សេដ្ឋកិច្ច
ទោះចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច តែកម្ពុជានៅបន្តហ៊ុមព័ទ្ធបញ្ហាចម្បង ៥
លោក អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បើទោះបីជា កម្ពុជា ចាក់ចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចក៏ពិតមែន តែកម្ពុជានៅតែបន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បង ៥ ដែលត្រូវគិតគូរបន្តទៀត។

លើកឡើងក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ទ្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិជាសកលនានាដែលបានកើតឡើង និងកំពុងកើតឡើង។
កម្ពុជាក៏កំពុងត្រៀមខ្លួនចាកចេញពី «ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច» នៅឆ្នាំ ២០២៩ ខាងមុខផងដែរ ស្របតាមសន្ទុះជាក់ស្តែងនៃការអភិវឌ្ឍរបស់ខ្លួនផងដែរ។
ជុំវិញសន្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងការចាកចេញពីចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច របស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ការណ៍នេះគឺជា សមិទ្ធផលគួរជាទីមោទនៈប៉ុន្តែទន្ទឹមនេះ កម្ពុជា នៅតែបន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បង ៥ ដែលត្រូវគិតគូរបន្តទៀត។

ក្នុងនោះ រួមមាន ១. ការរិចរិលនៃប្រព័ន្ធអនុគ្រោះ និងទីផ្សារពាណិជ្ជកម្ម, ២. ការថមថយនូវជំនួយអភិវឌ្ឍន៍ផ្លូវការពីដៃគូ ទាំងក្នុងទម្រង់ជាជំនួយឥតសំណង និងជាហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ៣. ភាពងាយរងគ្រោះទៅនឹងហានិភ័យពីកត្តាខាងក្រៅ, ៤. ភាពមានកម្រិតនៃលំហថវិកា, ក្នុងករណីមានភាពចាំបាច់នៃតម្រូវការចំណាយអន្តរាគមន៍ ក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់ថវិការដ្ឋ និង ៥. ភាពមានកម្រិតនៃសមត្ថភាពស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការថ្មី។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ទ្ធមុនីរ័ត្ន ក៏បានបន្ថែមដែរថា កម្ពុជា ក៏ត្រូវបានបន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បងៗខាងក្រៅ ដែលពុំចំណុះនឹងការគ្រប់គ្រងរបស់ខ្លួនឡើយ ក្នុងនោះរួមមានជាអាទិ៍ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយ កាន់តែស្រួចស្រាល់។
ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិ-បត្តិការ និង ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការងើបមកវិញនៃនិន្នាការឯកតោភាគីនិយមជាដើម។
លើសពីនេះទៀត ក៏នៅមានភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និងតំបន់ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងកម្មវិបាកនៃគោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាងរបស់កម្ពុជានាពេលថ្មីៗនេះផងដែរ។

គួរគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចក្ខុវិស័យត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ទន្ទឹមនេះ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោក លី សូដេត បានលើកឡើងដែរថា នៅពេលដែលកម្ពុជាឈានជើងចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) កម្ពុជានឹងបាត់បង់នូវការអនុគ្រោះពន្ធមួយចំនួន ទៅលើផលិតផលនាំចេញទៅក្រៅប្រទេស ជាពិសេសទៅប្រទេសអ្នកមាន។
កម្ពុជាត្រូវបង្កើនភាពប្រកួតប្រជែងឱ្យខ្លាំងជាងមុន ដើម្បីឱ្យបានស្មើមុខស្មើមាត់ដូចគេ ហើយកម្ពុជាគួរកែទម្រង់ផ្ទៃក្នុង ដើម្បីឱ្យការវិនិយោគក្នុងស្រុកមានភាពទាក់ទាញ រួមផ្សំនឹងតម្លៃពលកម្មកម្ពុជានៅទាប ដែលជំរុញដល់ការចូលមកវិនិយោគពីក្រៅប្រទេស៕
ដោយ៖ ឌិន ថារី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន