ព័ត៌មានជាតិ
ស្វែងយល់ពីច្បាប់សង្គ្រាម ភាគីជម្លោះប្រដាប់អាវុធត្រូវអនុវត្ត
ពិភពលោកកំពុងចាប់អារម្មណ៍ទៅសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលនាំការខូចខាតនិងបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២បានបញ្ចប់។
សង្រ្គាមដែលអូសបន្លាយពេលជិតពីរខែនេះ មិនទាន់មានសញ្ញាណនឹងបញ្ចប់នៅពេលណានោះទេ។ តទៅទៀតនេះកម្ពុជាថ្មីនឹងលើកពីចំណុចសំខាន់ៗក្នុងច្បាប់សង្គ្រាម ដែលបង្កើតឡើងជាង ៧០ ឆ្នាំ តាមរយៈអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ដើម្បីឲ្យអ្នកអានសិក្សាស្វែងយល់។
ច្បាប់ស្ដីពីសង្គ្រាម ឬ ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law ) គឺជាបណ្ដុំនៃវិធានច្បាប់ ដើម្បីគ្រប់គ្រងស្ថានភាពនៃជម្លោះអន្តរជាតិ ឬជម្លោះប្រដាប់អាវុធផ្ទៃក្នុង។ វាមានគោលបំណងពីរយ៉ាង គឺកំណត់គោលដៅនិងទម្រង់នៃអំពើហឹង្សាប្រដាប់អាវុធ និងធានាការសង្គ្រោះដល់ប្រជាជន (ជនស៊ីវិល) ដែលរងគ្រោះដោយសារជម្លោះ។
អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ជាមូលដ្ឋានសម្រាប់ច្បាប់មនុស្សធម៌អន្តរជាតិនៅសម័យសង្គ្រាម ដែលពង្រឹងការការពារជនរងគ្រោះនៃជម្លោះប្រដាប់អាវុធអន្តរជាតិ និងជនរងគ្រោះនៃជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ ក្នុងនោះមានដូចជា៖
ជនស៊ីវិល
នៅពេលសង្គ្រាមផ្ទុះឡើង ជនស៊ីវិលត្រូវបានធានាការពារពីការវាយប្រហារ ឬជាគោលដៅនៃការវាយប្រហារដាច់ខាត។ ការវាយប្រហារត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។ ភាគីនៃសង្គ្រាមឬជម្លោះត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិល ឬរបស់របរចាំបាច់សម្រាប់ការរស់រានរបស់ពួកគេ ហើយពួកគេមានសិទ្ធិទទួលបានជំនួយដែលគេត្រូវការ។
ឈ្លើយសឹក
ច្បាប់នៃសង្គ្រាមហាមឃាត់ការធ្វើទារុណកម្មគ្រប់បែបយ៉ាងទៅលើឈ្លើយសឹក បើទោះបីពូកគេធ្លាប់ជាទាហានរបស់សត្រូវ ឬធ្លាប់សម្លាប់មនុស្សក្នុងពេលសង្គ្រាមក៏ដោយ។ ដូច្នេះឈ្លើយសឹកដែលត្រូវបានឃុំខ្លួន ត្រូវតែផ្ដល់នូវចំណីអាហារ និងទាក់ទងជាមួយនឹងគ្រួសាររបស់ពួកគេ។ ឈ្លើយសឹកត្រូវបានរក្សាភាពថ្លៃថ្នូរ អាចបន្តរស់រានមានជីវិតដូចមនុស្សធម្មតា។
គ្រូពេទ្យ និងអ្នកជំងឺ ឬអ្នករបួស
បុគ្គលិកពេទ្យមានកាតព្វកិច្ចសង្គ្រោះជីវិតមនុស្ស ដូច្នេះត្រូវបានអនុញ្ញាតអោយបំពេញការងារដោយគ្មានការរារាំងក្នុងពេលសង្គ្រាម។ ជាក់ស្ដែងនៅពេលកំពុងប្រយុទ្ធទាហានរបស់គូសត្រូវមានរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលជិតបំផុត ប៉ុន្តែមុនទៅដល់មន្ទីរពេទ្យមានកន្លែងត្រួតពិនិត្យ ប៉ុន្តែអ្នកត្រួតពិនិត្យហាមឃាត់មិនអោយបញ្ជូនទៅមន្ទីរពេទ្យរបស់ខ្លួន ឬតម្រូវអោយព្យាបាលទាហានរបស់ខ្លួនជាមុន ទង្វើនេះគឺផ្ទុយពីច្បាប់ស្ដីពីសង្គ្រាម។ ដោយហេតុថាគ្រូពេទ្យព្យាបាលអ្នកជំងឺ និងអ្នករបួសដោយគ្មានការរើសអើង និងការបង្ខិតបង្ខំក្នុងការងាររបស់ពួកគេ។ បន្ថែមពីនេះ មន្ទីរពេទ្យកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នឹងមិនត្រូវបានវាយប្រហារឡើយ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ។
អាវុធ
ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យា ដូច្នេះមិនថាសព្វាវុធទំនើបប៉ុណ្ណានោះទេ វាចាំបាច់ណាស់ដែលត្រូវគោរពតាមច្បាប់ស្ដីពីសង្គ្រាម។ នៅក្នុងនោះមានអាវុធមួយចំនួនដូចជាអាវុធជីវសាស្ត្រ អាវុធគីមី ឬគ្រាប់បែកចង្កោមជាដើម។ ចំពោះយុត្តិសាស្ត្រ ឬកលល្បិចសង្គ្រាមណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលគឺត្រូវបានហាមឃាត់។
ទោះនាពេលអនាគតសង្គ្រាមអាចប្រើប្រាស់មនុស្សយន្តដើម្បីធ្វើការប្រយុទ្ធក៏ដោយ ប្រទេសនៃទាហានមនុស្សយន្ត ត្រូវច្បាស់ថាទាហានរបស់ខ្លួនអាចកំណត់ និងបែងចែកបានច្បាស់លាស់រវាងកងទ័ពសត្រូវ និងប្រជាជនស៊ីវិល ហើយត្រូវប្រាកដថា បុគ្គលឬវត្ថុណាដែលគួរកម្ទេចបានឬមិនបាន។
គួរបញ្ជាក់ផងដែរ ប្រទេសណា ឬក្រុមបុគ្គលទាំងឡាយណាដែលរំលោភបំពានទៅនឹងច្បាប់មនុស្សធម៌អន្តរជាតិ ឬច្បាប់ស្ដីពីសង្គ្រាម នឹងត្រូវទទួលខុសត្រូវចំពោះទង្វើដែលបានប្រព្រឹត្តទៅតាមច្បាប់ដែលបានកំណត់៕
អត្ថបទ៖ វាសនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


