ព័ត៌មានជាតិ
ក្នុងរយៈពេល៣០ឆ្នាំ អង្គការស៊ីប៉ា បានអនុវត្តគម្រោងជាច្រើនជួយដល់វិស័យអប់រំកម្ពុជា
លោកស្រី Christelle BITOUZET អគ្គលេខាធិការក្រុមប្រឹក្សាភិបាលរបស់អង្គការស៊ីប៉ា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធអស់រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ដោយគូសបញ្ចាក់ថា កិច្ចសហការដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោកស្រីបានលើកឡើងបែបនេះ នាឱកាសឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម្យ និងពិភាក្សាការងារ នៅទីស្តីការក្រសួង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៥។

លោកស្រីបញ្ជាក់ថា៖« ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ អង្គការស៊ីប៉ា បានអនុវត្តគម្រោងជាច្រើនដូចជា គម្រោងបណ្ណាល័យចល័ត, គម្រោងអប់រំក្នុងពន្ធនាគារ, គម្រោងអភិវឌ្ឍយុវជន និងកម្មវិធីបោះពុម្ពផ្សាយជាដើម»។ បន្ថែមលើនេះ លោកស្រី អគ្គលេខាធិការក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់អង្គការ និងបានស្នើសុំកិច្ចពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតនាពេលអនាគត។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការស៊ីប៉ា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាមរយៈគម្រោងជាច្រើន ក្នុងគោលដៅឱ្យកុមារ និងយុវជនទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព ដើម្បីលុបបំបាត់អនក្ខរភាព និងបណ្ដុះទម្លាប់អានសៀវភៅដល់ពួកគេ។ លោកក៏បានគូសបញ្ជាក់ថា ការគាំទ្រ និងជំរុញពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលឱ្យកូនៗចាប់ផ្តើមអាន គឺជាកិច្ចការចាំបាច់មួយដើម្បីបណ្តុះទម្លាប់ល្អនេះតាំងពីក្មេងទៅផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីនៃភាសាបារាំងក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំក្នុងការបណ្តុះបណ្តាលបន្ថែមដល់គ្រូបង្រៀនភាសាបារាំង ការពង្រឹង និងលើកកម្ពស់ដល់ការសិក្សាភាសាបារាំងក្នុងកម្មវិធីសិក្សានៅសាលារៀនជំនាន់ថ្មី ការបង្រៀនភាសាបារាំង និងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំងនៅក្នុងកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរ កម្មវិធីសិក្សាភាសាបារាំងជាជីវភាសាទី១-ទី២ និងនៅតាមគ្រឹះស្ថានអប់រំនានាដែលប្រើប្រាស់ភាសាបារាំង។
ជាពិសេសបានសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងគោលបំណងពង្រឹងគុណភាព និងលើកកម្ពស់ការបណ្ដុះបណ្ដាលភាសាបារាំងដល់អ្នកសិក្សា និងយុវជន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងក្របខណ្ឌនៃការបង្រៀនភាសាបារាំងផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះរកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយក្រសួងអប់រំត្រៀមខ្លួនជានិច្ចក្នុងការបន្តគាំទ្រ និងសហការជាមួយអង្គការ Sipar លើគម្រោងអប់រំផ្សេងៗ ជាពិសេសគម្រោងដែលផ្តោតលើការលើកកម្ពស់វប្បធម៌នៃការអាន និងការអភិវឌ្ឍធនធានមនុស្ស។
បន្ថែមលើនេះ លោកក៏បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពនៃការធ្វើសមាហរណកម្មគម្រោងមួយចំនួនរបស់អង្គការ Sipar ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន ដើម្បីពង្រីកវិសាលភាព និងផលជះវិជ្ជមាន ក៏ដូចជាបានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនទៅមុខទៀតដើម្បីអនាគតដ៏ភ្លឺស្វាងនៃវិស័យអប់រំនៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


