ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង
ក្រោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះចាត់វិធានការក្ដៅចំពោះម្ចាស់រថយន្តដែលយកចិញ្ចើមផ្លូវជាប់របងសាលារៀនសន្ធរម៉ុកធ្វើជាកន្លែងចតរថយន្ត ថ្មីៗ នេះ អាជ្ញាធរខណ្ឌទួលគោក បានដាំបង្គោលការពារមិនអនុញ្ញាតឲ្យចតរថយន្តលើផ្លូវថ្មើរជើងឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថានខណ្ឌទួលគោក ចុះដាំបង្គោលលើចិញ្ចើមផ្លូវ ជាប់របងសាលារៀនសន្ធរម៉ុក នៅមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ១ ដើម្បីការពារកុំឲ្យមានការចតយានយន្តដោយអនាធិបតេយ្យទៀត ជាពិសេសនេះជាការរំដោះចិញ្ចើមផ្លូវសម្រាប់ការធ្វើដំណើរថ្មើរជើងរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ។

ក្រោយអាជ្ញាធរចុះដាំបង្គោលដែកដូច្នេះរួច សិស្សានុសិស្ស បានសម្ដែងក្ដីសប្បាយរីករាយ ដោយរក្សាបានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ងាយស្រួលធ្វើដំណើរ មិនខ្លាចបង្កគ្រោះថ្នាក់ណាមួយដូចពេលកន្លងទៅដែលដើរលើផ្លូវសិទ្ធអាទិភាពរថយន្ត។ បន្ថែមទៀតនោះ ពួកគាត់ សង្ឃឹមជាក់ថា យានយន្តទាំងនោះ មិនអាចយកមកចតបន្តទៀតបានឡើយ។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ លោកអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលយករថយន្តមកចតលើផ្លូវជាប់របងសាលាសន្ធរម៉ុក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កផលលំបាកដល់សិស្សានុសិស្សចេញចូលសាលាត្រូវដើរលើផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ កន្លែងដែលរថយន្តចតយ៉ាងអានាធិបតេយ្យនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ត្រង់ចំណុចជាប់របងសាលាវិទ្យាល័យសន្ធរម៉ុក សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កន្លងទៅ ពាក់ព័ន្ធបញ្ហានេះ អាណាព្យាបាលសិស្ស ក៏ដូចជាសិស្សានុសិស្ស បានសំណូមពរឲ្យអាជ្ញាធរខណ្ឌទួលគោក មេត្តាជួយពិនិត្យមើល និង ចាត់វិធានការផង ព្រោះជារៀងរាល់ថ្ងៃនៅពេលចេញពីរៀនម្ដងៗ សិស្សានុសិស្សទាំងអស់ដែលដើរចេញពីរៀន ត្រូវដើរលើផ្លូវឡាន ម៉ូតូ ដោយសារជាប់របងសាលាមានរថយន្តចតជាច្រើននៅលើនោះ នេះជាហេតុនាំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

មតិពលរដ្ឋ បានបន្តថា ចំពោះបញ្ហានេះ អាជ្ញាធរគួរយកចិត្តទុកដាក់ពីបញ្ហាគ្រោះថ្នាក់កើតលើសិស្សានុសិស្ស ម្យ៉ាងទៀត ការចតរថយន្តយ៉ាងអនាធិបតេយ្យនេះធ្វើឲ្យខូចការ៉ូឡា បាត់បង់សណ្ដាប់ធ្នាប់ និង សោភ័ណភាពផងដែរ។

យ៉ាងណាមិញ ក្រោយទទួលបានសំណូមពរនេះ អាជ្ញាធរខណ្ឌទួលគោក បានចុះមកចាក់សោកង់រថយន្ត និងធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត មិនអនុញ្ញាតឲ្យយករថយន្តមកចតបែបនេះបន្តទៀតឡើយ ក្នុងករណីនៅតែបំពាន នោះអាជ្ញាធរនឹងមានវិធានរដ្ឋបាល ដោយយករថយន្តទៅរក្សាទុកនៅសាលាខណ្ឌ៕
អត្ថបទ ៖ សុភា




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


