ព័ត៌មានជាតិ
កម្ពុជានឹងដាក់ឱ្យមានការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យមានការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដែលឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀតសម្រាប់បើកផ្លូវដល់ក្រុមហ៊ុនគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជនអាចធ្វើការកៀរគរទុនពីការបោះផ្សាយនេះយកទៅអភិវឌ្ឍន៍នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្លួន។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានប្រជុំអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី «ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី “ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ»។
សេចក្តីព្រាងប្រកាសនេះ ត្រូវបានបែងចែកជា ៧ ជំពូក និង ២៥ ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ នីតិវិធីនៃការបោះផ្សាយ និងកាតព្វកិច្ចក្រោយការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។
លោកស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.បានអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី “ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី “ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ”។

លោកបានថ្លែងថា៖«បន្ទាប់ពីការអនុម័តយើងនឹងបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មីសម្រាប់កៀរគរនូវហិរញ្ញប្បទានសម្រាប់ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជន ហេដ្ឋារចនាសម្ព័ន្ធដែលធំៗបម្រើអោយសេចក្តីត្រូវការរបស់សាធារណជន និងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណវុឌ្ឍអនុញ្ញាតឱ្យធ្វើការកៀរគរមូលនិធិស្របតាមប្រកាសនេះ ដូចជាផ្លូវទាំងផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក ផ្លូវលំ ស្ពាន ទាំងហេដ្ឋារចនាសម្ព័ន្ធនឹងថាមពលជាដើម»។
«ដូច្នេះវាជាប្រកាសដ៏សំខាន់មួយដែលបើកផ្លូវឱ្យមានការបង្កើនឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការកៀរគរទ្រង់ទ្រាយធំសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតែម្តង។ ហើយអ្វីដែលសំខាន់នៅក្នុងប្រកាសនោះគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធ (Project financing) ក៏អាចយកមកកៀរគរយកមូលនិធិបានដែរ។ ការណ៍នេះមានន័យថាក្រុមហ៊ុនថ្មីស្រឡាងមួយដែលត្រូវបានបង្កើតឡើងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធអាចកៀរគរនូវហិរញ្ញប្បទានតាមរយៈយន្តការបោះផ្សាយសញ្ញាបណ្ណនេះដើម្បីប្រមូលសាច់ប្រាក់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះនេះគឺជារឿងថ្មីដែលទាមទារឱ្យមាននូវសេចក្តីប្រកាសថ្មីនេះ»។ នេះបើយោងតាមលោកស៊ូ សុជាតិ។

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ៣៦ពាន់លានដុល្លារ ដើម្បីអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងរយៈពេលខ្លី និងមធ្យម ឆ្នាំ២០២៣-២០២៧ និងគម្រោងរយៈពេលវែងឆ្នាំ ២០២៨-២០៣៣។

បើតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ សម្រាប់ផែនការមេបានកំណត់គម្រោងអាទិភាពចំនួន១៧៤ រួមទាំងគម្រោងផ្លូវចំនួន ៩៤គម្រោង។ គម្រោងផ្លូវដែកចំនួន ៨ គម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន ២៣ គម្រោង គម្រោងដឹកជញ្ជូនតាមសមុទ្រចំនួន ២០គម្រោង គម្រោងដឹកជញ្ជូនតាមផ្លូវអាកាសចំនួន១០ គម្រោង គម្រោងដឹកជញ្ជូនចំនួន១៥គម្រោង និងគម្រោងបន្ថែមចំនួន៤គម្រោង ។
គម្រោងទាំងនេះត្រូវបានបែងចែកទៅជាគម្រោងរយៈពេលខ្លី និងមធ្យម ២០២៣-២០២៧ (៩០ គម្រោង) និងគម្រោងរយៈពេលវែង ២០២៨-២០៣៣ (៩១ គម្រោង) រួមទាំងគម្រោងចំនួន៧ ដែលនឹងត្រូវអនុវត្តពីរយៈពេលខ្លីទៅរយៈពេលមធ្យម និងរយៈពេលវែង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


