ព័ត៌មានជាតិ
កម្ពុជាមានបំណុលសាធារណៈសរុបជាង១២ពាន់លានដុល្លារ និងបានទូទាត់សងបំណុលជាង ២៣៧លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំនេះ
ប្រទេសកម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១២,១៨ ប៊ីលានដុល្លារអាមេរិកត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ២៣៧,៨៤ លានដុល្លារអាមេរិក ខណៈបំណុលនេះ ត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ។

បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីដើមខែមិថុនាសម្រាប់សន្និធិបំណុលសរុបនេះ ក្នុងនោះមាន ៩៩% ត្រូវនឹង ប្រមាណ ១២,០៦ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈ ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦១% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៣៩%) និង ១% ត្រូវនឹងប្រមាណ ១១៨,៣៣ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន ៤៨% ជា ដុល្លារអាម៉េរិក, ១៨% ជាអេសដេអ៊ែ, ១០% ជាយ័នចិន, ១១% ជាយេនជប៉ុន, ៨% ជាអឺរ៉ូ, និង ៥% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ជាមួយគ្នានេះដែរ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូ អភិវឌ្ឍនានាសរុបចំនួន ៧៨,៨១ លានដុល្លារអាម៉េរិក សមមូលនឹង ៥៩,១១ លានអេសដេអ៊ែ។ ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូរអភិវឌ្ឍនានា សរុបចំនួន ៣១៣,៧៨ លានដុល្លារអាម៉េរិក សមមូលនឹង ២៣៧,៥៥ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២ ០០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ១០០% ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ច ព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានការថយចុះប្រមាណ ៤៤%។

ក្រសួងបានបញ្ជាក់ថា៖«ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥០%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំង នេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់កម្ពុជាថ្មីកន្លងមកថា ចំនួនប្រាក់កម្ចីគឺមានកម្រិតខ្ពស់បើធៀបនឹង GDP ប្រចាំឆ្នាំ ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវខិតខំរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញឱ្យផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈរូបមន្តសាងសង់ ប្រើប្រាស់ និងផ្ទេរ(BOT)។
លើសពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបចំនួន ២៣៧,៨៤ លានដុល្លារអាមេរិក រួមមាន ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ២១០,១៨ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ ដើម ១៦៨,៥៤លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ៤១,៦៤ លានដុល្លារអាមេរិក និង ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ២៧,៦៦ លាន ដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម ២៥,៨២ លានដុល្លារ និងការប្រាក់១,៨៤លានដុល្លារ។

ក្រសួងបានគូសបញ្ជាក់បន្ថែមទៀតថា៖«លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ ដំណាច់ឆ្នាំត្រីមាសទី១ឆ្នាំ២០២៥ បង្ហាញថា ស្ថានភាពបំណុល សាធារណៈកម្ពុជា បន្តរក្សានូវ «ចីរភាព និង «ហានីភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោម អនុបាតគោល ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈសរុបធៀបនឹងផលិតផលក្នុងស្រុកសរុប(ផសស) មានត្រឹមកម្រិត ១៨,៤% ធៀបនឹងអនុបាតគោល ៤០%»។

លោកវណ្ណៈ បានបញ្ជាក់ថាកំណើនទឹកប្រាក់ដែលកម្ពុជាបានបញ្ចេញទៅលើការទូទាត់បំណុលបានបញ្ជាក់ពីសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា ស្ថិតក្នុងភាពមិនរឹងមាំដែលបណ្តាលមកពីវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ។
លោកបានថ្លែងថា៖«កំណើនទឹកប្រាក់ទូទាត់បំណុល គឺមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកំណើនសេដ្ឋកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យម្ចាស់កម្ចីទាំងអស់មានទំនុកចិត្តចំពោះការផ្តល់កម្ចីដល់កម្ពុជាផងដែរ។ ស្ថានភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺនៅតែរឹងមាំល្អ»៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ