ព័ត៌មានអន្ដរជាតិ
ចិននិងវៀតណាមទម្លាក់ចោលជម្លោះដែនសមុទ្រ ងាកមកចាប់ដៃគ្នា ក្នុងគ្រាមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក
ប្រឈមនឹងសង្គ្រាមពន្ធនាំចូល និងសង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាល មហាអំណាចចិន និងវៀតណាម ដែលធ្លាប់មានអរិភាពនឹងគ្នាយ៉ាងខ្លាំងលើជម្លោះដែនទឹកក្នុងសមុទ្រភាគខាងកើតវៀតណាម ឬហៅថា សមុទ្រចិនខាងត្បូង បានទុកបញ្ហាជម្លោះមួយឡែក ដោយងាកមកចាប់ដៃគ្នាដើម្បីស្ថិរភាពសង្គមរបស់ពួកគេ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេស៣ក្នុងតំបន់អាស៊ីអាគេ្នយ៍ ដោយចាប់ផ្តើមពីប្រទេសវៀតណាម ដែលក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រក្លាយប្រទេសដែលជិតខាងវៀតណាម ដែលតែងតែប្រឈមដាក់គ្នាក្នុងជម្លោះដែនទឹកនោះ ទៅជាដៃគូកាន់តែជិតស្និទ្ធ និងសន្យាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងកាន់តែទូលំទូលាយបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រទេសចិននិងវៀតណាម ដែលចេញកាលថ្ងៃទី១៧ខែមេសា នៅក្រោយ១ថ្ងៃដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ទស្សនកិច្ច២ថ្ងៃនៅប្រទេសវៀតណាម បានទុកបញ្ហាជម្លោះដ៏ស្រួចស្រាលក្នុងពេលកន្លងមកលើបញ្ហាសមុទ្រចិនភាគខាងត្បូងមួយឡែក ហើយសន្យាព្យាយាមដោះស្រាយដោយសន្តិវិធីជំនួសវិញ។
សេចក្តីថ្លែងការណ៍រួមនោះ បានសរសេរថា ភាគីទាំងពីរបានពិភាក្សាដោយស្មោះស្ម័គ្រនិងស្មោះត្រង់លើបញ្ហាទាក់ទងនឹងសមុទ្រ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគ្រប់គ្រងកាន់តែប្រសើរឡើង និងដំណោះស្រាយយ៉ាងសកម្មនៃភាពខុសគ្នាទាក់ទងនឹងសមុទ្រ និងដើម្បីរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត (ខាងកើតប្រទេសវៀតណាម ឬចិនហៅថា «សមុទ្រចិនខាងត្បូង»។
ដោយមិនបានលើកឡើងនូវការប្រឈមដាក់គ្នាក្នុងជម្លោះដែនទឹក បន្ទាប់ចិនបានចេញនូវផែនទីឯកតោភាគីកាលឆ្នាំ២០២៣ ដែលអះអាងពីវិសាលភាពនៃដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិត្តភាគខាងត្បូង សេចក្តីប្រកាសរួមរបស់ចិននិងវៀតណាម គឺផ្តោតទៅរកដំណោះស្រាយចុះដែលធ្លាប់បានដាក់ចេញដំណោះស្រាយ។
សេចក្តីថ្លែងការណ៍រួមនោះ បានលើកឡើងថា៖«ភាគីទាំងពីរបានឯកភាពគោរពតាមការយល់ឃើញរួមសំខាន់ៗ ដែលថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរសម្រេចបាន; បន្តការពិគ្រោះយោបល់ជាមិត្ត ដើម្បីស្វែងរកដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែងដែលអាចទទួលយកបានរបស់ភាគីទាំងសងខាង និងអនុលោមតាមកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាទាក់ទងនឹងសមុទ្ររវាងវៀតណាម និងចិន ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ភាគីចិននិងវៀតណាម បានសន្យាថា នឹងមិនចាត់វិធានការណាមួយដែលអាចធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ ឬពង្រីកវិវាទ ហើយនឹងធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាពនៅសមុទ្រ។ ជំរុញការចរចារកំណត់តំបន់សមុទ្រហួសពីមាត់ឈូងសមុទ្រតុងកឹង និងសម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមកនៅសមុទ្រឱ្យសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗក្នុងពេលឆាប់ៗនេះ។ អនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលងាយរងគ្រោះនៅសមុទ្រ។ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងជួយសង្គ្រោះតាមសមុទ្រ។
ភាគីទាំងពីរបានសន្យាជំរុញការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយតាមរយៈការពិគ្រោះ និងការឯកភាពគ្នា ដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិដ៏មានសារសំខាន់ និងមានប្រសិទ្ធភាពនៅសមុទ្រខាងកើត (COC) ដែលស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ ១៩៨២។
កាលដើមឆ្នាំ២០២៣ ទីក្រុងប៉េកាំងបានបញ្ចេញផែនទីមួយដែល ទាមទារដែនកោះ Second Thomas Shoal និងស្ទើរតែសមុទ្រទាំងមូលដោយផ្អែកលើអ្វីដែលគេហៅថា «បន្ទាត់ប្រាំបួន» ដែលវាបានបង្ហាញជាថ្មីម្តងទៀតនៅក្នុងកំណែថ្មីនៃផែនទីជាតិរបស់ខ្លួន។ ផែនទីដែលចេញនាពេលនោះ បានបង្កភាពច្របូកច្របល់ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលទាមទារដែនទឹកនៅជិតឆ្នេរសមុទ្ររបស់ពួកគេផងដែរ។
ក្រសួងការបរទេសវៀតណាមបានហៅ «ផែនទីស្ដង់ដារឆ្នាំ 2023» ថ្មីរបស់ចិនគឺជាការរំលោភលើអធិបតេយ្យភាព ដោយសារវារួមបញ្ចូលប្រជុំកោះ Spratly និងកោះ Paracel របស់វៀតណាមនៅក្នុងខ្សែបន្ទាត់ព្រំដែនសមុទ្ររាងអក្សរ U ដ៏អាក្រក់របស់ខ្លួន។
យោងការចេញផ្សាយរបស់ VN Express កាលខែសីហា២០២៣ ក្រសួងការបរទេសវៀតណាម បានលើកឡើងថា ការពិតដែលថាក្រសួងធនធានធម្មជាតិរបស់ចិនបានចេញនូវអ្វីដែលគេហៅថា “ផែនទីស្តង់ដារឆ្នាំ 2023” ជាមួយនឹងការដាក់បញ្ចូលប្រជុំកោះ Paracel និង Spratly របស់វៀតណាម ក៏ដូចជាបន្ទាត់ចំនុចនោះ បានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងដែនសមុទ្ររបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិដែនសមុទ្ររបស់អង្គការសហប្រជាជាតិស្តីពីដែនសមុទ្រ (UNCLOS)»៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម