងពង្រឹងខ្លួនឯង។

សូមជម្រាបថា ក្រោយមានការប៉ះទង្កិចគ្នាកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅដោយភាគីថៃបានបាញ់ចូលលេណដ្ឋានកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតមក បានធ្វើឱ្យវិវាទព្រំដែនរវាងប្រទេសទាំងពីរឡើងកម្តៅ ដែលឈានដល់ភាគីថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគីផងដែរ។
ឆ្លើយតបការធ្វើឡើងរបស់ភាគីថៃ អញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមានបិទច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ចាប់ពីស្អែកនេះតទៅហាមលើការនាំចូលបន្លែ ផ្លែឈើ ចូលមកកម្ពុជា បើសិនជាថៃមិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


