Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានគរុកោសល្យបាត់ដំបង​ ចុះ MoU ជាមួយវិទ្យាល័យចំនួន ៣ ពង្រឹងសមត្ថភាពគ្រូបង្រៀន

បានផុស

នៅ

វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ កម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប និង វិទ្យាល័យនេតយ៉ង់ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និងចែករំលែកវិធីសាស្ត្របង្រៀន សំដៅលើកកម្ពស់ការអប់រំ និងធនធានមនុស្សនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងការលើកកម្ពស់គុណភាព និងឧត្តមានុវត្តន៍វិធីសាស្រ្ដបង្រៀនសតវត្សទី២១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នៅខេត្ត​បាត់ដំបង ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។តាងនាមក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះការសហការរបស់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មរហូតឈានដល់ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នា(MoU)នេះឡើង និងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងពីលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)នេះ គឺដើម្បី (១)សហការគាំទ្រការធ្វើវិក្រឹតការគ្រូបង្រៀនដែលផ្តោតលើការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនសតវត្សទី២១ និងភាពជាគ្រូសកលដែលឆ្លើយតបនឹងបរិវត្តកម្មនៃការអប់រំក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI)។ (២) សហការក្នុងការចែករំលែក និងអនុវត្តឧត្តមានុវត្តន៍វិធីសាស្ត្របង្រៀនសាលារៀនជំនាន់ថ្មី (NGS) និងការជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គូភាគី ការផ្លាស់ប្តូរឯកសារ និងសម្ភារឧបទ្ទេសបង្រៀនផ្សេងៗ ដែលនឹងបម្រើផលប្រយោជន៍ដល់ការអភិវឌ្ឍការអប់រំ របស់គូភាគី ផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រែក្លាយជាគ្រឹះស្ថានអប់រំគំរូ និងការធ្វើសមាហរណកម្មចូលក្នុង តំបន់អាស៊ាន (ASEAN)។


(៣) ជំរុញការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវក្នុងទស្សនាវដ្ដីអប់រំជាតិ-អន្តរជាតិ ផ្តល់ការគាំទ្រ និងចែករំលែកចំណេះដឹង បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងសេវាសហគមន៍ដល់គូភាគី និងជាពិសេស។

(៤) MoU នេះនឹងជំរុញការអប់រំជំនាញស្ទែម (STEM) តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលផ្នែក STEM (STEM Master Trainers) ដោយការរៀបចំសិក្ខាសាលា កម្មវិធីប្រឹក្សាអាជីព ពិព័រណ៍វិទ្យាសាស្ត្រ ពិព័រណ៍ការងារ គាំទ្រសកម្មភាពក្លិបសិក្សា ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្សឆ្លើយតបនឹងតេស្តអន្តរជាតិ PISA និងសមត្ថភាពបង្រៀនរបស់គរុនិស្សិត ឆ្លើយតបនឹងស្តង់វិជ្ជាជីវៈគ្រូបង្រៀនកម្ពុជា ការប្រឹក្សាគរុកោសល្យដល់គ្រូបង្រៀន និងជំរុញសកម្មភាពសហគមន៍សិក្សាវិជ្ជាជីវៈគ្រូ បង្រៀន (PLC) និងអនុវត្តកិច្ចការអាទិភាពផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់គូភាគី ឬតាមរយៈការឯកភាពគ្នារបស់គូភាគី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម