Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយប្រហារខេត្តភាគខាងជើងប្រទេសថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១២​ ខែ កក្កដានេះ ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បានបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងររាលដាលពាសពេញភាគខាងជើងប្រទេសថៃ ដោយខេត្ត Phrae រងការខូចខាតច្រើនជាងគេ។

ទឹកជំនន់ក្នុងខេត្ត Chiang Rai (រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់និងរបួស ទឹកជំនន់បាន​ហូរ​កាត់​ព្រៃ ​លិច​ផ្ទះ និង​ដី​ស្រែ​ចម្ការ​នៅខេត្ត​ជាច្រើន បង្កភាពវឹកវរដល់អ្នក​ស្រុក ខណៈអ្នកស្រុកខ្លះត្រូវជម្លៀសចេញ។

នៅក្នុងខេត្ត Phrae ទឹកជំនន់បានជន់លិចខ្លាំងក្នុងស្រុក Rong Kwang ខណៈដែលខេត្ត Chiang Rai ទឹកបានជន់លិចភូមិចំនួនប្រាំបីនៅ Doi Lan ។ ទឹកជំនន់យ៉ាងគំហុកក៏បានវាយប្រហារទៅលើផ្ទះជាង១២០ ខ្នងនៅក្នុងស្រុក Wiang Sa ខេត្ត Nan ដែលអ្នកស្រុកថាជាគ្រោះមហន្តរាយខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមិនធ្លាប់មាន។ លើសពីនេះឧទ្យានជាតិ Mae Charim ក្នុងខេត្ត Nan ត្រូវបានបិទជាបណ្តោះអាសន្ន ដោយផ្លូវថ្នល់ខូច និងមានបំណាក់ដី។

ក្រុមសង្គ្រោះសម្អាតកម្ទេចកម្ទីចេញពីទឹកជំនន់។ (រូបភាព៖ The Nation)

ខេត្តដែលរងផលប៉ះពាល់ផ្សេងទៀតរួមមានខេត្ត Uttaradit នាំឲ្យមានការជម្លៀសនៅស្រុក Ban Khok និង Fak Tha។ ចំណែកនៅខេត្ត Mae Hong Son ក៏មានខ្យល់បក់ខ្លាំងបាក់ដើមឈើ រលំបង្គោលភ្លើង និងដាច់ចរន្តអគ្គិសនីផងដែរ។

នាយកដ្ឋានឧតុនិយមថៃបានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ នៅក្នុងខេត្តភាគខាងជើង និងភាគឦសានជាច្រើន ដោយបានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈដែលមន្ត្រីនៅតែបន្តប្រតិបត្តិការជួយសង្គ្រោះ ៕

ទឹកជំនន់ក្នុងខេត្ត Phrae (រូបភាព៖ Bangkok Post)
(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម