ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi មានប្រវត្តិបែបណា?
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត ត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃចន្ទទី២០ខែឧសភា ខណៈធ្វើដំណើរឆ្លងកាត់តំបន់ភ្នំ។ ហេតុការណ៍ដ៏សោកសៅនេះ ធ្វើឲ្យប្រជាជនអ៊ីរ៉ង់ មានទុក្ខជាទម្ងន់និង បង្កភាពតក់ស្លុតទូទាំងពិភពលោក។

ថ្ងៃនេះកម្ពុជាថ្មី សូមជម្រាបជូនពីប្រវត្តិខ្លះៗរបស់លោក Raisi ដែលជាមេដឹកនាំមួយរូប ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ព្រមទាំងប្រជាជាតិដទៃទៀត ពាក់ព័ន្ធការប្រហារជីវិតអ្នកទោសទ្រង់ទ្រាយធំក្នុងឆ្នាំ១៩៨៨។
Raisi កើតក្នុងគ្រួសារត្រកូល Raissi ជាបព្វជិតឥស្លាមនិកាយស៊ីអ៊ីតនាទីក្រុង Mashhad នៅថ្ងៃទី១៤ខែធ្នូ ឆ្នាំ១៩៦០។ គាត់រៀបការក្នុងឆ្នាំ១៩៨៣ ជាមួយភរិយា Jamileh Alamolhoda និងមានកូន២នាក់ជាចំណងដៃ។ កាលនៅក្មេង គាត់គឺជាអ្នកគាំទ្របដិវត្តឥស្លាមឆ្នាំ ១៩៧៨-៧៩ ហើយថែមទាំងបានចូលរួមក្នុងការបះបោររបស់និស្សិតថែមទៀតផង។

ក្រោយបញ្ចប់ការសិក្សានៅសាលាឥស្លាមក្នុងខេត្ត Qom និងបញ្ចប់ការសិក្សាផ្នែកច្បាប់ឥស្លាមនៅសកលវិទ្យាល័យ Shaheed Motahari, លោក Raisi បានបន្តអាជីពក្នុងប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីរ៉ង់ ដោយបម្រើការជារដ្ឋអាជ្ញារងនៃទីក្រុងតេហេរ៉ង់ ចាប់ពីឆ្នាំ១៩៨៥រហូតដល់ឆ្នាំ១៩៨៩ ហើយក្រោយមក គាត់ត្រូវបានតែងតាំងជា រដ្ឋអាជ្ញាទីក្រុងតេហេរ៉ង់ តែម្តង។
នៅឆ្នាំ១៩៩៤ គាត់បានក្លាយជាប្រធានអង្គការអធិការកិច្ចទូទៅរបស់អ៊ីរ៉ង់ ដោយកាន់មុខតំណែងនេះរហូតដល់ឆ្នាំ២០០៤ មុនពេលត្រូវបានតែងតាំងជាអនុប្រធានចៅក្រមនៃប្រទេសអ៊ីរ៉ង់។ ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០២១ លោក Raisi ក៏បានកាន់តំណែងជាអគ្គរដ្ឋអាជ្ញានៃតុលាការពិសេសសម្រាប់បព្វជិតផងដែរ។

នៅឆ្នាំ២០២១ដដែលនោះ លោក Raisi ដែលតំណាងឲ្យក្រុមសមាគមបព្វជិតអភិរក្សនិយម គឺត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដោយទទួលបានសំឡេងគាំទ្រ៦២%។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក Raisi បានតស៊ូមតិឲ្យមានទំនាក់ទំនងស្អិតរមួតជាមួយរុស្ស៊ីនិងចិន ហើយព្យាយាមស្តារទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ដែលគ្រប់គ្រងដោយនិកាយស៊ុននី តាមរយៈការបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយទីក្រុងរីយ៉ាដ។

លើសពីនេះ ក្រោមការដឹកនាំរបស់គាត់ ប្រទេសអ៊ីរ៉ង់បានពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការពារផលប្រយោជន៍និងអធិបតេយ្យ មិនត្រឹមតែផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកម្លាំងយោធាទៀតផង។
ដោយត្រូវបានគេមើលឃើញថាទាំងជាមនុស្សគួរឲ្យគោរព និងជាបុគ្គលដែលមានភាពចម្រូងចម្រាស, លោក Raisi តែងគាំទ្រសេវាសន្តិសុខអ៊ីរ៉ង់ រាល់ពេលពួកគេបើកការបង្ក្រាបលើក្រុមប្រឆាំង រួមទាំងបន្ទាប់ពីការស្លាប់ក្នុងឆ្នាំ២០២២របស់នាង Mahsa Amini ក្រោយត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា មិនពាក់ hijab ឲ្យបានត្រឹមត្រូវផងដែរ។

ក្រោយមកក៏ផ្ទុះមហាបាតុកម្ម ហើយការបង្រ្កាបសន្តិសុខរយៈពេលរាប់ខែ បានសម្លាប់មនុស្សជាង៥០០នាក់ ខណៈជាង ២២ ០០០នាក់ត្រូវបានចាប់ឃុំខ្លួន។
ចុងក្រោយបំផុត ពោលគឺនៅខែមេសា គាត់ក៏គាំទ្រសេចក្តីសម្រេច ឲ្យបើកការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលលើអ៊ីស្រាអែលផងដែរ ចំពេលមានសង្រ្គាមជាមួយក្រុមហាម៉ាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


