Connect with us

ព័ត៌មានជាតិ

កម្រិត​ GDP ពលរដ្ឋកម្ពុជា រំពឹង​កើន​​ដល់ ១៨៤២ ដុល្លារ​ឆ្នាំ​២០២២

បានផុស

នៅ

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថាផលិតផលសរុប(ផ.ស.ស) សម្រាប់ពលរដ្ឋកម្ពុជាម្នាក់នៅឆ្នាំ២០២២ បានកើនឡើងដល់ ១ ៨៤២ដុល្លារអាមេរិក ខណៈឆ្នាំ២០២១ មានត្រឹមតែ១ ៧៣០ ដុល្លារអាមេរិកប៉ុណ្ណោះ។

នៅក្នុងបទឧទ្ទេសនាមក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ នៅវិមានរដ្ឋសភាកាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ២,៤% ខណៈដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ ក៏បានយល់ស្របលើអត្រាកំណើនប្រហាក់ប្រហែលគ្នាគឺក្នុងរង្វង់ប្រមាណ២%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧបនាយករដ្ឋមន្ត្រីបានបន្តថា ប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ហើយផលទុនក្នុងស្រុក​សរុប (ផសស) សម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៨៤២ ដុល្លារអាមេរិក​ធៀបនឹង ១ ៧៣០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក៏នៅតែអាចជួបប្រទះនឹងបញ្ហាប្រឈម និង ហានិភ័យ ទាំងទិដ្ឋភាពខាងក្នុងនិងខាងក្រៅ ដែលអាចនឹងប៉ះពាល់ដល់ចីរភាពនៃកំណើន និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេស។

ដូច្នេះដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដែលនឹងត្រូវបានដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ដោយឈរលើសសរស្តម្ភចំនួន ៣ គឺ៖ សសរស្តម្ភទី១-ការស្តារតាមរយៈការកសាងមូលដ្ឋានរឹងមាំ សម្រាប់ជំរុញ សេដ្ឋកិច្ចឱ្យវិលទៅស្ថិតលើមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព, ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការធ្វើឱ្យរស់រវើកឡើងវិញនូវធុរកិច្ចដែលមាន សក្តានុពល ជាពិសេស ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និង ការបង្កើតការងារបន្ថែម ឱ្យបានច្រើន និង ឆាប់រហ័ស សំដៅលើកស្ទួយជីវភាពប្រជាជន។

សសរស្តម្ភទី២-ការកែទម្រង់ តាមរយៈការបន្តដាក់ចេញនូវវិធានការ កែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានជាអាទិ៍ : ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និង កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការវិនិយោគ និង ធុរកិច្ច, ការជំរុញ និង ការអភិវឌ្ឍ ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និង វិស័យឯកជន និងសសរស្តម្ភទី៣-ការកសាងភាពធន់តាមរយៈការពង្រឹងការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងជំងឺ ឬ ស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយ ផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ និង មានប្រសិទ្ធភាព ក៏ដូចជាផ្ដោតលើវិស័យគន្លឹះមួយចំនួនទៀតដែលមានសារៈសំខាន់សម្រាប់ការធានានូវចីរភាព និង បរិយាប័ន្ន នៃការស្តារ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

កាលពីម្សិលមិញ រដ្ឋសភាជាតិនៃកម្ពុជាបានសម្រេចអនុម័តជាឯកច្ឆន្ទនូវកញ្ចប់ថវិកាជាតិ ក្នុងគម្រោងចំណាយចំនួន៣៤,៧ទ្រីលានរៀល ឬស្មើប្រមាណ៨.៥០០លានដុល្លារអាមេរិក សម្រាប់រាជរដ្ឋាភិបាលកម្ពុជាធ្វើការបែងចែកឱ្យទៅក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តការងារតាមមុខជំនាញ ឬវិស័យ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩។

ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាល ស្នើក្នុងគម្រោងចំណាយចំនួន៣៤,៧ទ្រីលានរៀល ដែលត្រូវជា២៧,៩៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដោយកើនឡើង៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ជាមួយគ្នានេះ ក៏បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១.៦០០លានSDR ឬត្រូវជាប្រមាណជា២.២០០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់លើការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២២ ត្រូវបានរៀបចំនិងវិភាជសម្រាប់ការអនុវត្តន៍សកម្មភាពជាអាទិភាពដូចជា៖ ការទប់ទល់នឹងការរាតត្បាតនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩, ការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ, ផ្តល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ចំណូលខ្ពស់ឡើងវិញនិងជំរុញបង្កើនចំណូលថវិកាជាតិ, ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការបន្តអភិវឌ្ឍន៍និងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម, ការកសាងប្រព័ន្ធគាំពារសង្គមរឹងមាំនិងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពនិងមានភាពឆ្លើយតបខ្ពស់ជាដើម។

ជាមួយគ្នានេះ ក៏ដើម្បីបន្តធានាបាននូវការបើកផ្តល់បៀវត្សរបស់មន្ត្រីរាជការឱ្យទាន់ពេលវេលា គឺ២ដង ក្នុង១ខែ ដោយមិនមានការកាត់ប្រាក់បៀវត្សរបស់មន្ត្រីរាជការគ្រប់ប្រភេទ ខណៈកម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ២០២២សម្រាប់មន្ត្រីរាជការស៊ីវិល ត្រូវបានរក្សាជាង១លាន១៧ម៉ឺនរៀល, បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ​១​លាន​២៧​ម៉ឺនរៀល, និងបៀវត្សនគរបាល រក្សាទាបបំផុតចាប់ពី១លាន១២ម៉ឺនរៀលឡើងទៅ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម