Connect with us

ព័ត៌មានជាតិ

លោក ស៊ូ សុជាតិ ៖ ការចាប់ដៃគូសហការជាមួយធនាគារអេស៊ីលីដា នឹងជួយធ្វើឲ្យវិស័យទីផ្សារមូលបត្រកាន់តែរឹងមាំ

បានផុស

នៅ

លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​និយ័តករ​មូលបត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ដៃគូ​រវាង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ជួយ​បន្ថែម​ទម្ងន់​កាន់តែ​ធ្ងន់​បន្ថែម​ទៀត ធ្វើ​ឲ្យ​វិស័យ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ជឿជាក់ និង​រឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ការ​បង់​ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​រវាង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​(​ន​.​ម​.​ក​.) ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ថ្ងៃ​ទី ០៧ ខែ​ធ្នូ ឆ្នាំ ២០២២ នៅ​ទីស្ដីការ ន​.​ម​.​ក​. លោក ស៊ូ សុជាតិ បាន​បន្ត​ថា «ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះ​កិច្ចព្រមព្រៀង ស្ដីពី​ការប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ការ​បង់​ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់​ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​របស់​បុគ្គល​ស្នើសុំ​ទាំង​ក្នុងស្រុក និង​បរទេស ក្នុង​ការ​ធ្វើការ​វិនិយោគ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​»។

លោក​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ពេលនេះ​តទៅ ក្រុមហ៊ុន​អាច​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​ប្រព័ន្ធ​ធនាគារ​អេស៊ីលីដា ដែល​ជា​ទីភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ទោះបីជា​នៅ​កន្លែង​ណា​ទីណា​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដោយ​ខណៈ​កាលពីមុន​ត្រូវ​មក​ដល់​កន្លែង​បង់​ចូល​គណនី​ផ្ទាល់ ដែល​នេះ​នឹង​ជួយ​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ថែមទៀត​ក្នុង​ការ​បង្កើន​ឱកាស​វិនិយោគ ព្រោះ​ការ​ជួញដូរ​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ការ​បង់​ប្រាក់​ក៏​តាម​អន​ឡាញ​ដែរ ខុស​ពីមុន​ត្រូវ​សុំ​លេខ ហើយ​នីតិវិធី​បង់លុយ​ក៏​យូរ អាច​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​វិញ បាត់បង់​ឱកាស​ក្នុង​ការ​លក់ និង​ទិញ។

លោក ស៊ូ សុជាតិ បាន​សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ។ បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​វត្តមាន​ក្នុង​វិស័យ​មូលបត្រ​តាមរយៈ ក្រុមហ៊ុន អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី (ACS), ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ (CSA), ភ្នាក់ងារ​បញ្ជិកា (R), ភ្នាក់ងារ​ចុះបញ្ជី​ផ្ទេរ (T), ភ្នាក់ងារ​ទូទាត់ (P), និង​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ (Custodian) រួមទាំង​ជា​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​កម្ម​សិទ្ធ​មួយ​ផងដែរ (ABC)។ បន្ថែម​ពី​នេះ ធនាគារ​បាន​ចូលរួម​សហការ​យ៉ាងសកម្ម​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នានា​ដែល​ផ្ដល់​ដោយ ន​.​ម​.​ក​. ដូចគ្នានេះដែរ ការរៀបចំ​កម្មវិធី​នេះ​ក៏​ជា​ការងារ​សកម្ម​មួយ​ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​រៀបចំ តាក់តែង​នូវ​កិច្ចព្រមព្រៀង​រវាង ន​.​ម​.​ក​. និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នឹង​ផ្ដល់​ជា​ប្រយោជន៍​ដល់​វិនិយោគិន​ក្នុង​វិស័យ​មូលបត្រ។

លោកស្រី ម៉ារ អមរា ប្រធាន​នាយក​ប្រតិបត្តិ​ស្ដីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ដោយ​ការ​វិនិយោគ​វិស័យ​មូល​ប​ត្រ​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ដើម្បី​បង្កើន​ទំនុក​ចិត្ត និង​បង្ក​ភាព​ងាយស្រួល​ដល់​វិនិយោគិន ក្នុង​ការ​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន ដូច្នេះ ធនាគារ អេស៊ីលីដា និង ន​.​ម​.​ក​. ឯកភាព​គ្នា​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​ការ​បង់​ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន តាម​អន​ឡាញ។

លោកស្រី​បាន​បន្ត​ថា ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​នេះ វិនិយោគិន​ដែល​មាន​បំណង​ចាប់ផ្ដើម​ការ​វិនិយោគ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា អាច​បង់ថ្លៃ​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាមរយៈ ACLEDA Mobile និង​ប្រព័ន្ធ X-Pay និង​ប័ណ្ណ​អន្តរជាតិ​មាន​ដូចជា VISA, Master Card, Diners, JCB, និង UPI Card។ លើស​ពី​នេះ​ទៅ​ទៀត ធនាគារ អេស៊ីលីដា តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើ​អតិថិជន ដោយ​បាន​ធ្វើ​ពិពិធ​កម្ម​ផលិតផល​-​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប ក៏​ដូចជា​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ​កម្ពុជា​ឲ្យ​កាន់តែ​សកម្ម និង​រស់​រវើក។

លោកស្រី​បាន​ប្ដេជ្ញា​ថា «ធនាគារ​នឹង​ផ្ដល់​សេវា​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​ព្យាយាម​កាន់តែ​ខ្លាំង​ជាង​មុន ខណៈ​បច្ចុប្បន្ន​ធនាគារ​មាន​អតិថិជន​ប្រើប្រាស់​អន​ឡាញ​ជាប្រចាំ និង ២៤ ម៉ោង ក្នុង ១ ថ្ងៃ ប្រមាណ ៣ លាន​នាក់។ អីចឹង​ការ​ប្រុងប្រៀប​ប្រព័ន្ធ ក៏ដូចជា​ការពារ​សុវត្ថិភាព​ប្រព័ន្ធ​គឺជា​មធ្យោបាយ​ដ៏​សំខាន់ និង​ចាំបាច់​បំផុត​របស់​ធនាគារ​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​សហការ​ជាមួយ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​កាន់តែ​រឹងមាំ​ថែមទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម