Connect with us

ព័ត៌មានជាតិ

ដឹងទេបេក្ខជនប្រឡងជាប់សញ្ញាបត្រឌីប្លូម​ឆ្នាំ​នេះ​ ត្រូវមានពិន្ទុប៉ុន្មាន?

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅឆ្នាំនេះនៅថ្ងៃ១៥ វិច្ឆិកា ២០២១ត្រូវថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ។

ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់គឺ៥៤៥ ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុ សម្រាប់​បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ ស្មើនឹង​ ២១០ ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមគឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់​ពី​២១០​ដល់​២៧២ ទទួល​និទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទូចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេស​ល្អ។

បើតា​មក្រសួង​អប់រំ​យុវជន និង​កីឡា បេក្ខជនដែល​ត្រៀមចូលរួមប្រឡងនៅទូទាំងប្រទេស​ឆ្នាំ​នេះ​មាន​ចំនួន១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់ចែកជា១៧២២ មណ្ឌល និង៧៣២៧ បន្ទប់។

សម្រាប់ការប្រឡង ក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជននីមួយៗដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន  ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

នៅមុនពេលប្រឡង ក្រសួងបានណែនាំឱ្យសាលានីមួយៗធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់។

ជាមួយគ្នានេះដែរត្រូវពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាព នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំតុកៅអីសម្រាប់ បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត  រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជននៅច្រើនកន្លែង ដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះរៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាប្រចាំរៀបចំសម្ភារៈអនាម័យដូចជា សាប៊ូទឹកអាល់កុល ឬអាល់កុលដែលលាងដៃ សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនីមួយៗ។

លើសពីនេះទៀតត្រូវ រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧.៥អង្សាសេ និង បេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក។ ក្នុងករណីរកឃើញអ្នកមានកម្តៅលើសពី៣៧,៥អង្សាសេ ត្រូវ ៖ – វាស់ស្ទង់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងកន្លែងបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្ដៅចុះធម្មតាវិញ។

ករណីដែលស្ទង់កម្ដៅលើកទី២នៅតែខ្ពស់លើសពី៣៧,៥អង្សាសេដដែល ចំពោះបេក្ខជនត្រូវ បញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមបម្រុងទុកដោយរក្សាលេខតុ លេខបន្ទប់ ដដែលនិងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដាក់នៅក្នុងកិច្ចការបេក្ខជននៅបន្ទប់ដើមតាមម៉ោង មុខវិជ្ជានីមួយៗ។ ដោយឡែកចំពោះគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យ ឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ២០២១និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខណៈប្រឡងឆ្នាំមុនរៀបចំប្រឡងនៅថ្ងៃទី៣០វិច្ឆិកាដោយមាននបេក្ខជនចូលរួមប្រឡងចំនួន១៨៦៤១៦នាក់ក្នុងនោះនារី ចំនួន៩៧៩៩១នាក់មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់។

ឆ្នាំមុនទោះបីជាក្រសួងបានរៀបចំការប្រឡងក៏ដោយក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ទាំអស់គ្នាដោយមិនមានអ្នកធ្លាក់ឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម