ព័ត៌មានជាតិ
CGCC ដាក់ឱ្យដំណើការគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ចជាមួយទំហំសរុប ២០០លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានា ឥណទានដើម្បីជំរុញសេដ្ឋកិច្ច – Economic Stimulus Guarantee Scheme(ESGS)” ដែលមានទំហំសរុប ២០០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដើម្បីចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច ខណៈស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់នៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
«ក្រោមគម្រោង ESGS, CGCC បង្កើនវិសាលភាពនៃការធានាជាអតិបរមា រហូតដល់ ៩០% នៃប្រាក់ដើម និង កំណត់កម្រៃធានាឥណទានអប្បបរមាទាបបំផុតត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន និងមាន លក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត ដើម្បីគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងការបង្កើនការផ្តល់កម្ចី អាជីវកម្មដែលចាំបាច់ ជូនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងខ្នាតធំ សំដៅចូលរួមជំរុញ កំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ នេះបើយោងតាម CGCC។

លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែលមានសក្ដានុពល ប៉ុន្តែគាត់ខ្វះទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចរ៉ាប់រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយធានាទៅលើឥណទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។
លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញឥណទានបន្ថែមដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុងនោះវិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជាទំហំទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់កម្ពុជា ដែលហៅថា គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករក្នុងជំហានទី១ ដែលមានទឹកប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈឥណទានចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)។ គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានចំនួន ៤.៨៧៧ គណនី លើកម្ចីអាជីវកម្ម ប្រមាណ ២៩៤,៣២ លានដុល្លារ នៅទូទាំងប្រទេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


